មន្ទីរពេទ្យឯកទេសផ្នែកសម្ភពនិងកុមារខេត្តសុកត្រាំង បានអនុវត្តល្អនូវការងារធ្វើរោគវិនិច្ឆ័យ ព្យាបាលនិងថែទាំអ្នកជំងឺគ្រុនឈាម Dengue ពងដៃជើងមាត់។ មន្ទីរពេទ្យកំពុងតែអំណះអំណាង ជាថ្នាក់ចុងក្រោយបង្អស់របស់ខេត្តក្នុងការទទួលព្យាបាលជំងឺ បង្កបានទំនុកចិត្តក្នុងប្រជាជន។
កម្មាភិបាលមន្ទីរពេទ្យឯកទេសផ្នែកសម្ភពនិងកុមារខេត្តសុកត្រាំងកំពុងថែទាំ
សុខភាពជូនកុមារថាច់សាសាក់សាដា។
យោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺខេត្តសុកត្រាំង ចាប់តាំងពីដើមឆ្នាំមកទល់បច្ចុប្បន្ន ខេត្តបានកត់សម្គាល់ជំងឺគ្រុនឈាមជាង២.២០០ករណី ជំងឺពងដៃ ជើង មាត់ជាង៩០០ករណី។ ដោយឡែកមន្ទីរពេទ្យឯកទេសផ្នែកសម្ភពនិងកុមារខេត្តសុកត្រាំងបានទទួលព្យាបាលជំងឺគ្រុនឈាម១.៥៩៦ករណី ក្នុងនោះ មាន៤៨ករណីជំនួយដង្ហើមដោយម៉ាស៊ីន; ជំងឺពងដៃជើងមាត់៤៧៧ករណី ក្នុងនោះមាន២ករណីលាងឈាម និង៤ករណី ជំនួយដង្ហើមដោយម៉ាស៊ីន។ វេជ្ជបណ្ឌិតឯកទេសកម្រិត២ ជុងតឹងឌិញ នាយកមន្ទីរពេទ្យ ឯកទេសផ្នែកសម្ភពនិងកុមារខេត្តសុកត្រាំង ឱ្យដឹង៖ “ជាមួយនឹងអត្រាជំងឺកើនខ្ពស់ខុសពីធម្មតា មន្ទីរពេទ្យបានត្រៀមបម្រុងថ្នាំចាំបាច់ គ្រប់សព្វ មូលដ្ឋានសម្ភារៈរួមជាមួយនឹងកងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតដែលមានបទពិសោធន៍ច្រើន តែងត្រៀមលក្ខណៈនិងធ្វើការងារអស់ពីលទ្ធភាពក្នុងការថែទាំ ព្យាបាលជូនអ្នកជំងឺ។ ទន្ទឹមនឹងនោះ មន្ទីរពេទ្យនៅទាំងសហការជិតដិតជាមួយនឹងមន្ទីរពេទ្យញ៉ីដុង១ក្រុងហូជីមិញ ឆ្លងតាមរយៈការធ្វើរោគវិនិច្ឆ័យអនឡាញ ខណៈពេលមានករណីជំងឺប្រែប្រួលធ្ងន់ធ្ងរ ដើម្បីរួមគ្នាដាក់ចេញទិសដៅព្យាបាលសមស្រប។ ផ្ដើមពីនោះ ជួយមន្ទីរពេទ្យព្យាបាលជំងឺទាន់ពេលនិងសង្រ្គោះជោគជ័យអ្នកជំងឺគ្រុនឈាមនិងពងដៃជើងមាត់កម្រិតធ្ងន់ ប្រឈមនឹងការបាត់បងជីវិតជាច្រើនករណី ម្ល៉ោះហើយចាប់តាំងពីដើមឆ្នាំមក មិនទាន់មានករណីអ្នកជំងឺស្លាប់នោះទេ”។
មានកុមារកើតជំងឺគ្រុនឈាម ពងដៃជើងមាត់ជាច្រើន កំពុងព្យាបាលនៅផ្នែកប្រពោធកម្មសង្រ្គោះនៃមន្ទីរពេទ្យឯកទេសផ្នែកសម្ភពនិងកុមារខេត្តសុកត្រាំង។
តួយ៉ាងដូចកុមារថាច់សាសាក់សាដា (អាយុ ២១ខែ) នៅឃុំឡាកហ្វា ទីរួមខេត្តវិញចូវ កើតជំងឺពងដៃជើងមាត់កម្រិត៤ អាស្រ័យការសហការជាមួយនឹងមន្ទីរពេទ្យញ៉ីដុង១ ធ្វើរោគវិនិច្ឆ័យតាមប្រព័ន្ធអនឡាញ ម្ល៉ោះហើយក្រោយរយៈពេលព្យាបាល១៤ថ្ងៃ ស្ថានភាពសុខភាពក៏វិវឌ្ឍន៍ល្អ។ បងស្រីលីធីយីវ ម្ដាយរបស់កុមារ ថាច់សាសាក់សាដា ឱ្យដឹង៖ “ដោយសារពុំយល់ដឹងអំពីអាការៈនៃជំងឺពងដៃជើងមាត់ បានជានៅពេលកូនគ្រុនតែងទិញថ្នាំបញ្ចុះក្ដៅឱ្យកូនផឹក។ ពេលឃើញកូនគ្រុនក្ដៅខ្លាំង អស់កម្លាំង ពិបាកដង្ហើម ទើបជូនកូនទៅមន្ទីរពេទ្យ ពេលនោះជំងឺរបស់កូនខ្ញុំប្រែប្រួលធ្ងន់ ត្រូវសង្រ្គោះ ប្រពោធកម្មសកម្ម។ អាស្រ័យការជួយជ្រោមជ្រែងរបស់គ្រូពេទ្យ វេជ្ជបណ្ឌិតក្នុងមន្ទីរពេទ្យឯកទេសផ្នែកសម្ភពនិងកុមារខេត្តថែទាំ ព្យាបាល មកទល់បច្ចុប្បន្នកូនខ្ញុំដឹងខ្លួន បើកភ្នែក។ លើកនេះ វេជ្ជបណ្ឌិតបានណែនាំពីរបៀបបង្ការ ប្រឆាំងជំងឺរាតត្បាត ម្ល៉ោះហើយលុះត្រឡប់ទៅផ្ទះខ្ញុំនឹងថែទាំកូនឱ្យកាន់តែហ្មត់ចត់ លែងធ្វេសប្រហែសដូចមុនទៀត”។
វេជ្ជបណ្ឌិតឯកទេសកម្រិត២ ជុងតឹងឌិញ បានរំលឹក៖ “ដើម្បីបង្ការជំងឺពងដៃជើងមាត់ ឪពុកម្ដាយគប្បីឧស្សាហ៍លាងដៃឱ្យកុមារដោយសាប៊ូជាមួយនឹងទឹកស្អាត ព្រមទាំងសម្អាតរបស់របរប្រើប្រាស់ របស់របរក្មេងលេង តុ តាំង កម្រាលផ្ទះជាដើម។ ប្រសិនបើប្រទះឃើញកុមារមានអាការៈដូចជា៖ គ្រុនឡើងពងទឹក លើបាតដៃ បាតជើង គប្បីប្រញាប់ជូនកូនទៅកាន់មូលដ្ឋានសុខាភិបាលដើម្បីពិនិត្យនិងព្យាបាលជំងឺទាន់ពេល។ ដោយឡែកជំងឺគ្រុនឈាម ច្រើនមានអាការៈដូចជា៖ គ្រុនអស់កម្លាំង ឈឺក្បាល ចេញឈាមតាមស្បែក ចេញឈាមច្រមុះ ចេញឈាមតាមអញ្ចាញធ្មេញ។ល។ ត្រូវបញ្ជូនមកកាន់មូលដ្ឋានសុខាភិបាល មិនគួរទិញថ្នាំផឹកព្យាបាលនៅផ្ទះឡើយ។ ដើម្បីមិនឱ្យកើតជំងឺគ្រុនឈាម គប្បីអនុវត្តនូវវិធានការបង្ការជំងឺដូចជា៖ កម្ចាត់មូល កម្ចាត់ដង្កូវទឹក ឱ្យកុមារដេកក្នុងមុង ពាក់អាវខោវែងទាំងថ្ងៃយប់ កុំឱ្យមូសខាំ; រៀបចំផ្ទះសម្បែងឱ្យស្រឡះស្រឡំកុំឱ្យមូសមានកន្លែងជ្រក។ល។”៕
យ្វីអាញ - ថាច់ធី