រយៈពេលជាង១០ឆ្នាំកកើតនិងអភិវឌ្ឍមហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូនិងមនុស្សសាស្រ្ត (សាកលវិទ្យាល័យត្រាវិញ) គឺជាសាលារៀនដំបូងនិងតែមួយគត់ក្នុងទូទាំងប្រទេស ត្រូវបានរដ្ឋាភិបាលប្រគល់ភារកិច្ចបណ្តុះបណ្តាលជាលក្ខណៈរៀបរយនូវមុខវិជ្ជាដាច់ដោយឡែកអំពីភាសាខ្មែរ គរុកោសល្យភាសាខ្មែរ និងប្រគំឧបករណ៍ភ្លេងប្រពៃណីរបស់ជនរួមជាតិខ្មែរ។
មហាបរិញ្ញា ថាច់សីហា គ្រូបង្រៀនមហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូនិងមនុស្សសាស្រ្ត សាកលវិទ្យាល័យត្រាវិញកំពុងណែនាំដល់និស្សិតសាលា។
និស្សិតត្រឹងហ្វៀងធឺ ឱ្យដឹង៖ “ខ្ញុំជានិស្សិតជំនាន់ឆ្នាំ២០២០ កាលទើបចូលរៀនដំបូងជួបការលំបាកមិនតិចទេ។ ដើម្បីជម្នះ ខ្ញុំបានចូលទៅតាមវត្តខ្មែរនានាលើភូមិសាស្រ្តនិងរៀនភាសាខ្មែរបន្ថែមពីមិត្តភ័ក្តិក្នុងថ្នាក់។ អាស្រ័យហេតុនោះ ការសិក្សារបស់ខ្ញុំពីមួយថ្ងៃទៅមួយថ្ងៃបានល្អប្រសើរឡើង។ ខ្ញុំជ្រើសរើសរៀនមុខវិជ្ជាភាសាខ្មែរ ពីព្រោះតំបន់ខ្ញុំនៅមានជនរួមជាតិខ្មែររស់នៅកុះករនៃខេត្តប៊ិញភឿក ម្ល៉ោះហើយខ្ញុំចង់ដឹងពីប្រវត្តិភាសាខ្មែរនិងវប្បធម៌របស់ជនរួមជាតិខ្មែរ។ ទន្ទឹមនឹងនោះ ក្រោយពីបញ្ចប់ការសិក្សា ខ្ញុំនឹងស្វែងរកការងារធ្វើនៅភូមិភាគ”។
និស្សិតឡឹមធីគីមអាញ ក៏រៀនមុខវិជ្ជាភាសាខ្មែរដែរ ផ្ទះនៅស្រុកថ្កូវ ខេត្តត្រាវិញ ឱ្យដឹង៖ “ប្អូនរៀនជំនាន់ឆ្នាំ២០២០ ក្នុងរយៈពេលរៀនសូត្រ ប្អូនពេញចិត្តបំផុតគឺវិញ្ញាសាទំនៀមទម្លាប់និងពិធីបុណ្យខ្មែរណាមបូ ដ្បិតអីរៀនវិញ្ញាសានេះប្អូនយល់ច្បាស់លាស់ពីពិធីបុណ្យផ្សេងៗរបស់ជនជាតិ”។
បណ្ឌិតង៉ោសុភា នាយកមហាវិទ្យាល័យសាលាភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូនិងមនុស្សសាស្រ្ត ឱ្យដឹង៖ “ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នករៀន សាលាបានបើកទូលាយបណ្តុះបណ្តាលពហុមុខវិជ្ជាដោយរូបភាពជាច្រើន និងកម្រិតបណ្តុះបណ្តាលចាប់ពីអនុមហាវិទ្យាល័យ មហាវិទ្យាល័យ មហាបរិញ្ញានិងថ្នាក់បណ្ឌិត។ ពិសេសសាលាបានរៀបចំជម្រើសសិស្សបណ្តុះបណ្តាលមុខវិជ្ជាកម្រិតមហាវិទ្យាល័យចំនួន១៣មុខវិជ្ជា កម្រិតមហាបរិញ្ញាចំនួន៥ មុខវិជ្ជាកម្រិតបណ្ឌិតចំនួន៣ និងមុខវិជ្ជាកម្រិតអនុមហាវិទ្យាល័យអប់រំមត្តេយ្យចំនួន១។ បច្ចុប្បន្ន មានសិស្ស និស្សិតនិងកម្មសិក្សាថ្នាក់បណ្ឌិតជិត២.៥០០នាក់កំពុងរៀនសូត្រនៅសាលា។ ដើម្បីជំរុញទឹកចិត្តនិស្សិតដែលរៀននូវមុខវិជ្ជាដាច់ដោយឡែក សាលាបានអនុវត្តនូវគោលនយោបាយឆ្ពោះទៅអ្នករៀន ដូច៖ លើកលែងបង់ថៃ្លសិក្សា១០០% សម្រាប់និស្សិតដែលរៀនមុខវិជ្ជាគរុកោសល្យ (យោងតាមអនុក្រឹត្យលេខ១១៦របស់រដ្ឋាភិបាល) និងមុខវិជ្ជាប្រគំឧបករណ៍ភ្លេងប្រពៃណី។ ក្រៅពីនេះ និស្សិតម្នាក់ៗថែមទាំងទទួលបានប្រាក់ឧបត្ថម្ភក្នុងមួយខែ៤៥០.០០០ដុង/ម្នាក់ទៀតផង។ ដោយឡែកចំពោះនិស្សិតណាដែលរៀនមុខវិជ្ជាវប្បធម៌វិទ្យា និងបទភ្លេងវិទ្យានឹងត្រូវបានសាលាកាត់បន្ថយប្រាក់ថ្លៃសិក្សា ៣០% ផងដែរ”។
រៀងរាល់ឆ្នាំ សាលាបានរៀបចំទិវាការងារធ្វើ ទាក់ទាញនិស្សិតនិងនិយោជកនៃអាជីវកម្មច្រើនកុះករ។ ពិសេស សាលាថែមទាំងបង្កើតមជ្ឈមណ្ឌលសេវាការងារធ្វើ បច្ចុប្បន្ន មជ្ឈមណ្ឌលបានចុះកិច្ចសហប្រតិបត្តិការជាមួយនឹងអាជីវកម្មជិត២០០ សម្រាប់បម្រើដល់កម្មវិធីហាត់ការផ្សារភ្ជាប់ការងារធ្វើសម្រាប់ផ្គត់ផ្គង់ពលករ។ សាលានៅទាំងស្វែងរកឱកាសសហប្រតិបត្តិការជាមួយដៃគូនៅក្នុងនិងក្រៅប្រទេសដើម្បីនិស្សិតមានឱកាសរកបានការងារធ្វើក្រោយពីបញ្ចប់ការសិក្សា៕
សើុងម៉ាល័យ-លីសៀ