អនុមហាវិទ្យាល័យវិជ្ជាជីវៈខេត្តសុកត្រាំង បានរវាសរវៃក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងចុះកិច្ចសន្យាសហការជាមួយនឹងក្រុមហ៊ុនទាំងឡាយដើម្បីប្រើប្រាស់កម្លាំងពលកម្ម និងបញ្ជូនពលករទៅពលកម្មនៅក្រៅប្រទេស។
ពិធីជូនដំណើរនិស្សិតអនុមហាវិទ្យាល័យវិជ្ជាជីវៈសុកត្រាំង៣៥នាក់
ទៅរៀនសូត្រនិងធ្វើការនៅប្រទេសជប៉ុន។
អនុមហាវិទ្យាល័យវិជ្ជាជីវៈខេត្តសុកត្រាំង កំពុងបណ្ដុះបណ្ដាលមុខរបរចំនួន១៣ ក្នុងនោះ មានមុខរបរកម្រិតអាស៊ានចំនួន២ និងមុខរបរកម្រិតជាតិចំនួន៣ រួមមាន៖ បច្ចេកទេសជួសជុល ដំឡើងកុំព្យូទ័រ; គ្រប់គ្រងប្រព័ន្ធ កុំព្យូទ័រ; បច្ចេកទេសសំណង់; បច្ចេកវិទ្យាយានយន្ត; បច្ចេកទេសម៉ាស៊ីនត្រជាក់និងសម្រួលសីតុណ្ហភាព; ឧស្សាហកម្មអេឡិចត្រូនិក; អគ្គិសនីឧស្សាហកម្ម ច្នៃម្ហូបអាហារ។ល។ លោក គ្រូត្រឹងខាញ់ នាយករងអនុមហាវិទ្យាល័យវិជ្ជាជីវៈសុកត្រាំង ឱ្យដឹង៖ “រហូតមកទល់ពេលនេះ អនុមហាវិទ្យាល័យវិជ្ជាជីវៈសុកត្រាំង បានចុះកិច្ចសន្យាជាមួយនឹងអាជីវកម្មសម្ព័ន្ធក្រុមហ៊ុននានា ដែលសហការក្នុងការបណ្ដុះបណ្ដាលនិងផ្គត់ផ្គង់ប្រភពធនធានមនុស្ស ដោយមានមុខរបរបណ្ដុះបណ្ដាលចំនួន១៣។ អាជីវកម្មក្រុមហ៊ុនទាំងឡាយដែលជំនួយនិស្សិតធ្វើកម្មសិក្សានិងទទួលយកបន្ទាប់ពីបញ្ចប់ការសិក្សា បានជួយឱ្យនិស្សិតស្ងប់អារម្មណ៍ក្នុងរយៈពេលរៀនសូត្រ។ ក្នុងកំឡុងពេល៦ខែ ចាប់ពីថ្ងៃបញ្ចប់ការសិក្សា សិក្ខាកាមរបស់សាលាមានការងារធ្វើ១០០%”។
ដើមឆ្នាំ២០២៣ អនុមហាវិទ្យាល័យវិជ្ជាជីវៈ សុកត្រាំង បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Esuhai ក្នុងការបណ្ដុះបណ្ដាល និងបញ្ជូនពលករទៅពលកម្មក្រៅប្រទេស។ ថ្មីៗនេះ ក្រុមហ៊ុន Esuhai បានទទួលយកនិស្សិតរបស់សាលា៣៥នាក់ ទៅរៀនសូត្រនិងធ្វើការនៅប្រទេសជប៉ុន លើមុខរបរដែលបានបណ្ដុះបណ្ដាល ដូច៖ បច្ចេកវិទ្យាយានយន្ត; ឧស្សាហកម្មអេឡិចត្រូនិក; ថែទាំសុខភាពនិងច្នៃម្ហូបអាហារ។ ប្អូនលីថាញពុង រៀបរាប់៖ “ប្អូនជានិស្សិតឆ្នាំចុងក្រោយផ្នែកបច្ចេកវិទ្យាយានយន្តនៃអនុមហាវិទ្យាល័យវិជ្ជាជីវៈសុកត្រាំង ដូច្នេះ នៅពេលជាប់ជម្រើសបានទៅរៀនសូត្រនិងធ្វើការនៅប្រទេសជប៉ុន ប្អូនសប្បាយចិត្តខ្លាំងណាស់។ មុនពេលចេញទៅប្រទេសជប៉ុន ប្អូនបានបណ្ដុះបណ្ដាលភាសាជប៉ុន៥ខែ បំណិនប្រស្រ័យទាក់ទង របៀបរបបធ្វើការ។ នេះគឺជាឱកាស ជួយឱ្យប្អូនមានការងារធ្វើ រកបានប្រាក់ចំណូលលំនឹងផង និងបានរៀនសូត្រនូវបទពិសោធន៍របស់ក្រុមហ៊ុនប្រទេសក្រៅផង”។ ចំណែកប្អូនត្រឹងធីគីមឡាយ នៅទីប្រជុំជនលឹតហោយទឿង ស្រុកត្រឹងដេ ឱ្យដឹង៖ “មុនពេលក្រុមហ៊ុនជ្រើសរើស ប្អូនបានរៀនភាសាជប៉ុន និងបណ្ដុះបណ្ដាលត្រឹមត្រូវអំពីការថែទាំសុខភាព។ ហេតុនេះ ក្នុងរយៈពេល៣ឆ្នាំ រៀនសូត្រនិងធ្វើការនៅប្រទេសជប៉ុន ប្អូនគោរពតាមច្បាប់ លក្ខន្តិកៈការងារដែលបានចុះកិច្ចសន្យា និងខិតខំប្រឹងប្រែងធ្វើការ ដើម្បីរកបានប្រាក់ចំណូល ជួយផ្គត់ផ្គង់ដល់ជីវភាពគ្រួសារ”។
តាមប្រសាសន៍លោកវ៉ថាញក្វាង នាយកមន្ទីរការងារ យុទ្ធពិការនិងសង្គមកិច្ចខេត្តសុកត្រាំង សព្វថ្ងៃ ខេត្តមានគោលនយោបាយជំនួយដល់កម្មករនិយោជិតបុលទុនពីធនាគារគោលនយោបាយសង្គមកម្រិត២០០លានដុង ម្នាក់។ ខេត្តកំពុងស្វែងរកនិងចុះកិច្ចសន្យា ជាមួយនឹងអាជីវកម្មក្រុមហ៊ុន ដើម្បីបណ្ដុះបណ្ដាល និងបញ្ជូនពលករមានមុខជំនាញទៅពលកម្មនៅក្រៅប្រទេស ដូច៖ ប្រទេសកូរ៉េខាងត្បូង តៃវ៉ាន់ (ប្រទេសចិន) ប្រទេសសិង្ហបុរី និងប្រទេសជាច្រើនទៀតនៅអឺរ៉ុប។ ទៅពលកម្មនៅក្រៅប្រទេស ជាឱកាសជួយដល់ពលកររកបានប្រាក់ចំណូលលំនឹងជីវភាព រួមចំណែកកាត់បន្ថយភាពក្រីក្រដោយចីរភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខេត្ត៕
យ៉ីអាញ-បកប្រែ៖ ពេជ្រសឿន