មូលដ្ឋានសម្ភារៈត្រូវបានវិនិយោគសមរម្យ កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតមានមុខជំនាញរឹងមាំ ម្ល៉ោះហើយ ដំណាក់សុខាភិបាលឃុំលីវទូ ស្រុកត្រឹងដេ ខេត្តសុកត្រាំង បានអនុវត្តល្អនូវការងារថែទាំ សុខភាពបឋមជូនប្រជាជន។
អ្នកម្តាយយកកូនមកដំណាក់សុខាភិបាលផឹកវីតាមីន A។
ខណៈកំពុងរង់ចាំយកថ្នាំ អ្នកមីងថាច់ធីសីវ បាននិយាយ៖ “ខ្ញុំក្តៅខ្លួន ក្អក និងឈឺបំពង់ក ខ្ញុំខ្លាចកើតជំងឺគ្រុនឈាម ដូច្នេះ ពេលមកដំណាក់សុខាភិបាល បានគ្រូពេទ្យ ពិនិត្យរួចបញ្ជាក់ថា កើតជំងឺផ្តាសាយធម្មតា ហើយបានឲ្យថ្នាំលេប៥ថ្ងៃ។ គ្រូពេទ្យនៅទីនេះពិនិត្យជំងឺ និងពិគ្រោះពីរបៀបថែទាំសុខភាពអស់ពីចិត្តពីថ្លើម ព្រមទាំងណែនាំពីរបៀបបង្ការជំងឺគ្រុនឈាម ដើម្បីមាមីងការពារសុខភាពគ្រួសារនិងសហគមន៍”។ ចំណែកអ្នកមីង យ័ញធីសឿន បាននិយាយ៖ “ខ្ញុំលេបថ្នាំសម្ពាធឈាមខ្ពស់រៀងរាល់ថ្ងៃ ថ្ងៃនេះទៅជម្រះស្មៅ ចម្ការ ពេលមកផ្ទះមានអារម្មណ៍ថា ហត់ ឈឺក្បាល និងវិលមុខ ទើបហៅកូនឌុបមកដំណាក់សុខាភិបាលពិនិត្យ។ គ្រូពេទ្យបានប្រាប់ថាសម្ពាធឈាមឡើងខ្ពស់ មិនឱ្យធ្វើការងារធ្ងន់ ហូបចុកគ្រប់ជីវជាតិ និងសម្រាកឱ្យបានច្រើន ព្រោះអាយុច្រើន ពេលសម្ពាធឈាមឡើងខ្ពស់ អាចមានគ្រោះថ្នាក់ដល់អាយុជីវិត។ ស្តាប់តាមគ្រូពេទ្យ ខ្ញុំលេបថ្នាំតាមពេលកំណត់ ហើយមិនហ៊ានធ្វើការងារអ្វីធ្ងន់ទេ”។
ដំណាក់សុខាភិបាលលីវទូ បានដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០២១ ដោយមានបន្ទប់មុខងារចំនួន១៩ មានកម្មាភិបាលគ្រូពេទ្យ វេជ្ជបណ្ឌិត ចំនួន៨នាក់ ទទួលបន្ទុកពិនិត្យ ព្យាបាលជំងឺ និងអនុវត្តការងារសុខាភិបាលបម្រុង។ វេជ្ជបណ្ឌិត ហឿថាញ់ចឿង អនុប្រធានដំណាក់សុខាភិបាលលីវទូ មានប្រសាសន៍៖ “ជារៀងរាល់ខែ ដំណាក់សុខាភិបាលមានផែនការប្រគល់ភារកិច្ចជាក់ស្ដែងដល់បុគ្គលិកម្នាក់ៗដើម្បីធានាការងារពិនិត្យ ព្យាបាលជំងឺចាក់ថ្នាំបង្ការ និងចុះមូលដ្ឋានតាមដានសម្បុករោគ។ រៀងរាល់សប្ដាហ៍រៀបចំកិច្ចប្រជុំដកស្រង់មុខជំនាញ ដើម្បីដោះស្រាយការលំបាក និងបញ្ហាជំពាក់ជំពិននានា លើកកម្ពស់គុណភាពថែទាំសុខភាពបឋមជូនប្រជាជន។ ជាមធ្យមដំណាក់សុខាភិបាលបានពិនិត្យ ព្យាបាល និងផ្តល់ថ្នាំពេទ្យជូនមាមីងជាង៣០០លើកនាក់ក្នុងមួយខែ បំផុតគឺជំងឺ៖ គ្រុនផ្តាសាយ រលាកផ្លូវដង្ហើម លើសឈាម ឈឺសន្លាក់ឆ្អឹង…”។
ដំណាក់សុខាភិបាលក៏បានអនុវត្តល្អនូវកម្មវិធីទិសដៅជាតិអំពីសុខាភិបាល ដែលក្នុងនោះ គឺកុមារ១០០%ក្នុងកម្រិតអាយុត្រូវបានចាក់វ៉ាក់សាំងបង្ការជំងឺ បានផឹកវីតាមីន A។ ស្ត្រីមាន ផ្ទៃពោះត្រូវបានពិនិត្យភគ៌តាមពេលកំណត់និងបានចាក់ថ្នាំបង្ការគ្រប់ដូស។ ជាពិសេស កម្មាភិបាលសុខាភិបាលឃុំ បានសហការជាមួយសហការីតាមភូមិនានា ធ្វើការផ្សព្វផ្សាយ និងចលនាប្រជាជនឱ្យហូបឆ្អិន ផឹកឆ្អិន ដេកដាក់មុង សម្អាតផ្ទះសម្បែងបិទគម្របពាងតម្កល់ទឹកជាដើម ដើម្បីបង្ការជំងឺគ្រុនឈាម។ អាស្រ័យហេតុនោះ ចាប់ពីដើមឆ្នាំមកនៅលើភូមិសាស្រ្តឃុំគ្រាន់តែមានជំងឺគ្រុនឈាមត្រឹម៤ករណី និងជំងឺពងដៃ ជើង មាត់១ករណីប៉ុណ្ណោះ ហើយសម្បុករោគតែងស្ថិតក្រោមការគ្រប់គ្រងជានិច្ច។ វេជ្ជបណ្ឌិត ហឿថាញ់ចឿង មានប្រសាសន៍បន្ថែម៖ “ដំណាក់សុខាភិបាលឃុំភាគ ច្រើនធ្វើការពិនិត្យជំងឺធម្មតា ចំពោះករណីជំងឺធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យថ្នាក់លើ។ បច្ចុប្បន្ន ឧបករណ៍សម្រាប់ពិនិត្យជំងឺមួយចំនួនកំពុងចុះខ្សោយ ដូច្នេះដំណាក់កំពុងស្នើទៅមជ្ឈមណ្ឌលសុខាភិបាលស្រុក ដើម្បីផ្គត់ផ្គង់ម៉ាស៊ីនឆ្លះអេកូម៉ាស៊ីនវាស់ចង្វាក់បេះដូង ម៉ាស៊ីនធ្វើតេស្ត ដើម្បីដំណាក់សុខាភិបាលបម្រើការងារពិនិត្យ ព្យាបាលជំងឺជូនប្រជាជន កាន់តែល្អប្រសើរជាងទៀត៕
យ្វីអាញ-បកប្រែ៖ សុផន