ដោយបានវិនិយោគមូលដ្ឋានសម្ភារៈនិងបំពាក់គឿងឧបករណ៍ពេទ្យសព្វគ្រប់ រួមជាមួយនឹងការរៀបចំកងជួរកម្មាភិបាលពេទ្យបានល្អ ទើបដំណាក់សុខាភិបាលឃុំហ្វៀងហោយ ស្រុកកាងឡុង ខេត្តត្រាវិញ ក្លាយជាកន្លែងគួរជាទីទុកចិត្តរបស់ប្រជាជន។
វេជ្ជបណ្ឌិតដំណាក់សុខាភិបាលឃុំហ្វៀងហោយ កំពុងថែទាំសុខភាពជូនប្រជាជន។
បច្ចុប្បន្ន ដំណាក់សុខាភិបាលឃុំហ្វៀងហោយ មានកម្មាភិបាលពេទ្យ៨នាក់ ក្នុងនោះ មានវេជ្ជបណ្ឌិតឯកទេសកម្រិត I ម្នាក់ វេជ្ជបណ្ឌិតពហុព្យាបាលម្នាក់ គ្រូពេទ្យ៣នាក់ ឱសថការីម្នាក់ និងគិលានុបដ្ឋាក ២នាក់។ មានសហការីសុខាភិបាលនៅគ្រប់៩ភូមិ ដំណើរការដោយរលូន មានការបែងចែកភារកិច្ចច្បាស់លាស់ ដូច្នេះ ទើបធានាការថែទាំសុខភាពប្រជាជនបានល្អ។
តាំងពីដើមឆ្នាំ២០២៣មក ដំណាក់សុខាភិបាលឃុំង្វៀងហោយ បានពិនិត្យនិងព្យាបាលជំងឺជូនប្រជាជន១.៩៣៦លើកនាក់ (សម្រេច៥០,៩៥%) ចាក់ម្ជុលវិទ្យាសាស្ត្រ១.០៣៨លើកនាក់ (សម្រេច៥៤,៦៣%) ចាក់វ៉ាក់សាំងបង្ការ គ្រប់ដូសដល់កុមារអាយុក្រោម១ឆ្នាំ បាន៩៩/ ២២២នាក់ (សម្រេច៤៤,៦%)។ ទន្ទឹមនឹងការពិនិត្យ ព្យាបាលជំងឺ គឺកម្មវិធីទិសដៅជាតិ ស្តីពីសុខាភិបាល ក៏បានដំណាក់សុខាភិបាល ផ្សព្វផ្សាយអនុវត្តប្រកបដោយប្រសិទ្ធភាព។ ក្នុងការចាក់វ៉ាក់សាំងបង្ការ ដំណាក់សុខាភិបាលបានធ្វើការពិនិត្យសម្រាំង និងរក្សាទុកឱសថត្រឹមត្រូវតាមសេចក្តីកំណត់; តាមដាននិងពិនិត្យមើលការប្រតិកម្មបន្ទាប់ពីចាក់វ៉ាក់សាំងបង្ការ ចំនួនកុមារស្ថិតក្នុងកម្រិតអាយុចាក់វ៉ាក់សាំងបង្ការបើកទូលាយ ទទួលបានការចាក់វ៉ាក់សាំងបង្ការគ្រប់សព្វ។ កម្មវិធីបង្ការជំងឺគ្រុនចាញ់ បង្ការជំងឺរបេង និងបង្ការទប់ស្កាត់ជំងឺ HIV/AIDS ត្រូវបានអនុវត្តល្អ។ ចំពោះការងារថែទាំសុខភាពបន្តពូជ កម្មាភិបាលពេទ្យរបស់ដំណាក់បានអនុវត្តត្រូវតាមបែបបទ ស្ត្រីមានផ្ទៃពោះបានបង្កើតបញ្ជីតាមដានសុខភាពដាស់តឿនក្រើនរំលឹក ដើម្បីពិនិត្យគភ៌តាមការកំណត់ មិនទុកឱ្យកើតមានវិបត្តិផ្នែកសម្ភព ពិគ្រោះលេបថ្នាំជាតិដែក ជាតិប៉ូតាស្យូមឱ្យបានគ្រប់គ្រាន់ និងរបបអាហារូបត្ថម្ភសមស្រប ដើម្បីទារកកើតមកមានសុខភាពល្អ។
បងស្រីហ្វិញថាញង៉ា នៅភូមិកូវសី ជាអ្នកមកពិនិត្យជំងឺជារឿយៗ បានឱ្យដឹង៖ “កងជួរកម្មាភិបាលពេទ្យរបស់ដំណាក់សុខាភិបាល មានភាពស្និទ្ធស្នាល និងអស់ពីចិត្តចំពោះអ្នកជំងឺ ដូច្នេះ ប្រជាជនពេញចិត្តណាស់។ ប្រសិនបើមានអ្នកជំងឺឈឺធ្ងន់ ត្រូវការបញ្ជូនទៅមន្ទីរពេទ្យថ្នាក់លើ គឺវេជ្ជបណ្ឌិតនៅទីនេះ បានជួយអស់ពីចិត្ត និងណែនាំធ្វើសំណុំបែបបទយ៉ាងហ្មត់ចត់”។
វេជ្ជបណ្ឌិតពហុព្យាបាល ថាច់ហ្វាងអាញ់ មានប្រសាសន៍៖ “ក្នុងការពិនិត្យព្យាបាលជំងឺជូនប្រជាជន យើងខ្ញុំបានគួបផ្សំឃោសនាផ្សព្វផ្សាយអំពីវិធីបង្ការជំងឺពងដៃ-ជើង-មាត់លើកុមារ និងណែនាំប្រជាជនត្រូវចេះអនាម័យបរិស្ថានរួមឱ្យបានស្អាតបាត ហូបឆ្អិន ផឹកឆ្អិន... នៅពេលយល់ដឹងពីភ្នាក់ងារបង្កជំងឺ ប្រជាជនបានម្ចាស់ការបង្ការជំងឺដល់គ្រួសារ និងសហគមន៍”៕
សើុងម៉ាល័យ-ត្រឹងរ៉ូន