បច្ចុប្បន្ន ស្ថានភាពជំងឺគ្រុនឈាមនៅខេត្តសុកត្រាំង មានការប្រែប្រួលយ៉ាងស្មុគស្មាញ ភូមិភាគនានាកំពុងពន្លឿនការងារត្រួតពិនិត្យ កម្ចាត់សម្បុករោគ ដើម្បីជៀសវាងការឆ្លងរាលដាលពាសពេញ។
កម្មាភិបាលសុខាភិបាលស្រុកមីស្វៀង តាមដានពិនិត្យដង្កូវទឹកនៅតាមផ្ទះប្រជាជន។
យោងតាមមន្ទីរសុខាភិបាលខេត្តសុកត្រាំង មកទល់ពេលនេះ ទូទាំងខេត្តបានកត់សម្គាល់ជាង ១.៥០០ ករណី កើតជំងឺគ្រុនឈាម ដោយប្រទះឃើញសម្បុក ៤៩០ កន្លែង នៅគ្រប់ស្រុក ទីរួមខេត្ត ក្រុង។ ក្នុងនោះ ស្រុកមីស្វៀងនិងស្រុកចូវថាញ់ មានចំនួនករណីកើតជំងឺខ្ពស់បំផុត។ បច្ចុប្បន្ន មជ្ឈមណ្ឌលគ្រប់គ្រងជំងឺខេត្ត បានសហការជាមួយ នឹងមជ្ឈមណ្ឌលសុខាភិបាលស្រុក ទីរួមខេត្ត ក្រុង រៀបចំសកម្មភាពតាមដាន ត្រួតពិនិត្យនិងកម្ចាត់សម្បុករោគ។ លោកយ៉ីបក្វាងថាវ ប្រធានដំណាក់សុខាភិបាលឃុំថាញ់ភូ ស្រុកមីស្វៀង ឱ្យដឹង៖ “ក្នុងមួយថ្ងៃឃុំកើតជំងឺជិត ១០ ករណី ដូច្នេះត្រូវបាញ់ថ្នាំគីមីសម្លាប់មូសនៅកន្លែងមានសម្បុករោគក្នុងបរិវេណជុំវិញ ២០០ ម៉ែត្រ។ ទន្ទឹមនឹងនោះ កម្មាភិបាលសុខាភិបាល រួមជាមួយសហការីសុខាភិបាលចុះទៅផ្សព្វផ្សាយ ចលនាប្រជាជនអនុវត្តរាល់វិធានការបង្ការទប់ស្កាត់ជំងឺរាតត្បាត និងតាមដាន ត្រួតពិនិត្យដង្កូវទឹកនៅភូមិសាស្ត្រ ដែលមានករណីកើតជំងឺគ្រុនឈាមកើនឡើង។ មកទល់ពេលនេះ នៅកន្លែងកើតមានសម្បុករោគនៃជំងឺគ្រុនឈាមត្រូវបានបង្ក្រាប ប្រជាជនក៏មានស្មារតីខ្ពស់ក្នុងការបង្ការទប់ស្កាត់ជំងឺគ្រុនឈាម”។
បងថាច់ហង នៅភូមិព្រែកឆ្វេង ឃុំថាញ់ភូ ឱ្យដឹង៖ “គ្រួសារខ្ញុំមានសមាជិក ៤ នាក់ ក្នុងនោះ មាន ៣ នាក់កើតជំងឺគ្រុនឈាម កូន ២ នាក់មិនទាន់ចេញពីបន្ទប់សង្គ្រោះបន្ទាន់ផង ដល់ប្រពន្ធចូលពេទ្យជាបន្ត។ ម្នាក់ឯងខ្ញុំមើលថែដល់ទៅ ៣ នាក់លំបាកណាស់ ដូច្នេះខ្ញុំខ្លាចជំងឺនេះខ្លាំងណាស់។ ពេលមកផ្ទះខ្ញុំនឹងសម្អាត ផ្ទះសម្បែងក្នុងក្រៅស្អាតបាត ស្រឡះស្រឡំ ប្រលែងត្រី ៧ ពណ៌ក្នុងពាងទឹកដើម្បីកម្ចាត់ដង្កូវទឹក ប្រើប្រាស់ថ្នាំមូស…”។
ស្រុកចូវថាញ់ កើតមានជំងឺគ្រុនឈាមជាង ១៨០ ករណី ដោយប្រទះឃើញសម្បុករោគ ៧៣ កន្លែង ម៉្លោះហើយ បានបញ្ជូនកម្មាភិបាលសុខាភិបាលចូលរួមវគ្គហ្វឹកហាត់អំពីវិធីត្រួតពិនិត្យករណីកើតជំងឺ កម្ចាត់សម្បុករោគ ឡើងផែនការព្យាបាល ដើម្បីបង្កើនចំណេះដឹង; បង្កើតកងបង្ការ ប្រឆាំងជំងឺរាតត្បាត ដើម្បីកម្ចាត់ជំងឺគ្រុនឈាមនិងសម្បុករោគក្នុងបរិវេណជុំវិញ ២០០ ម៉ែត្រ។ វេជ្ជបណ្ឌិត ឯកទេសកម្រិត II យឿងជីទៀង នាយករងមជ្ឈមណ្ឌល សុខាភិបាលស្រុកចូវថាញ់ ឱ្យដឹង៖ “ឆ្នាំនេះ ចំនួនករណីកើតជំងឺគ្រុនឈាមកើនឡើង ដូច្នេះ ក្រៅពីការពិនិត្យជំងឺ កម្មាភិបាលសុខាភិបាល នៅទាំងពិគ្រោះណែនាំឱ្យប្រជាជនអនុវត្តរាល់វិធានការបង្ការ ទប់ស្កាត់ជំងឺគ្រុនឈាម របៀបថែទាំអ្នកជំងឺគ្រុនឈាម។ ព្រមទាំងធ្វើការតាមដាន ត្រួតពិនិត្យកម្ចាត់សម្បុករោគនៅតាមឃុំ ទីប្រជុំជន ដែលបានកត់សម្គាល់មានសម្បុករោគ; តាមដានពិនិត្យដង្កូវទឹក ដើម្បីគ្រប់គ្រងជំងឺលើភូមិសាស្ត្រដែលមានករណីកើតមានជំងឺគ្រុនឈាមកើនឡើង; រៀបចំបើកយុទ្ធនាការកម្ចាត់ដង្កូវទឹក; បាញ់ថ្នាំគីមីសម្លាប់មូស នៅកន្លែងមានដង់ស៊ីតេសត្វមូសខ្ពស់ ដើម្បីទប់ស្កាត់ហានិភ័យជំងឺផ្ទុះរាលដាល”។
វេជ្ជបណ្ឌិត ឯកទេសកម្រិត II យឿងជីទៀង ផ្តល់អនុសាសន៍៖ “អាការៈប្រែប្រួលនៃជំងឺគ្រុនឈាមគួរឱ្យបារម្ភ គឺបន្ថយគ្រាប់ឈាម បង្កឱ្យកើតមានស្ថានភាពបង្កកឈាម ចេញឈាមនៅច្រើនកន្លែង ចេញឈាមខួរក្បាល ចេញឈាមផ្លូវរំលាយអាហារ។ ហេតុនេះ ប្រជាជនត្រូវខ្នះខ្នែងអនុវត្តរាល់វិធានការបង្ការ ទប់ស្កាត់ជំងឺរាត្បាត ដូច៖ ដេកដាក់មុងដើម្បីជៀសវាងមូសខាំ លាងសម្អាតជាប្រចាំនូវឧបករណ៍តម្កល់ទឹក ព្រមទាំងបិទគម្របឱ្យបានត្រឹមត្រូវ កាប់ឆ្ការស្មៅព្រៅស៊ុមទ្រុម ជុំវិញផ្ទះមិនទុកឱ្យមានថ្លុកដក់ទឹក ដើម្បីមូសគ្មានកន្លែងជ្រក កើត កើន។ ពេលមានសមាជិកក្នុងគ្រួសារគ្រុនក្តៅខ្លាំង សង្ស័យកើតជំងឺគ្រុនឈាម គប្បីបញ្ជូនទៅមូលដ្ឋានសុខាភិបាល ដើម្បីទទួលបានការពិនិត្យ ព្យាបាលជំងឺទាន់ពេល”៕
យ្វីអាញ់-មុនី