ខេត្តសុកត្រាំង អនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយពិសេសដោយឡែកឧបត្ថម្ភដល់គ្រូបង្រៀនភាសានិងអក្សរសាស្រ្តខ្មែរក្នុងរដូវវិស្សមកាល រួមចំណែកយ៉ាងសកម្មក្នុងការអភិរក្សភាសានិងអក្សរសាស្រ្តរបស់ជនរួមជាតិខ្មែរ។
ខេត្តសុកត្រាំង ឧបត្ថម្ភបានទាន់ពេលដល់វត្តខ្មែរនានាដែលបើកថ្នាក់បង្រៀនអក្សរខ្មែរ។
ដើម្បីឧបត្ថម្ភបានទាន់ពេលដល់គ្រូបង្រៀនភាសានិងអក្សរខ្មែរដល់សិស្សជាជនជាតិខ្មែរ មន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តសុកត្រាំង បានសហការជាមួយនឹងគណៈជនជាតិ អនុវត្តសេចក្តីសម្រេចចិត្តលេខ ១៧/២០១៩/NQ-HĐND ចុះថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០១៩ របស់ក្រុមប្រឹក្សាប្រជាជនខេត្ត ដែលកំណត់ពីគោលនយោបាយពិសេសដោយឡែកឧបត្ថម្ភដល់គ្រូបង្រៀនភាសានិងអក្សរខ្មែរក្នុងរដូវវិស្សមកាល។ កន្លង ៣ ឆ្នាំអនុវត្ត ខេត្តបានឧបត្ថម្ភទឹកប្រាក់ជាង ១,៩ ពាន់លានដុង សម្រាប់គ្រូបង្រៀនភាសានិងអក្សរខ្មែរក្រៅប្រព័ន្ធសាលារដ្ឋការ ដែលបើកថ្នាក់បង្រៀនក្នុងរដូវវិស្សមកាល។ ជាក់ស្តែងក្នុងឆ្នាំ ២០២០ មានវត្តខ្មែរចំនួន ៤៩ នៅស្រុក ទីរួមខេត្តចំនួន ៩ បានបើកថ្នាក់បង្រៀនភាសា និងអក្សរខ្មែរក្នុងរដូវវិស្សមកាល ដោយមាន ១៥៨ បន្ទប់ មានសិស្សសរុប ៣.៥២៥ នាក់ មានព្រះសង្ឃនិងអាចារ្យបង្រៀន ១៥៨ អង្គនិងនាក់ ម៉ោងរៀនសរុប ២១.៨៧២ ម៉ោង។ ឆ្នាំ ២០២២ មានវត្តខ្មែរចំនួន ៦៧ នៅស្រុក ទីរួមខេត្តចំនួន ១០ បានបើកថ្នាក់បង្រៀនភាសានិងអក្សរខ្មែរក្នុងរដូវវិស្សមកាល ដោយមាន ១៩៧ បន្ទប់ មានសិស្សសរុប ៤.៤៥៥ នាក់ មានព្រះសង្ឃនិងអាចារ្យបង្រៀន ១៩៩ អង្គនិងនាក់ ម៉ោងរៀនសរុប ២៦.៣៤០ ម៉ោង។
ព្រះឧបជ្ឈាយ៍ថាច់សុង ព្រះចៅអធិការវត្តសិរីជុំបឹងទន្សា ឃុំវៀងអាង ស្រុកត្រឹងដេ មានថេរដីកា៖ “ឆ្នាំ ២០២២ វត្តបានខេត្តឧបត្ថម្ភទឹកប្រាក់ជាង ២០ លានដុងសម្រាប់ព្រះសង្ឃដែលបង្រៀនអក្សរខ្មែរក្នុងវត្តនារដូវវិស្សមកាលរយៈពេល ២ ខែ។ ការឧបត្ថម្ភនេះ មានអត្ថន័យជាក់ស្តែង បង្កភាពរីករាយនិងជាកម្លាំងចលករសម្រាប់វត្តខ្មែរនានាបើកថ្នាក់បង្រៀនអក្សរខ្មែរដល់កូនចៅខ្មែរ។ ឆ្លងតាមរយៈនោះ រួមចំណែកអភិរក្សនិងពង្រីកភាសានិងអក្សរសាស្រ្តរបស់ជនជាតិ”។ ព្រះតេជព្រះ គុណឡឹមញ៉ាង ព្រះចៅអធិការវត្តព្រែកពិន្ទង ឃុំភូមី ស្រុកមីទូ មានថេរដីកា៖ “វត្តបានបើកថ្នាក់បង្រៀនអក្សរដល់កូនចៅខ្មែរជាច្រើនឆ្នាំមកនេះ ជាមធ្យមក្នុងមួយឆ្នាំមានប្អូនៗមកវត្តរៀនជាង ១០០ នាក់។ ហេតុនោះ ពេលខេត្តមានគោលនយោបាយឧបត្ថម្ភថវិកាសម្រាប់គ្រូបង្រៀន (គិតតាមម៉ោងបង្រៀន) អាត្មាភាពត្រេកអរក្រៃលែង។ ប្រការនេះកាន់តែបង្ហាញពីការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋដល់ការបណ្តុះបណ្តាល ដើម្បីកូនចៅខ្មែរចេះភាសានិងអក្សរសាស្រ្តរបស់ជនជាតិខ្លួន”។
តាមប្រសាសន៍លោក យ័ញហ្វាងង្វៀន នាយករងមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តសុកត្រាំង គោលនយោបាយពិសេសដោយឡែករបស់ភូមិភាគ បានបង្ហាញពីការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្ស រដ្ឋអំណាចដល់គ្រូបង្រៀនអក្សរខ្មែរនៅតាមវត្ត និងមូលដ្ឋានអប់រំក្រៅរដ្ឋការ រួមចំណែកអភិរក្សនិងពង្រីកភាសានិងអក្សរសាស្រ្តរបស់ជនរួមជាតិខ្មែរ។ ពេលខាងមុខ ផ្នែកអប់រំនឹងធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនខេត្ត ដើម្បីមានគោលនយោបាយអនុគ្រោះជាបន្ត ឧបត្ថម្ភសមស្របចំពោះគ្រូបង្រៀនភាសានិងអក្សរសាស្រ្តរបស់ជនរួមជាតិខ្មែរ ជម្នះជាសន្សឹមៗស្ថានភាពមិនចេះនិយាយភាសានិងអក្សរសាស្រ្តរបស់ជនជាតិ៕
លីធាន-វិមាន