គណៈកម្មាធិការបក្ស បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តសុកត្រាំង តែងកំណត់ច្បាស់ការអនុវត្តល្អនូវលក្ខន្តិកៈប្រជាធិបតេយ្យមូលដ្ឋានជាកត្តាដ៏សំខាន់ រួមចំណែកពង្រឹងសាមគ្គីផ្ទៃក្នុង លើកកម្ពស់សមត្ថភាពដឹកនាំ និងកម្លាំងប្រយុទ្ធរបស់អង្គការបក្ស ក៏ដូចជាតួនាទីរបស់ថ្នាក់ដឹកនាំស្ថាប័ន អង្គភាព។ ទន្ទឹមនឹងនោះ រក្សាលំនឹងក្តីទំនុកចិត្ត ស្មារតីសាមគ្គីផ្ទៃក្នុងអនុវត្តល្អនូវភារកិច្ចនយោបាយ។
គណៈកម្មាធិការបក្ស បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត ចូលរួមសកម្មភាពកិច្ចពិភាក្សាប្រជាធិបតេយ្យ ជាមួយនឹងកម្មាភិបាល យុទ្ធជននៃកងនាវាចរណ៍លេខ ២ និងប៉ុស្តិ៍ការពារព្រំដែននានា។
ឆ្នាំ ២០២២ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត បានចូលរួមកិច្ចពិភាក្សា ប្រជាធិបតេយ្យនៅតាមអង្គភាពនានាបាន ១០ លើក; គណៈកម្មាធិការបក្ស មេបញ្ជាការអង្គភាពនានាបានរៀបចំសកម្មភាពពិភាក្សាប្រជាធិបតេយ្យបាន ៧២ លើក។ ក្នុងសកម្មភាពនៃកិច្ចពិភាក្សាប្រជាធិបតេយ្យ ក្រុមប្រឹក្សាយោធិនអង្គភាពនានា បានពង្រីកនូវតួនាទីស្នូល តំណាងឱ្យយោធិននៅអង្គភាពនានាចូលរួមឃ្លាំមើលការអនុវត្តប្រជាធិបតេយ្យលើផ្នែកនយោបាយ យោធា សេដ្ឋកិច្ច និងជីវភាព។ ឆ្លងតាមរយៈនោះ រួមចំណែកពង្រឹង និងរក្សាលំនឹងការទុកចិត្តរបស់យោធិនចំពោះគណៈកម្មាធិការបក្ស មេបញ្ជាការដ្ឋានគ្រប់លំដាប់ថ្នាក់។ វរសេនីយ៍ទោ ឡេវ៉ាន់បាំង លេខាគណៈកម្មាធិការបក្ស ស្នងការនយោបាយប៉ុស្តិ៍ការពារព្រំដែនអាងថាញ់ ៣ ឱ្យដឹង៖ “ក្នុងឱកាសនៃកិច្ចពិភាក្សាប្រជាធិបតេយ្យរវាងថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត ជាមួយនឹងកម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន តែងបានប្រធាននិងការិយាល័យ គណៈកម្មការជំនាញ ទទួលយកនិងឆ្លើយបំភ្លឺដោយពេញចិត្ត ម្ល៉ោះហើយ ធានាលក្ខណៈប្រជាធិបតេយ្យ ក្នុងអង្គភាព នាំមកផលប្រយោជន៍ត្រឹមត្រូវជូនកម្មាភិបាល យុទ្ធជន។ អាស្រ័យហេតុនោះ ស្ថានភាពអង្គភាពបានរក្សាលំនឹងជានិច្ច កម្មាភិបាល យុទ្ធជននឹងនរចិត្តបំពេញការងារ កំណត់ច្បាស់នូវភារកិច្ច មិនកើតមានបណ្ដឹងតវ៉ារំលងថ្នាក់”។ ចំណែកអនុសេនីយ៍ឯកបម្រុង ដូវវ៉ាន់មិញ ប្រធានកងប្រដាប់អាវុធ ប៉ុស្តិ៍ការពារព្រំដែនទ្រុងប៊ិញ ឱ្យដឹង៖ “នៅពេលជួបពិភាក្សាប្រជាធិបតេយ្យជាមួយនឹងថ្នាក់ដឹកនាំ មេបញ្ជាការដ្ឋាន ឃើញថា រាល់ការងឿងឆ្ងល់ មតិនិងគោលបំណងរបស់កម្មាភិបាល យុទ្ធជន តែងបានបកស្រាយបំភ្លឺជាក់ស្តែង ច្បាស់លាស់។ ហេតុនោះ កម្មាភិបាល យុទ្ធជនមានភាពនឹងនរចិត្តបំពេញការងារ និងខិតខំសម្រេចភារកិច្ចបានល្អប្រសើរ”។
តាមប្រសាសន៍វរសេនីយ៍ឯក ង្វៀងត្រេវម៉េន លេខាគណៈកម្មាធិការបក្ស ស្នងការនយោបាយនៃកងទ័ពការពារព្រំដែនខេត្តសុកត្រាំង កិច្ចពិភាក្សាប្រជាធិបតេយ្យ បានបង្កបរិយាកាសសប្បាយរីករាយ ស្និទ្ធស្នាល ជឿទុកចិត្ត សាមគ្គីភាពរវាងគណៈកម្មាធិការបក្ស មេបញ្ជាការដ្ឋានគ្រប់លំដាប់ថ្នាក់ជាមួយនឹងកម្មាភិបាល យុទ្ធជន។ ឆ្លងតាមរយៈនោះ គណៈកម្មាធិការបក្ស មេបញ្ជាការដ្ឋានក្តាប់ច្បាស់ពីទឹកចិត្ត មនោសញ្ចេតនា ក៏ដូចជាសំណើផ្សេងៗ ដើម្បីដោះស្រាយនិងវិនិច្ឆ័យបានទាន់ពេល ទប់ស្កាត់រាល់ទង្វើបង្ហាញពីស្មារតីមិននឹងនរ សតិអារម្មណ៍មិនទាន់ឯកភាព អាកប្បកិរិយាអវិជ្ជមាន ខុសឆ្គង រួមចំណែកតស៊ូ បង្ការ ទប់ស្កាត់នូវអាការៈដែលបង្ហាញពី “ការប្រែប្រួលដោយខ្លួនឯង” “ការផ្លាស់ប្តូរដោយខ្លួនឯង” ក្នុងផ្ទៃក្នុង។ កិច្ចពិភាក្សាប្រជាធិបតេយ្យមូលដ្ឋាន បានបង្កលក្ខណៈឱ្យមានប្រជាធិបតេយ្យខ្ពស់ ម៉្យាងរាល់មតិយោបល់ដែលចូលរួមផ្អែកលើស្មារតីកសាងបានរួមចំណែកលើកកម្ពស់តួនា ទីដឹកនាំរបស់អង្គការបក្ស ការងារគ្រប់គ្រង ដឹកនាំរបស់មេបញ្ជាការដ្ឋាន។ ទន្ទឹមនឹងនោះ រួមចំណែកធ្វើឱ្យជាក់ស្តែងការកសាងនិងរក្សាស្ថាប័ន អង្គភាពរឹងមាំគ្រប់វិស័យ អង្គការបក្ស ស្អាតស្អំ រឹងមាំ ឆ្លើយតបនឹងតម្រូវការភារកិច្ច គ្រប់គ្រង ការពារព្រំដែនជាតិក្នុងស្ថានភាពថ្មី៕
យ្វីអាញ-វិមាន