ហាក់ដូចក្លាយជាទម្លាប់ទៅហើយ គឺដល់រដូវវិស្សមកាលជារៀងរាល់ឆ្នាំ វត្តខ្មែរនានាក្នុងខេត្តត្រាវិញ តែងទទួលសិស្សានុសិស្សមកចូលរៀនអក្សរខ្មែរ...
ការបើកបង្រៀនអក្សរខ្មែរនារដូវវិស្សមកាលនៅវត្តចេតិយ ឃុំតឹបសើុង ស្រុកថ្កូវ។
ព្រះតេជព្រះគុណថាច់សុផន ព្រះចៅអធិការវត្តអំពាំងសាន មានថេរដីកា៖ អាស្រ័យមានការរៀបចំមូលដ្ឋានសម្ភារបានល្អ ម៉្លោះហើយវត្តតែងធានានូវការទទួលសិស្សានុសិស្សចូលរៀន និងបែងចែកជាថ្នាក់ៗ ទៅតាមកម្រិតវិជ្ជា និងអាយុសិស្ស។ ឯនៅវត្តទៀវចាស់ ឃុំមីហ្វា ស្រុកកូវង៉ាង ទោះបីកំពុងមមាញឹកក្នុងការកសាងសំណង់មួយចំនួនក្នុងវត្តក៏ដោយ ប៉ុន្តែវត្តនៅតែធានាមូលដ្ឋានសម្ភារ បម្រើដល់ការសិក្សារបស់កូនចៅពុទ្ធបរិស័ទខ្មែរ។ ព្រះតេជព្រះគុណថាច់សាហ្វារី ព្រះចៅអធិការវត្តទៀវចាស់ មានថេរដីកា៖ “ការរៀនអក្សរខ្មែរនៅក្នុងវត្ត មិនត្រឹមតែជួយឲ្យក្មួយៗមានការយល់ដឹងកាន់តែច្បាស់អំពីភាសា អក្សរសាស្រ្តខ្មែរប៉ុណ្ណោះទេ ថែមទាំងរួមចំណែកពង្រឹងចំណេះដឹងខាងអក្សរខ្មែរ នៅពេលដែលក្មួយៗសិក្សានៅសាលាសកលខាងក្រៅផង។ ជារៀងរាល់ឆ្នាំ វត្តទទួលសិស្សរាប់រយនាក់ មករៀនអក្សរខ្មែរក្នុងរដូវវិស្សមកាល។
បច្ចុប្បន្ន គ្រូបង្រៀនអក្សរខ្មែរនៅតាមវត្តក៏ទទួលបានប្រាក់កម្រៃទៅតាមម៉ោងបង្រៀនផងដែរ ដូច្នេះគ្រូបង្រៀនគ្រប់អង្គនិងរូបក៏បានលើកកម្ពស់នូវតួនាទី និងការទទួលខុសត្រូវក្នុងការបំពេញភារកិច្ចបង្ហាត់បង្រៀន។ បងស្រីថាច់ធីសឿង នៅភូមិទៀវ ឃុំមីហ្វា បានចែករំលែក៖ “ដោយយល់ឃើញថា ការរៀនអក្សរខ្មែរនៅក្នុងវត្តមានសារៈសំខាន់ណាស់ គឺជួយឱ្យកូនចេះភាសា និងអក្សរជនជាតិផង ព្រមទាំងបានលត់ដំចរិតលក្ខណៈផង ដូច្នេះខ្ញុំបញ្ជូនកូនទាំងពីរនាក់មករៀនអក្សរខ្មែរនារដូវវិស្សមកាលឆ្នាំនេះ”។
នៅវត្តចេតិយ ឃុំតឹបស៊ើង ស្រុកថ្កូវ ការរៀបចំបើកបង្រៀនអក្សរខ្មែរក៏មានភាពហ្មត់ចត់។ តាមថេរដីការបស់ព្រះឧបជ្ឈាយ៍គឹមផន ព្រះចៅអធិការវត្តចេតិយ ជាច្រើនឆ្នាំកន្លង វត្តតែងបើកថ្នាក់ពុទ្ធិកសិក្សាសម្រាប់ព្រះសង្ឃ និងថ្នាក់បង្រៀនអក្សរខ្មែរដល់កូនចៅខ្មែរនារដូវវិស្សមកាល ដ្បិតមិនត្រឹមតែជួយឱ្យក្មួយៗបានចេះភាសា អក្សរសាស្រ្តជនជាតិប៉ុណ្ណោះទេ ថែមទាំងរួមចំណែករក្សានូវអត្តសញ្ញាណវប្បធម៌របស់ជនជាតិខ្មែរទៀតផង៕
សឺនម៉ាល័យ -បកប្រែ៖ សុផន