12/06/2023 - 08:09

មន្ទីរ​ពេទ្យ​ពហុព្យា​បាល​សុក​ត្រាំង សង្រ្គោះ​ជោគ​ជ័យ​អ្នក​ជំងឺ​ធ្ងន់​ ឆ្លង​គ្រោះ​ថ្នាក់​ជា​ច្រើន​នាក់​

មន្ទីរ​ពេទ្យ​ពហុព្យា​បាល​សុក​ត្រាំង ទើប​សង្រ្គោះ​ជោគ​ជ័យ​អ្នក​ជំងឺ​ឡឹម​ធី​គឹម​ថាញ អា​យុ ១៩ ឆ្នាំ​ នៅ​ស្រុក​មីទូ កើត​មាន​សហ​រោគ​សញ្ញា Guillain-Barré ជា​ជំងឺ​កម្រ​ជួប​ប្រ​ទះ​និង​ពិបាក​ព្យា​បាល។ នេះ​ជា​សហ​រោគ​សញ្ញា​វិបត្តិ​ប្រ​ព័ន្ធ​ភាព​សុាំ​នៃ​រាង​កាយ​ វាយ​លុក​មួយ​ផ្នែក​ទៅ​លើ​ប្រ​ព័ន្ធ​សរ​សៃ​ប្រ​សាទ​ខាង​ក្រៅ។ ស្ថាន​ភាព​នេះ​អាច​បណ្ដាល​ឱ្យ​សរ​សៃ​ប្រ​សាទ​រលាក​រហូត​ទៅ​ជា​ខ្វិន ឬ​ខ្សោយ​សាច់​ដុំ​ ប្រ​សិន​បើ​មិន​បាន​ព្យា​បាល​ត្រូវ​របៀប​ និង​ទាន់​ពេល​វេលា។

វេជ្ជ​បណ្ឌិត​ធ្វើ​ការ​ព្យា​បាល​ដល់​អ្នក​ជំងឺ​ឡឹម​ធី​គឹម​ថាញ។

វេជ្ជ​បណ្ឌិត​ឯក​ទេស​កម្រិត​ ២ ហ្វិញ​វ៉ាន់​ហ៊ីប ប្រ​ធាន​ផ្នែក​រោគ​ក្នុង​ ២ នៃ​មន្ទីរ​ពេទ្យ​ពហុព្យា​បាល​សុក​ត្រាំង ឱ្យ​ដឹង​៖ “អ្នក​ជំងឺ​ត្រូវ​បាន​បញ្ជូន​មក​មន្ទីរ​ពេទ្យ​នៅ​ថ្ងៃ​ទី ១៩ ខែ​ធ្នូ ឆ្នាំ​ ២០២២ ក្នុង​ស្ថាន​ភាព​ភ្លេច​ភ្លាំង​ស្មារតី​ ដៃ​ជើង​កម្រើក​ មិន​បាន​ជីព​ចរ​និង​សម្ពាធ​ឈាម​ខ្ពស់​ ហើម​ជើង​ទាំង​ពីរ សួត​ស្ដាប់​ឮ​សូរ​សំ​ឡេង​ដូច​ទឹក​ពុះ​ទាំង​សង​ខាង​ និង​ត្រូវ​ជំ​នួយ​ដក​ដង្ហើម​ដោយ​ម៉ា​ស៊ីន។ រហូត​ដល់​ថ្ងៃ​ទី ២០ ខែ​កុម្ភៈ ឆ្នាំ ​២០២៣ អ្នក​ជំងឺ​នៅ​តែ​ដង្ហើម​ដោយ​ម៉ា​ស៊ីន ហើយ​ព្យា​បាល​ដោយ​វិធី​គួប​ផ្សំ​ថ្នាំ​គ្រប់​គ្រង​សម្ពាធ​ឈាម​ បំ​បាត់​ការ​ឈឺ​សរ​សៃ​ប្រ​សាទ​ អា​ហា​រូបត្ថម្ភ​រួម​ ជា​មួយ​នឹង​រូប​សាស្រ្ត​ព្យា​បាល។ ទន្ទឹម​នឹង​នោះ​ មន្ទីរ​ពេទ្យ​ណែ​នាំ​ដល់​សមា​ជិក​ក្នុង​គ្រួសារ​ថែ​ទាំ​អ្នក​ជំងឺ​ឱ្យ​បាន​ហ្មត់​ចត់​ ជៀស​វាង​កុំ​ឱ្យ​រលាក​ និង​អា​ការៈ​ដែល​បណ្ដាល​ឱ្យ​ស្ទះ​សរ​សៃ​ឈាម​ ដោយ​សារ​ដេក​មួយ​កន្លែង​រយៈ​ពេល​យូរ។ ក្រោយ​រយៈ​ពេល​ ៦ ខែ​ព្យា​បាល​ អ្នក​ជំងឺ​ដឹង​ស្មារតី​ អាច​បរិ​ភោគ​តាម​មាត់​បាន​លែង​ប្រើ ម៉ាស៊ីន​ជំ​នួយ​ដង្ហើម សាច់​ដុំ​មាន​ភាព​ប្រ​សើរ​ឡើង​ អាច​ក្ដាប់​ធ្វើ​ចលនា​បាន​ល្អ​និង​អាច​ចុះ​ពី​មន្ទីរ​ពេទ្យ។

វេជ្ជ​បណ្ឌិត​ឯក​ទេស​កម្រិត​ ២ ហ្វិញ​វ៉ាន់​ហ៊ីប ផ្ដល់​អនុ​សាសន៍​៖ សហ​រោគ​សញ្ញា Guillain -Barré អាច​ធ្វើ​រោគ​វិនិច្ឆ័យ​ដឹង​ជា​មុន​ដោយ​វិធី​ Electromyography។ Electromyography (EMG) គឺ​វិធី​ស្ទាប​ស្ទង់ ត្រូវ​បាន​អនុ​វត្ត​សម្រាប់​ស្រាវ​ជ្រាវ​ការ​ប្រតិ​កម្ម​អគ្គិសនី​នៃ​សរ​សៃ​ប្រ​សាទ​និង​សាច់​ដុំ​ វាយ​តម្លៃ​នូវ​ការ​បាត់​បង់​នៃ​ការ​ចែក​ចាយ​សរ​សៃ​ប្រ​សាទ​នៃ​សាច់​ដុំ។ ព្រោះ​ហេតុ​នោះ​ ពេល​មាន​អា​ការៈ​ដូច​ជា៖ ស្ពឹក​ខ្សោយ​ដៃ​ជើង​ឬសង្ស័យ​មាន​ជំងឺ​ពី​សរ​សៃ​ប្រ​សាទ​ មាមីង​គប្បី​ប្រ​ញាប់​ទៅ​មន្ទីរ​ពហុព្យា​បាល​ខេត្ត​ ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​និង​ព្យា​បាល​ឱ្យ​បាន​ទាន់​ពេល​ ជៀស​វាង​អា​ការៈ​រោគ​ប្រែ​ទៅ​ជា​គ្រោះ​ថ្នាក់។

ចំ​ណែក​អ្នក​ជំងឺ​ឈ្មោះ​ T.Th.M.Th  អា​យុ ២២ ឆ្នាំ​ នៅ​ស្រុក​មីទូ ត្រូវ​បាន​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ខេត្ត​សុក​ត្រាំង សង្រ្គោះ​ជោគ​ជ័យ​ទាំង​ម្ដាយ​និង​កូន។ អ្នក​ជំងឺ​ត្រូវ​បាន​បញ្ជូន​មក​ ពី​មន្ទីរ​ពេទ្យ​ឯក​ទេស​ផ្នែក​សម្ភព​និង​កុមារ​ខេត្ត​សុក​ត្រាំង ជា​មួយ​នឹង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​កើត​ជំងឺ​រលាក​សួត​ធ្ងន់​ គ្រោះ​ថ្នាក់​ដល់​អា​យុ​ជីវិត​ ហានិ​ភ័យ​មិន​អាច​រក្សា​កូន​ក្នុង​គភ៌​អា​យុ ៣៤ សប្ដាហ៍​បាន។ ហេតុ​នោះ​ ក្រុម​វេជ្ជ​បណ្ឌិត​នៃ​មន្ទីរ​ពេទ្យ​ទាំង​ពីរ​បាន​សម្រេច​ព្យា​បាល​ដោយ​បច្ចេក​ទេស​ ECMO (សួត​សិប្ប​និម្មិត)។ អំ​ឡុង​ពេល​ ៩ ថ្ងៃ​ព្យា​បាល​ដោយ​បច្ចេក​ទេស​ ECMO ជំ​នួយ​ដង្ហើម​ដោយ​ម៉ា​ស៊ីន លាង​ឈាម​បន្ត​បន្ទាប់​ និង​ប្រើ​ប្រាស់​ថ្នាំ​អង្គ​បដិបក្ខ​ប្រាណ​ទូលំ​ទូលាយ​ ទើប​បញ្ឈប់​ ECMO ដក​ហូត​ឧប​ករណ៍​បំ​ពង់​ដង្ហើម។ អ្នក​ជំងឺ​ដឹង​ស្មារតី​ សម្ពាធ​ឈាម​លំ​នឹង​ អាច​ហូប​ចុក​បាន។ ពេល​សុខ​ភាព​អ្នក​ជំងឺ​បាន​ស្ដារ​ឡើង​វិញ​ មន្ទីរ​ពេទ្យ​ទាំង​ពីរ​បាន​ធ្វើ​ការ​វះ​កាត់​យក​ទា​រក​បាន​ជោគ​ជ័យ។ បច្ចុប្បន្ន​ អ្នក​ជំងឺ​ជា​ម្ដាយ​និង​កូន​មាន​សុខ​ភាព​ល្អ។

វេជ្ជ​បណ្ឌិត​ឯក​ទេស​កម្រិត​ ២ ដាំង​ធី​មិញ​ហៀង​ នា​យក​មន្ទីរ​ពេទ្យ​ពហុព្យា​បាល​សុក​ត្រាំង ឱ្យ​ដឹង​៖ “ពេល​ប្រ​ឈម​នឹង​ករណី​ជំងឺ​ធ្ងន់​ ពាក់​ព័ន្ធ​នឹង​អា​យុ​ជីវិត​មនុស្ស​ ២ នាក់​ ម្ល៉ោះ​ហើយ​ វេជ្ជ​បណ្ឌិត​សម្រេច​អនុវត្ត​វិធី​សាស្រ្ត​ព្យា​បាល​សុក្រឹត​បំ​ផុត​ មិន​ឱ្យ​មាន​ខុស​ចន្លោះ​សូម្បី​បន្តិច។ គណៈ​នាយក​របស់​មន្ទីរ​ពេទ្យ​ទាំង​ពីរ តែង​យក​ចិត្ត​ទុក​ដាក់​និង​អស់​ពី​ចិត្ត​ពី​ថ្លើម​ក្នុង​ការ​ព្យា​បាល​ ម្ល៉ោះ​ហើយ​ ពេល​ឃើញ​ទាំង​ម្ដាយ​និង​កូន​ជា​សះ​ស្បើយ​ចេញ​ពី​ពេទ្យ​ ក្រុម​វេជ្ជ​បណ្ឌិត​ក៏​មាន​ទឹក​មុខ​ត្រេក​អរ​រីក​រាយ​ផង​ដែរ”៕

                                  យ្វី​អាញ-ថាច់​ធី

ចែករំលែកអត្ថបទ