22/04/2023 - 07:45

ឆន្ទៈ​របស់​ស្ត្រី​បណ្ឌិត​ជន​ជាតិ​ខ្មែរ​ដំ​បូង​នៅ​ខេត្ត​សុក​ត្រាំង​

ឆ្លង​កាត់​ជីវ​ភាព​ក្រលំ​បាក​ដើម្បី​តស៊ូ​រៀន​សូត្រ​ បំ​ពេញ​ក្តី​ប្រាថ្នា​ ម្ល៉ោះ​ហើយ​ស្ត្រី​ខ្មែរ​រូប​នេះ​ បាន​ខិត​ខំ​ព្យា​យាម​ក្នុង​ការ​រៀន​សូត្រ។​ បច្ចុប្បន្ន​ គឹម​ថាញ​ត្វៀង​ បាន​ក្លាយ​ជា​ស្រ្តីបណ្ឌិត​ជន​ជាតិ​ខ្មែរ​ដំ​បូង​នៅ​ខេត្ត​សុក​ត្រាំង​ បង្រៀន​វិញ្ញា​សា​អង់​គ្លេស​នៅ​វិទ្យា​ល័យ​ឯក​ទេស ង្វៀង​ធីមិញ​ខាយ ក្រុង​សុក​ត្រាំង។​

ការ​រៀន​សូត្រ​ ស្រាវ​ជ្រាវ​តែង​បាន​អ្នក​គ្រូ​គឹម​ថាញ​ត្វៀង​ យក​ចិត្ត​ទុក​ដាក់​បំ​ផុត​
ដើម្បីមានវិធីសាស្រ្តបង្រៀនល្អ។

អ្នក​គ្រូ​ថាញ​ត្វៀង​ កំ​ព្រា​ឪ​ពុក​តាំង​ពី​តូច ម្តាយ​ឯកោប្រកប​របរ​កាត់​ដេរដើម្បី​ចិញ្ចឹម​កូន​ធំ​ដឹង​ក្តី។​ ដោយ​ឃើញ​តំ​បន់​ជន​បទ​ឃុំ​តាយ​យ៉ាង​ក្រ​ពេក​ ក្មេង​ៗ​និង​មិត្ត​ភ័ក្តិ​វ័យ​ស្រករ​គ្នា​ តិច​មាន​អ្នក​ណា​បាន​ទៅ​សា​លា​ ម្ល៉ោះ​ហើយ​ ថាញ​ត្វៀង​ មាន​ក្តី​ស្រមៃ​ធ្វើ​ជា​អ្នក​គ្រូ​ដើម្បី​បង្រៀន​កូន​ចៅ​ខ្មែរ​។​

ឆ្នាំ​ ១៩៩៨ អ្នក​គ្រូ​ប្រ​ឡង​ជាប់​មហា​វិទ្យា​ល័យ​កឹង​ធើ​ផ្នែក​គរុ​កោ​សល្យ​ភាសា​អង់​គ្លេស​ និង​ទទួល​បាន​អា​ហា​រូប​ករណ៍​បញ្ញ​វន្ត​វ័យ​ក្មេង​របស់​ខេត្ត​សុក​ត្រាំង។​ ក្នុង​រយៈ​ពេល​នោះ​ អ្នក​គ្រូ​រៀន​បណ្តើរ​បង្រៀន​កួ​បណ្តើរ​ ដើម្បី​រក​ប្រាក់​បន្ថែម​សម្រាប់​បង់​ថ្លៃ​សា​លា។​ ឆ្នាំ​ ២០០២ អ្នក​គ្រូ​បញ្ចប់​មហា​វិទ្យា​ល័យ​ ហើយ​បាន​បញ្ជូន​ទៅ​បង្រៀន​នៅ​វិទ្យា​ល័យ​ឯក​ទេស ង្វៀង​ធីមិញ​ខាយ រហូត​ដល់​សព្វ​ថ្ងៃ។​ ក្តី​ប្រាថ្នា​ធ្វើ​ជា​គ្រូ​បង្រៀន​បាន​ក្លាយ​ជា​ការ​ពិត​ ម្ល៉ោះ​ហើយ​ អ្នក​គ្រូ​ថាញ​ត្វៀង​ខិត​ខំ​សម្រេច​ល្អ​ភារ​កិច្ច​ជា​និច្ច។​ ទន្ទឹម​នឹង​នោះ​ អ្នក​គ្រូ​ថែម​ទាំង​បាន​សាលា​ប្រ​គល់​ឱ្យ​បង្រៀន​បំ​ប៉ន​ដល់​ក្រុម​ជម្រើស​សិស្ស​ពូកែ​វិញ្ញា​សាអង់​គ្លេស​របស់​សាលា​ ដើម្បី​ចូល​រួម​សម័យ​ប្រ​ឡង​សិស្ស​ពូកែ​ថ្នាក់​ក្រុង​ និង​ថ្នាក់​ខេត្ត​ផង។​

អ្នក​គ្រូ​គឹម​ថាញ​ត្វៀង​ រួម​ជា​មួយ​សិស្ស​សាលា​។

ដើម្បី​លើក​កម្ពស់​មុខ​ជំ​នាញ​ ឆ្នាំ​ ២០០៨ អ្នក​គ្រូ​ថាញ​ត្វៀង​ បាន​ប្រ​ឡង​ជាប់​ចូល​រៀន​ឧត្តម​សិក្សា​ជំ​នាញ​ផ្នែក​ទ្រឹស្តី​ និង​វិធី​សាស្រ្ត​បង្រៀន​ភាសា​អង់​គ្លេស​នៅ​សា​កល​វិទ្យា​ល័យ​កឹង​ធើ។​ ក្រោយ​រយៈ​ពេល​ ២ ឆ្នាំ​រៀន​មហា​បរិញ្ញា​ អ្នក​គ្រូ​ថាញ​ត្វៀង​បាន​ប្រ​ឡង​បញ្ចប់​សម្រេច​និទ្ទេស​ពូកែ​ ដោយ​ការ​ពារ​និក្ខេប​បទ​បញ្ចប់​ការ​សិក្សា​សម្រេច​ពិន្ទុ​៩,៩។​ នេះ​គឺជា​ពិន្ទុ​និក្ខេប​បទ​ ដែល​ខ្ពស់​បំ​ផុត​សិស្ស​ជំ​នាន់​ទី ១៥។​

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ចាប់​ពី​ឆ្នាំ​ ២០១៣ ដល់​ឆ្នាំ​ ២០១៧ អ្នក​គ្រូ​ថាញ​ត្វៀង​ បន្ត​ការ​សិក្សា​ថ្នាក់​បណ្ឌិត​នៅ​សា​កល​វិទ្យា​ល័យ​ Universiti Sains ម៉ា​ឡេ​ស៊ី​ (USM) ទទួល​អា​ហា​រូប​ករណ៍​ពី​កម្ម​វិធី​ Mekong ១០០០ និង​គម្រោង​ ១៥០ របស់​ខេត្ត​សុក​ត្រាំង​ផង​ដែរ។​ អ្នក​គ្រូ​ថាញ​ត្វៀង​ ចែក​រំលែក៖ “កាល​នោះ​ ការ​ប្រើ​ប្រាស់​ចាយ​វាយ​ប្រ​ចាំ​ខែ​តែ ៣៦០USD ប៉ុណ្ណោះ​ ម្ល៉ោះ​ហើយ​ខ្ញុំ​ទៅ​រៀន​បណ្តើរ​ធ្វើ​ការ​បណ្តើរ​ ដើម្បី​រក​លុយ​រៀន​និង​ចិញ្ចឹម​កូន​ (ពី​ព្រោះ​បាន​យក​កូន​ទៅ​តាម​ផង)។​ ខ្ញុំ​ធ្វើ​ការ​ក្នុង​ភោជ​នីយ​ដ្ឋាន​ បង្រៀន​ឱ្យ​មជ្ឈ​មណ្ឌល​ភាសា​បរ​ទេស​ ទទួល​កែ​តម្រូវ​និក្ខេប​បទ​ និង​ចូល​រួម​សរ​សេរ​អត្ថ​បទ​ឱ្យ​ទស្សនា​វដ្តី​អន្តរ​ជាតិ​ សម្រាប់​ជំ​នួយ​ដល់​និស្សិត​អន្តរ​ជាតិ​រៀន​នៅ​ម៉ាឡេ​ស៊ី។​ អា​ស្រ័យ​ហេតុ​នោះ​ ខ្ញុំ​ដក​ស្រង់​បាន​នូវ​បទ​ពិសោធន៍​ដើម្បី​ការ​ពារ​ជោគ​ជ័យ​ និក្ខេប​បទ​ថ្នាក់​បណ្ឌិត​ ផ្នែក​ស្រាវ​ជ្រាវ​ និង​អភិវឌ្ឍ​កម្ម​វិធី​អប់រំ​នៅ​ឆ្នាំ​ ២០១៨”។​

អស់​រយៈ​ពេល​ជាង​ ២០ ឆ្នាំ​បង្ហាត់​បង្រៀន​ អ្នក​គ្រូ​ថាញ​ត្វៀង​ តែង​សម្រេច​ល្អ​ភារ​កិច្ច​ តែង​បាន​សិស្សា​នុសិស្ស​ និង​មិត្ត​រួម​អា​ជីព​ស្រ​ឡាញ់​រាប់​អាន។​ ក្រៅ​ពី​នេះ​ អ្នក​គ្រូ​ត្វៀង​ ថែម​ទាំង​បាន​អញ្ជើញ​ធ្វើ​គ្រូ​ឧទ្ទេសក៍​ក្នុង​សន្និ​សីទ​អន្តរ​ជាតិ​នៅ​ប្រ​ទេស​សិង្ហ​បុរី​ ម៉ា​ឡេ​ស៊ី​ វៀត​ណាម និង​អង្គ​ការ​អប់រំ​មួយ​ចំ​នួន​ទៀត​នៅ​ឥណ្ឌូ​នេស៊ី​និង​ហ្វី​លិ​ពីន​ជាដើម។​ ទន្ទឹម​នឹង​នោះ​ អ្នក​គ្រូ​ថែម​ទាំង​បាន​សា​កល​វិទ្យា​ល័យ​កឹង​ធើ អញ្ជើញ​ធ្វើ​ជា​ទីប្រឹក្សា​ក្នុង​ការ​ណែ​នាំ​សរ​សេរ​និក្ខេប​បទ​មហា​បរិញ្ញា​ ជា​គ្រូ​បង្រៀន​វិញ្ញា​សា​ភាសា​សាស្រ្ត​និង​វប្បធម៌​; គ្រូ​បង្រៀន​ភាសា​បរ​ទេស​ឱ្យ​សាលា​ Ischool សុក​ត្រាំង​ ។ល។​ អ្នក​គ្រូ​ថាញ​ត្វៀង​ រៀប​រាប់៖ “ខ្ញុំ​មាន​កិត្តិ​យស និង​មោទនៈ​ណាស់​ ខណៈ​ដែល​រូប​នាង​ខ្ញុំ​បាន​ឆ្លង​កាត់​ជីវ​ភាព​ក្រលំ​បាក​ដើម្បី​ក្លាយ​បណ្ឌិត​នាំ​មក​កិត្តិ​យសជូន​អ្នក​ម្តាយ​ និង​វង្ស​ត្រ​កូល​។​ កាន់​តែ​មោទន​ភាព​ជាង​ទៀត​ ខណៈ​ពេល​ដែល​ប្តី​ខ្ញុំ​ក៏​បាន​បញ្ចប់​ការ​សិក្សា​មហា​បរិញ្ញា​បត្រ​ផ្នែក​សេដ្ឋ​កិច្ច​; រីកូន​ស្រី​ច្បង​ទទួល​បាន​អា​ហា​រូប​ករណ៍​និង​កំ​ពុង​រៀន​នៅ​ប្រ​ទេស​អូស្រ្តា​លី​ផង​ដែរ។​ ឥឡូវ ខ្ញុំ​សូម​ផ្តាំ​ផ្ញើ​ទៅ​ដល់​កូន​ចៅ​ជន​ជាតិ​ខ្មែរ​ថា​ ត្រូវ​តែខំ​ប្រឹង​រៀន​សូត្រ​ឱ្យ​បាន​ល្អ។​ ពី​ព្រោះ​រៀន​សូត្រ​មាន​ចំ​ណេះ​ដឹង​ គឺជា​ “កូន​សោរ” តែ​មួយ​គត់​ដែល​អាច​បើក​បាន​ទ្វារ​ជោគ​ជ័យ​ទៅ​អនា​គត”។​

មហា​បរិញ្ញា​ អុង​យ្វី​ថៀង នា​យក​វិទ្យា​ល័យ​ ឯក​ទេស​ង្វៀង​ធីមិញ​ខាយ ឱ្យ​ដឹង​៖ “អ្នក​គ្រូ​ត្វៀង​ គឺជា​គំរូ​ឆ្នើម​ មាន​ឆន្ទៈ​ឈាន​ឡើង​គ្រប់​ស្ថាន​ភាព​ មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ចំ​ពោះ​ការ​ងារ​ ម្ល៉ោះ​ហើយ​គ្រប់​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ឱ្យ​អ្នក​គ្រូ​តែង​សម្រេច​ល្អ​ជា​និច្ច​។​ អា​ស្រ័យ​ដោយ​ការ​រួម​ចំ​ណែក​របស់​អ្នក​គ្រូ​ត្វៀង​ សាលា​តែង​មាន​សិស្ស​ទទួល​បាន​ជ័យ​លាភី​ខ្ពស់​ក្នុង​សម័យ​ប្រ​ឡង​សិស្ស​ពូកែ​ថ្នាក់​ខេត្ត​លើ​វិញ្ញា​សាអង់​គ្លេស​ និង​ទទួល​បាន​ពិន្ទុ​ខ្ពស់​ ក្នុង​សម័យ​ប្រ​ឡង​សញ្ញា​បត្រ​វិទ្យា​ល័យ​ថ្នាក់​ជាតិ​ទៀត​ផង​”៕​

   លីធាន​-លីសៀ

ចែករំលែកអត្ថបទ