22/04/2023 - 07:45

ទម្រង់​ផលិត​កម្ម​មាន​ប្រ​សិទ្ធ​ភាព​

ខេត្ត​បាក​លីវ​ តែង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​បង្វែរ​រចនា​សម្ព័ន្ធ​ផ្នែក​កសិកម្ម​ ផ្សារ​ភ្ជាប់​នឹង​កសាង​ជន​បទ​ថ្មី។​ ផ្តើម​ពី​នោះ​ បាន​ប្រ​ទះ​ឃើញ​នូវ​ទម្រង់​ថ្មី​ៗ​ជា​ច្រើន​ក្នុង​ការ​ផលិត​កសិកម្ម​ ផ្តល់​ប្រាក់​ចំ​ណូល​រាប់​រយ​លាន​ដុង​នៅ​តំ​បន់​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ។​

ទម្រង់​ដាំ​ចេក​ក្រមួន​របស់​លោក​ឡើយ​ ផ្តល់​ប្រាក់​ចំ​ណូល​ខ្ពស់។​

តួយ៉ាង​ដូច​ទម្រង់​ដាំ​ទំ​ពាំង​បារាំង​របស់​លោក​ត្រឿង​មិញ​បាត់​ នៅ​ភូមិ​បៀង​ដុង​ A ឃុំ​វិញ​ត្រាច់​ដុង​ ក្រុង​បាក​លីវ។​ ទម្រង់​នេះ​ បាន​ជួយ​គ្រួ​សារ​គាត់​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ឈាន​ឡើង​ធ្វើ​មាន។​ បច្ចុប្បន្ន​ ទំ​ពាំង​បា​រាំង​របស់​គាត់​មាន​ដាក់​លក់​នៅ​តាម​ផ្សារ​ទំ​នើប​ Coopmart និង​តាម​ភោជ​នីយដ្ឋាន​ធំ​ៗ​នៅ​ក្នុង​និង​ក្រៅ​ខេត្ត​។​ តាម​ប្រ​សាសន៍​លោក​បាត់ ទំ​ពាំង​បា​រាំង​មាន​ច្រក​ចេញ​លំ​នឹង​ រីឯ​តម្លៃ​ក៏​ខ្ពស់​ពី​ ១០០.០០០-១២០.០០០ ដុង​/គីឡូ​ក្រាម។​ មធ្យម​ភាគ​ក្នុង​មួយ​ខែ​ គាត់​ផ្គត់​ផ្គង់​ទំ​ពាំង​បា​រាំង​ដល់​ទីផ្សារ​ជាង ​១០០ គីឡូ​ក្រាម។​ ក្រៅ​ពី​នោះ​ គាត់​នៅ​ទាំង​ចង​សម្ព័ន្ធ​ជា​មួយ​នឹង​កសិករ​នៅ​ខេត្ត​ហូវ​យ៉ាង​ ត្រា​វិញ​ និង​និញ​ធ្វឹង​ ។ល។​ ដើម្បី​មាន​ប្រ​ភព​គ្រប់​គ្រាន់​ផ្គត់​ផ្គង់​ទីផ្សារ។​ លោក​បាត់ ឱ្យ​ដឹង​៖ “ឆ្នាំ​ ២០១៦ ពេល​ចូល​រួម​វគ្គ​ហ្វឹក​ហ្វឺន​ខាង​បច្ចេក​ទេស​ដាំ​ដំ​ណាំ​រួម​ផ្សំ​ ខ្ញុំ​ឃើញ​ទម្រង់​ដាំ​ទំ​ពាំង​បារាំង​សម​ស្រប​ ជា​មួយ​នឹង​ដី​របស់​ខ្ញុំ​ ម្ល៉ោះ​ហើយ​ ក៏​សាក​​សួរ​ ការិ​យាល័យ​កសិកម្ម​ស្រុក​ ស្វែង​រក​ទិញ​ពូជ​មក​ដាំ។​ ទន្ទឹម​នឹង​នោះ​ ក៏​ស្វែង​យល់​ពី​បច្ចេក​ទេស​តាម​ប្រ​ព័ន្ធ​អ៊ីន​ធឺ​ណិត និង​ចូល​រួម​កម្ម​វិធី​សន្ទនា​កសិករ​តាម​ប៉ុស្តិ៍​ទូរ​ទស្សន៍​ដើម្បី​រៀន​សូត្រ​បច្ចេក​ទេស​បន្ថែម។​ បច្ចុប្បន្ន​ ដំ​ណាំ​ទំ​ពាំង​បារាំង​៣កុង​របស់​ខ្ញុំ​ រក​បាន​ប្រាក់​ចំ​ណេញ​ជាង​ ៣០០ លាន​ដុង​/ឆ្នាំ​”។​ ឆ្នាំ​ ២០១៨ ទំ​ពាំង​បា​រាំង​របស់​គាត់​ ត្រូវ​បាន​សា​ខា​នា​យក​ដ្ឋាន​ដាំ​ដុះ​និង​ការ​ពារ​រុក្ខ​ជាតិ​ខេត្ត​បាក​លីវ​ ទទួល​ស្គាល់​គ្រប់​លក្ខណៈ​សុវត្ថិ​ភាព​ចំ​ណី​អា​ហារ ដើម្បី​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​ផលិត​ផល​។​ សង្វាក់​នៃ​ការ​ដាំ​ទំ​ពាំង​បារាំង​របស់​គាត់​ គឺប្រើ​ប្រាស់​ជីសរីរាង្គ​អតិសុខុម​ប្រាណ​ និង​ថ្នាំ​កម្ចាត់​សត្វ​ល្អិត​ បង្ការ​ជំ​ងឺ​ មាន​ប្រ​ភព​ជីវ​សាស្រ្ត​ មិន​សូវប្រើ​ថ្នាំ​ដែល​មាន​ប្រ​ភព​គីមី​ទេ។​

លោក​ត្រឿង​មិញ​បាត់ សោចទឺកដំណាំទំពាំងបារាំង

តាម​ប្រ​សាសន៍​លោក​បាត់ ដាំ​ដំ​ណាំ​ទំ​ពាំង​បារាំង​ បើ​ចេះ​របៀប​ថែទាំ​ ដូច​៖ កាត់​ចោល​ដើម​ដែល​ខូច​ លើក​រង​ឱ្យ​ខ្ពស់​ រំដោះ​ទឹក​បាន​ល្អ​ ស្រោច​ទឹក​ឱ្យ​គ្រប់​ចំ​នួន​ និង​ប្រ​មូល​ផល​តាម​គោល​ការណ៍​ ៤ លើក​/ឆ្នាំ​ ក្នុង​នោះ​ ប្រ​មូល​ផល​ ២ ខែ​ និង​បំ​ប៉ន​ ១ ខែ​ ដើម្បី​ដើម​ទំ​ពាំង​លូត​លាស់​ល្អ​ អាច​រស់​បាន​យូរ​ គឺ​រហូត​ដល់​ ១០ ឆ្នាំ​ឯណោះ។​ បំ​ផុត​គឺដី​ត្រូវ​តែ​រសោះ​ល្អ​ជា​និច្ច​ ដើម្បី​ដើម​ទំ​ពាំង​ដុះ​ពន្លក​ច្រើន​។​ ក្រៅ​ពី​នោះ​ នៅ​លើ​ផ្ទៃ​ដី​ដាំ​ទំ​ពាំង​បា​រាំង​ គាត់​នៅ​ទាំង​ដាំ​ឆ្លាស់​ប្រ​ភេទ​ដំ​ណាំ​ផ្សេង​ៗ​ទៀត​ ដូច​៖ ស្ពៃ​បូក​គោ​ ស្ពៃ​ខាត់​ណា​ដើម​ សាលា​ដ ស្ពៃ​ចង្កឹះ​។ល។​ រក​បាន​ប្រាក់​ចំ​ណេញ​ជាង​ ១០០ លាន​ដុង​/ឆ្នាំ​។​

ចំ​ណែ​ក​លោក​លឺវ​មិញ​ឡើយ​ នៅ​ភូមិ​បៀង​ តីA ស្នាក់​នៅ​ឃុំ​វិញ​ត្រាច់​ដុង​នេះ​ដែរ​ ល្បី​ឈ្មោះ​ ធ្វើ​មាន​ដោយ​ទម្រង់​ដាំ​ចេក​ក្រ​មួន​ និង​ចិញ្ចឹម​មាន់​លែង​ក្នុង​ចម្ការ។​ បច្ចុប្បន្ន​ គាត់​ដាំ​ចេក​ក្រ​មួន​បាន​ ២,៥ កុង​ ផ្គត់​ផ្គង់​ផ្លែ​ផង​ កូន​ចេក​ពូជ​ផង​ ដល់​កសិករ​នៅ​ក្នុង​ខេត្ត​ និង​ខេត្ត​ជិត​ខាង​ ដូច​ជា​សុក​ត្រាំង​ ហូវ​យ៉ាង​ កាម៉ាវ ជាដើម​។​ តាម​ប្រ​សាសន៍​លោក​ឡើយ​ ចេក​ក្រ​មួន​ជា​ប្រ​ភេទ​ដំ​ណាំ​ងាយ​ស្រួល​ដាំ​ ចំ​ណាយ​ដើម​ទុន​តិច​ ប៉ុន្តែ​អា​ច​រក​បាន​ប្រាក់​ចំ​ណេញ​ខ្ពស់​បង្គួរ​។​ លោក​ឡើយ​ ឱ្យ​ដឹង​៖ “ខ្ញុំ​ដាំ​ចេក​ក្រមួន​និង​ចិញ្ចឹម​មាន់​តាំង​ពី​ឆ្នាំ​ ២០១៩ រហូត​ដល់​សព្វ​ថ្ងៃ​ មធ្យម​ភាគ​ក្នុង​ ១​ឆ្នាំ​រក​បាន​ប្រាក់​ចំ​ណូល​ជាង​ ៥០០ លាន​ដុង​ ដោយ​ឡែក​លក់​កូន​ចេក​ពូជ​បាន​ជាង​ ១០០ លាន​ដុង​/ឆ្នាំ​។​ ចេក​ប្រ​មូល​ផល​មិន​ដាច់​ និង​មាន​ឈ្មួញ​ចុះ​មក​ប្រ​មូល​ទិញ​ដល់​ផ្ទះ។​ ចេក​មួយ​ដើម​ៗ​អាច​ដុះ​កូន​ ពី​៥ដល់​៨ដើម​ ខ្ញុំ​ជីក​លក់​មួយ​ដើម​ ២៥.០០០ ដុង​; ចំ​ណែក​ផ្លែ​លក់​ ១២.០០០ ដុង​/គីឡូ​ក្រាម​ ចេក​មួយ​ស្ទង​ផ្លែ​ច្រើន​ស្និតនិង​មាន​ទម្ងន់​ពី​ ១០ ដល់​ ១២ គីឡូ​ក្រាម​ ចំ​ណែក​ត្រ​យូង​ចេក​លក់​ ១០.០០០ ដុង​/គីឡូ​ក្រាម​។​ ព្រោះ​ហេតុ​នោះ​ ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​បាន​ធូរ​ធារ​ឡើង​ពី​ការ​ដាំ​ចេក”។​ ទន្ទឹម​ នឹង​ដាំ​ចេក​ លោក​ឡើយ​ នៅ​ទាំង​ចិញ្ចឹម​មាន់​ប្រ​មាណ​ ៥០០ ក្បាល​ក្នុង​មួយ​ឆ្នាំ​ ព្រលែង​ក្នុង​ចម្ការ​ចេក។​ ឧត្តមភាព​មួយ​ទៀត​នោះ​គឺ គាត់​យក​លា​មក​មាន់​ផ្អាប់​ធ្វើ​ជី​ដើម្បី​ដាក់​គល់​ចេក​ ម្ល៉ោះ​ហើយ​ចេក​លូត​លាស់​ល្អ​ និង​ផ្តល់​ផ្លែ​ជា​បន្ត​បន្ទាប់។​ លោក​ឡើយ​ ឱ្យ​ដឹង​៖ “ពី​ដើម​ ខ្ញុំ​ក្រ​ណាស់​ ទៅ​ធ្វើ​កម្ម​ករ​នៅ​ក្រុង​ហូជី​មិញ​ ធ្វើ​មិន​រួច​ទើប​ត្រឡប់​មក​ស្រុក​វិញ​។​ ដំ​បូង​ឡើយ​ ខ្ញុំ​ដាំ​ចេក​ក្រមួន​ប្រ​ហែល​ជាកន្លះ​កុង​ ដោយ​ឃើញ​ចេក​បែក​កូន​ច្រើន​ ម្ល៉ោះ​ហើយ​ខ្ញុំ​ បំ​បែក​យក​ទៅ​ដាំ​រហូត​ដល់​ពេញ​ផ្ទៃ​ដី​ ២,៥ កុង​។​ ដោយ​សង្កេត​ឃើញ​ដាំ​ចេក​មាន​ម្លប់​ស្រាប់​ ខ្ញុំ​ក៏​គួប​ផ្សំ​ចិញ្ចឹម​មាន់​បន្ថែម​ទៅ។​ ពេល​មាន់​ធំ​ ធាត់ល្អ​ ខ្ញុំ​ជ្រើស​យក​មេមាន់​ដែល​ធំ​ល្អ​ៗ​ យក​មក​ភ្ញាស់​ក្រាប​ពង​ ហេតុ​នោះ​ កាត់​បន្ថយ​បាន​ប្រាក់​ចំ​ណាយ​ទិញ​កូន​មាន់​ពូជ”។​ ក្រៅ​ពី​នោះ​ គាត់​បាន​ចូល​រួម​វគ្គ​ហ្វឹក​ហ្វឺន​អំ​ពី​ការ​ចិញ្ចឹម​សត្វ​ជា​រឿយ​ៗ​ ហេតុ​នោះ​ក្តោប​ក្តាប់​បច្ចេក​ទេស​បាន​ច្រើន​ដើម្បី​ថែទាំ​មាន់​។​ ទ្រុង​ចិញ្ចឹម​មាន់​ត្រូវ​ស្រ​ឡះ​ស្រឡំ អនា​ម័យ កម្ចាត់​​មេរោគ​ស្អាត​បាត​ និង​ដាក់​ចំ​ណី​ឱ្យ​ស៊ី​គ្រប់​គ្រាន់​។​ ដោយ​ការ​ដាំ​ចេក​ក្រមួន​គួប​ផ្សំ​នឹង​ចិញ្ចឹម​មាន់​ ទើប​គ្រួ​សារ​លោក​ឡើយ​ ឈាន​ឡើង​ជា​គ្រួ​សារ​ធូរ​ធារ​របស់​ភូមិ​ភាគ​។​

តាម​ប្រ​សាសន៍​លោក​លឿង​វ៉ាន់​ផ អនុប្រ​ធាន​គណៈ​ជន​ជាតិ​-សាសនា​ខេត្ត​បាក​លីវ​ ច្រើន​ឆ្នាំ​មក​នេះ​ ខេត្ត​តែង​យក​ចិត្ត​ទុក​ដាក់​ ឧបត្ថម្ភ​ការ​ផលិត​កម្ម​ បង្វែរ​មុខ​របរ​រក​ទទួល​ទាន​ជូន​ជន​រួម​ជាតិ​ខ្មែរ។​ ទន្ទឹម​នឹង​នោះ​ តែង​បើក​វគ្គ​ហ្វឹក​ហ្វឺន​អំ​ពី​បច្ចេក​ទេស​ដាំ​ដំ​ណាំ​រួម​ផ្សំ​ ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​ ដាំ​ដំ​ណាំ​ឈើ​ ហូប​ផ្លែ​ ចិញ្ចឹម​សត្វ​ ដើម្បី​ជន​រួម​ជាតិ​ខ្មែរ​អនុវត្ត​បច្ចេក​ទេស​ទៅ​ក្នុង​ការ​ផលិត; ជ្រើស​រើស​ទម្រង់​រក​ស៊ី​មាន​ប្រ​សិទ្ធ​ភាព​ សម​ស្រប​ជា​មួយ​នឹង​ដី​ធ្លី​ និង​លក្ខណៈ​សេដ្ឋ​កិច្ច​របស់​គ្រួ​សារ។​ អា​ស្រ័យ​ហេតុ​នោះ​ បច្ចុប្បន្ន​ ជីវ​ភាព​រ​បស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត​បាក​លីវ​បាន​ល្អ​ប្រ​សើរ​ឡើង​ រួម​ចំ​ណែក​កាត់​បន្ថយ​អត្រា​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​របស់​ខេត្ត៕​

                                      យ្វី​អាញ-វិមាន​

ចែករំលែកអត្ថបទ