ជាធម្មតា ក្រោយពីការផ្ទុះឡើងនៃជំងឺ COVID-១៩ អ្នកជំងឺភាគច្រើនបានជាសះស្បើយនិងមានសុខភាពល្អប្រសើរដូចដើមឡើងវិញ។ ក្នុងពេលនោះក៏មានអ្នកជំងឺប្រមាណពី ២០% ដល់ ៤០% ប៉ះពាល់ដល់សុខភាពយូរអង្វែង ហៅថា រោគសញ្ញាក្រោយពីជាសះស្បើយជំងឺ COVID-១៩ ឬសំណល់ជំងឺ COVID អូសបន្លាយ។ តាមការសិក្សាស្រាវជ្រាវថ្មីរបស់អ្នកឯកទេសនៅសាកលវិទ្យាល័យសុខាភិបាលសហគមន៍ Harvard T.H. Chan បានរកឃើញថា ការអនុវត្តរបៀបរស់នៅល្អត្រឹមត្រូវ គឺជាវិធីសាស្រ្តល្អបំផុតដើម្បីទប់ស្កាត់ហានិភ័យសំណល់ជំងឺ COVID អូសបន្ថាយ។
រូបថតជាឧទាហរណ៍។ រូប៖ Avera.org
សំណល់ជំងឺ COVID អូសបន្លាយ បណ្តាលឱ្យមានរោគសញ្ញាមួយចំនួនប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ រួមមានដូច៖ ក្អកស្ងួត ពិបាកដកដង្ហើម ឈឺឬចុកទ្រូង អស់កម្លាំងខ្លាំង ឈឺចុករោយ ចុះរាក ឈឺក្បាល ភ្លេចភ្លាំង រលាកត្របកភ្នែកក្នុង គ្រុនក្តៅជាដើម។ អ្នកសិក្សាស្រាវជ្រាវ ឱ្យដឹងថា មានកត្តា ៥ យ៉ាងអាចជួយឱ្យយើងកាត់បន្ថយបានពាក់កណ្តាលហានិភ័យជំងឺ COVID-១៩ ប្តូរមកដំណាក់កាលសំណល់ជំងឺ COVID អូសបន្លាយ នោះគឺ៖
- រក្សាសន្ទស្សន៍ម៉ាសរាងកាយ (BMI) មាំមួនពី ១៨,៥ ដល់ ២៤,៩។
- ចលនារាងកាយពីកម្រិតមធ្យមទៅកម្រិតខ្ពស់ យ៉ាងហោចណាស់ក្នុងមួយសប្តាហ៍ឱ្យបាន ១៥០នាទី។
- កាត់បន្ថយផឹកទឹកដែលផ្ទុកជាតិអាល់កុល។
- មានរបបបំប៉នសុខភាពត្រឹមត្រូវ។
- ដេកឱ្យបានគ្រប់គ្រាន់ (ពី៧-៩ម៉ោងរាល់ថ្ងៃ)។
ដើម្បីឈានដល់ការសន្និដ្ឋានខាងលើ ក្រុមអ្នកសិក្សាស្រាវជ្រាវបានគួបផ្សំការវិភាគ និងធ្វើការផ្ទៀងផ្ទាត់ទិន្នន័យពីរបៀបរស់នៅរបស់គិលានុដ្ឋាយិកាជាង ៣២.០០០នាក់ និងអ្នកជំងឺ COVID -១៩ ជិត ២.០០០ នាក់។ ឃើញថា ស្ថានភាពជំងឺនិងរោគសញ្ញានៃជំងឺ COVID -១៩ របស់ពួកគេ បានកត់សម្គាល់ទាំងក្នុងពេលមានជំងឺ និងក្រោយពីជាសះស្បើយ។ រោគសញ្ញាដែលបានរបាយការណ៍ច្រើនបំផុត គឺអស់កម្លាំង (៥៧,១%) បាត់ក្លិនឬរសជាតិ (៤០,៩%) ពិបាកដកដង្ហើម (២៥,៣%) ភ្លេចភ្លាំង ភាន់ស្មារតី អ័ព្ទខួរក្បាល (២១,៦%) និងបញ្ហាពីការចងចាំ (២០,០%)។
ការប្រកាសផ្សាយជាសាធារណៈលើទស្សនាវដ្ដីផ្នែករោគក្នុងរបស់សមាគមវេជ្ជសាស្រ្តអាមេរិក (JAMA Internal Medicine) ក្រុមអ្នកឯកទេសបានឱ្យដឹងថា ហានិភ័យសំណល់ជំងឺ COVID អូសបន្លាយមានការទាបជាងចំពោះអ្នកដែលមានកត្តាពីរបៀបរស់នៅល្អត្រឹមត្រូវ។ ជាក់ស្តែង បើប្រៀបជាមួយនឹងអ្នកមិនប្រកាន់ខ្ជាប់នូវកត្តាពីរបៀបរស់នៅល្អត្រឹមត្រូវ ឃើញថាអ្នកដែលប្រកាន់ខ្ជាប់នូវកត្តា ៥ ឬ ៦ យ៉ាង បានកាត់បន្ថយហានិភ័យសំណល់ជំងឺ COVID អូសបន្លាយ៥០% (កត្តាទី ៦ គឺមិនជក់បារីឬឈប់ជក់បារី)។ ក្រៅពីនោះ ក្នុងចំណោមអ្នកមានសំណល់ជំងឺ COVID អូសបន្លាយ អ្នកដែលមានកត្តារស់នៅល្អត្រឹមត្រូវច្រើនជាង ក៏តិចមានរោគសញ្ញាសំណល់ជំងឺជាងដែរ៕
ហ្វាងដេវ (យោង៖ Study Finds) - វិមាន