យោងតាមមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តសុកត្រាំង នៅតាមសាលាជនជាតិអន្តេវាសិកមានវិធីសាស្ត្របង្រៀនសមស្របនឹងលក្ខណៈពិសេសដោយឡែក រួមចំណែកលើកកម្ពស់គុណភាពអប់រំនៅតំបន់ជនរួមជាតិខ្មែរ។
គណៈនាយកសាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង ជូនរង្វាន់ដល់សិស្សរៀនពូកែ។
ខេត្តសុកត្រាំង បច្ចុប្បន្នមានសាលាវិទ្យាល័យនិងអនុវិទ្យាល័យជនជាតិអន្តេវាសិកចំនួន ១០ នៅតាមស្រុក ទីរួមខេត្ត និងក្រុងដែលមានជនរួមខ្មែររស់នៅកុះករ។ គ្រប់សាលាទាំងអស់បានវិនិយោគកសាងមូលដ្ឋានសម្ភារៈនិងបំពាក់គ្រឿងបរិក្ខារតាមទិសដៅសម្រេចបទដ្ឋានជាតិ ឆ្លើយតបទៅនឹងតម្រូវការផ្លាស់ថ្មីដើម្បីអនុវត្តនូវកម្មវិធីអប់រំចំណេះទូទៅឆ្នាំ ២០១៨។ ចំនួនកម្មាភិបាលគ្រប់គ្រង គ្រូបង្រៀនសម្រេចបទដ្ឋានវិជ្ជាជីវៈគឺ ១៣.២២៨/១៥.២១៥ ស្រូបអត្រា ៨៦,៩% និងសម្រេចលើសបទដ្ឋាន ៣៥៧/១៥.២១៥ ស្រូបអត្រា ២,៣៥%។
ជាច្រើនឆ្នាំមកនេះ សាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿងខេត្តសុកត្រាំង តែងមានពិន្ទុប្រឡងបញ្ចប់កម្រិតវិទ្យាល័យឈរចំណាត់ថ្នាក់លេខ ១ លេខ ២ក្នុងខេត្ត។ ចាប់តាំងពីដើមឆ្នាំសិក្សា សាលាបានតម្រង់ទិសសិស្សឱ្យជ្រើសរើសមុខវិជ្ជាសិក្សាប្លុក A, B, C។ល។ សមស្របនឹងសមត្ថភាពដើម្បីពង្រីកប្រសិទ្ធភាពក្នុងការសិក្សា។ ទន្ទឹមនឹងនោះ ជំរុញឱ្យគ្រូបង្រៀនមានភាពបត់បែន ច្នៃប្រតិដ្ឋក្នុងការបង្រៀន ធានាគុណភាពសិក្សា។ អ្នកគ្រូត្រឹងធីគឹមហុង ជាគ្រូបង្រៀនវិញ្ញាសាអក្សរសាស្ត្រនៅសាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង ចែករំលែក៖ “ខ្ញុំតែងសិក្សាស្រាវជ្រាវ ធ្វើបច្ចុប្បន្នភាពព័ត៌មានថ្មីៗ ដើម្បីបង្កើនចំណេះដឹងសម្រាប់បម្រើការបង្ហាត់បង្រៀនបានល្អ។ ម៉ោងរៀនក្នុងថ្នាក់ ខ្ញុំរៀបចំពេលវេលាឱ្យសមស្របដើម្បីណែនាំសិស្សឱ្យយល់ពីខ្លឹមសារនៃមេរៀន។ ពង្រីកសមត្ថភាពសិស្សដោយវិធីដាក់សំនួរឱ្យសិស្សឆ្លើយ បង្កើតក្រុមដើម្បីសិស្សស្រាវជ្រាវនិងឡើងធ្វើបទបង្ហាញមេរៀនដោយខ្លួនឯង។ តាមរយៈនោះ ខ្ញុំយល់ឃើញថា ម៉ោងរៀនតែងមានភាពរស់រវើក ប្រកបដោយប្រសិទ្ធភាពនិងសម្រេចបានគុណភាពខ្ពស់”។
សិស្សសាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង តែងមកអានសៀវភៅនៅបណ្ណាល័យរបស់សាលា ដើម្បីបង្កើនចំណេះដឹង។
ចំណែកលោកគ្រូឡៀងហៀងសឺ នាយកសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកឡុងភូ ឱ្យដឹង៖ “សិស្សសម័យនេះ មានសមត្ថភាពយល់មេរៀនឆាប់រហ័ស។ ប្អូនៗចេះស្រាវជ្រាវដោយខ្លួនឯងក្នុងសៀវភៅពុម្ព តាមប្រព័ន្ធអ៊ីនធឺណេត និងរៀនជាក្រុម។ ហេតុនេះ គ្រូបង្រៀនតែងធ្វើបច្ចុប្បន្នភាពនូវចំណេះដឹងថ្មីៗ បត់បែនក្នុងការបង្ហាត់បង្រៀនប្រកបដោយគំនិតច្នៃប្រតិដ្ឋ ព្រមទាំងជ្រើសយកវិធីសាស្ត្របង្រៀនឱ្យបានសមស្របបំផុតនឹងសមត្ថភាពរបស់សិស្សខ្មែរ ដើម្បីសម្រេចបានប្រសិទ្ធភាពខ្ពស់។ ជាច្រើនឆ្នាំមកនេះ អត្រាសិស្សសម្រេចនិទ្ទេសគ្រាន់បើ ពូកែរបស់សាលាកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយសិស្សចូលរួមប្រឡងសិស្សពូកែថ្នាក់ស្រុក ខេត្តក៏កាន់តែកើនជាលំដាប់”។
យោងតាមប្រសាសន៍លោកចូវត្វឹងហុង នាយកមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តសុកត្រាំង គ្រប់សាលាជនជាតិអន្តេវាសិកសុទ្ធតែបត់បែន ក្នុងការបង្រៀន អនុវត្តមានប្រសិទ្ធភាពនូវរាល់វិធីសាស្ត្របង្រៀនថ្មី សមស្របនឹងសមត្ថភាពសិស្សជនជាតិ ដូច្នេះ គុណភាពអប់រំនៅតាមសាលាជនជាតិអន្តេវាសិកត្រូវបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ៕
យ្វីអាញ-មុនី