ខេត្តសុកត្រាំង តែងយកចិត្តទុកដាក់វិនិយោគធ្វើឱ្យសុក្រឹតប្រព័ន្ធសាលារៀននៅតំបន់ដែលមានជនជាតិខ្មែររស់នៅកុះករ; រួមចំណែកអនុវត្តល្អនូវការងារអប់រំ លើកកម្ពស់កម្រិតប្រជាបញ្ញាដល់តំបន់ជនជាតិខ្មែរ។
លោកស្រីហូធីកឹមដាវ អនុលេខាគណៈកម្មាធិការបក្សខេត្តសុកត្រាំង ជូនអាហារូបករណ៍ដល់សិស្សក្រីក្រសង្វាត់រៀនសូត្រ។
យោងតាមមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តសុកត្រាំង ដំណាច់ឆ្នាំសិក្សា ២០២១-២០២២ ខេត្តមានសាលារៀនគ្រប់កម្រិតចំនួន ៤៨១ ក្នុងនោះ មានសាលារដ្ឋចំនួន ៤៦៣ (រួមមានវិទ្យាល័យ ចំនួន ៣៩ អនុវិទ្យាល័យ ១០៧ បឋមសិក្សាចំនួន ១៩៩ និងសាលាមត្តេយ្យចំនួន ១១៨) និងមាន ១៨ សាលាឯកជនគ្រប់កម្រិតសិក្សា។ ចំពោះការអប់រំនៅតំបន់ជនជាតិភាគតិច កាលពីឆ្នាំសិក្សាកន្លង គឺមានសិស្សជនជាតិភាគតិច សរុបចំនួន ៩២.៧២៦ នាក់ ចាប់ពីថ្នាក់មត្តេយ្យដល់វិទ្យាល័យ ស្រូបអត្រា ៣០,៧៣%។ បច្ចុប្បន្ន ខេត្តមានសាលាបង្រៀនភាសាខ្មែរចំនួន ១៣៣ មានសិស្សរៀនចំនួន ៤២.២០៤ នាក់។ លោកលីខែន នាយកសាលាបឋមសិក្សាថាញ់ភូ ៣ ស្រុកមីស្វៀង មានប្រសាសន៍៖ “សិស្សរបស់សាលា ជិត ៩៥% ជាជនជាតិខ្មែរ ដូច្នេះសាលាមានគ្រូគ្រប់គ្រាន់សម្រាប់បង្រៀនភាសាខ្មែរដល់សិស្សចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ៥។ ពិសេស សាលាត្រូវបានវិនិយោគសាងសង់សម្រេចបទដ្ឋានជាតិ ម្ល៉ោះហើយមូលដ្ឋានសម្ភារៈនិងឧបករណ៍បង្រៀនមានគ្រប់សព្វ រួមចំណែកលើកកម្ពស់គុណភាពអប់រំ”។
ប្រព័ន្ធសាលារៀននៅតំបន់ជនជាតិខ្មែររបស់ខេត្តសុកត្រាំង បានវិនិយោគ
សាងសង់យ៉ាងសុក្រឹត។
ទន្ទឹមនឹងនោះ ខេត្តក៏មានសាលាជនជាតិអន្តេវាសិកចំនួន ១០ ដែលមានសិស្សានុសិស្ស ជាង ៣.០០០ នាក់ចូលរៀនជារៀងរាល់ឆ្នាំ។ សាលាជនជាតិត្រូវបានវិនិយោគគ្រប់សព្វខាងមូលដ្ឋានសម្ភារៈ និងឧបករណ៍បង្ហាត់បង្រៀន។ យោងតាមលោកថាច់សុង នាយកវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង សាលាកំពុងតែជំរុញការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការគ្រប់គ្រងនិងបង្រៀន។ ជាពិសេស សាលារៀននិងថ្នាក់រៀនទាំងអស់បានបង្កើតក្រុមលើកម្មវិធី Zalo ដើម្បីទំនាក់ទំនងផ្តល់ព័ត៌មានពីលទ្ធផលសិក្សាដល់ឪពុកម្តាយសិស្សបានទាន់ពេល សំដៅសហការក្នុងការបង្រៀននិងរៀនឱ្យមានប្រសិទ្ធភាព។ ជាមួយនឹងការចូលរួមគ្រប់គ្រង និងអប់រំរបស់ឱពុកម្តាយសិស្ស និងគ្រូបង្រៀន សាលាក៏មានវិធីសាស្រ្តបង្រៀនសមស្រប បានញុាំងឱ្យគុណភាពអប់រំកើនឡើង។ ជារៀងរាល់ឆ្នាំ សាលាតែងមានសិស្សប្រឡងជាប់កម្រិតវិទ្យាល័យ ១០០%។
យោងតាមប្រសាសន៍លោក ចូវតឹងហុង នាយកមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តសុកត្រាំង ឆ្នាំសិក្សា ២០២២-២០២៣ នេះ ខេត្តនឹងបន្តអនុវត្តគោលនយោបាយអាទិភាពវិនិយោគមូលដ្ឋានសម្ភារៈ និងឧបករណ៍បង្រៀនដល់សាលារៀនតំបន់ជនជាតិភាគតិច។ ក្នុងនោះ អាទិភាពពង្រឹងនិងអភិវឌ្ឍប្រព័ន្ធវិទ្យាល័យជនជាតិអន្តេវាសិក ដើម្បីលើកកម្ពស់គុណភាពអប់រំនៅតំបន់ជនជាតិភាគតិច។ ក្រៅពីនេះ ផ្នែកអប់រំខេត្តក៏បានសហការជាមួយសមាគមជំរុញការសិក្សារៀបចំជូនអាហារូបករណ៍ និងឧបករណ៍សិក្សាដល់សិស្សានុសិស្សជនជាតិខ្មែរក្រីក្រសង្វាត់រៀនសូត្រ ដើម្បីជួយប្អូនៗជម្នះការលំបាក និងសិក្សាបានល្អ៕
លីធាន-បកប្រែ៖សុផល