ជាភូមិក្រីក្រមួយ ប៉ុន្តែបច្ចុប្បន្ន ភូមិទ្រុងថុង ឃុំត្វឹងទឹក ស្រុកថាញ់ទ្រី ខេត្តសុកត្រាំង ក្លាយជាភូមិមានបំផុតរបស់ឃុំ។ នោះគឺជាប្រសិទ្ធភាពនៃគោលនយោបាយរបស់រដ្ឋ និងការឈានឡើងចាកផុតពីភាពក្រីក្ររបស់ប្រជាជន។
ទម្រង់ចិញ្ចឹមក្របីជួយឱ្យគ្រួសារបងលីវ៉ៀង ឈានឡើងធ្វើមាន។
ជនបទទ្រុងថុង មានភាពផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។
ភូមិទ្រុងថុង មានគ្រួសារជនជាតិខ្មែរ ៨៥% មុនឆ្នាំ ២០១០ អត្រាគ្រួសារក្រីក្ររបស់ភូមិទ្រុងថុងមានដល់ទៅ ៥០% ឯណោះ។ អាស្រ័យហេតុនោះ ឃុំតែងអាទិភាពផ្សព្វផ្សាយ អនុវត្តនូវគោលនយោបាយជនជាតិ ដូចជា៖ គោលនយោបាយបុលទុនអនុគ្រោះ ឧបត្ថម្ភសាងសង់លំនៅឋាន ឧបត្ថម្ភពូជឈើដំណាំ និងពូជសត្វចិញ្ចឹម; វិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ ធារាសាស្ត្រ; គោលនយោបាយ បណ្តុះបណ្តាលវិជ្ជាជីវ និងឧទ្ទេសនាមការងារធ្វើ ៘ ពិសេស នៅពេលផ្សព្វផ្សាយអនុវត្តកម្មវិធីទិសដៅជាតិស្ដីពីការកសាងជនបទ ក៏មានផ្លូវគមនាគមន៍ជនបទ ធារាសាស្ត្រ អគ្គិសនី ទឹកស្អាត ៘ ត្រូវបានវិនិយោគគ្រប់សព្វ។ ផ្តើមពីនោះ ប្រជាជនបានបង្ខិតជិតព័ត៌មានពីការងារធ្វើ អនុវត្តវិទ្យាសាស្ត្របច្ចេកទេសក្នុងការបង្កបង្កើនផល ចិញ្ចឹមសត្វ ម្ល៉ោះហើយជីវភាពត្រូវបានផ្លាស់ប្ដូរបន្តិចម្តងៗ។ លោកត្រឹងមិញតឹម ប្រធានគណៈកម្មការប្រជាជនភូមិទ្រុងថុង ឱ្យដឹង៖ “កាលពីមុន ទូទាំងភូមិរកតែផ្ទះឥដ្ឋមួយខ្នងស្ទើរតែគ្មានផង ភាគច្រើនសុទ្ធតែជាផ្ទះស្លឹក; រីឯសព្វថ្ងៃ មើលទៅឃើញសុទ្ធតែផ្ទះឥដ្ឋ។ មាមីងខ្មែរនៅភូមិទ្រុងថុងឈានឡើងធ្វើមាន គឺអាស្រ័យមានគោលនយោបាយវិនិយោគ និងស្មារតីឆ្លងកាត់ការលំបាកចាកផុតពីភាពក្រីក្រ”។ តាមប្រសាសន៍លោកតឹម គិតមកទល់ពេលនេះ ទូទាំងភូមិអ្នកគ្រប់អាយុពលកម្មដែលមានការងារធ្វើជាង ៦០% រកបានប្រាក់ចំណូលលំនឹង តាមរយៈធ្វើការនៅតាមក្រុមហ៊ុន អាជីវកម្ម និងកសិដ្ឋានចិញ្ចឹមសត្វជាដើម។ អាស្រ័យហេតុនោះ អត្រាគ្រួសារក្រីក្ររបស់ភូមិកាត់បន្ថយនៅក្រោម ១០% ប៉ុណ្ណោះ។ តួយ៉ាងដូចគ្រួសារបងលីសើុង ជាគ្រួសារក្រីក្រមួយហើយជិត ២០ ឆ្នាំធ្វើការឈ្នួលនៅកសិដ្ឋានចិញ្ចឹមជ្រូក ទើបសព្វថ្ងៃ ជីវភាពគ្រួសារគាត់បានល្អប្រសើរ។ បើតាមបងសើុង នៅពេលភូមិភាគបានផ្តល់ពិគ្រោះ និងឧទ្ទេសនាមការងារធ្វើក្នុងកសិដ្ឋានចិញ្ចឹមជ្រូក នៅប៊ិញយឿង មានប្រាក់ខែលំនឹង ទទួលបានគោលនយោបាយគ្រប់គ្រាន់ពីធានារ៉ាប់រង និងចិញ្ចឹមបាយ ទឹក កន្លែងស្នាក់នៅ ម្ល៉ោះហើយខ្ញុំហៅប្រពន្ធកូនឡើងមកធ្វើការជាមួយគ្នា។ បច្ចុប្បន្ន គ្រួសារខ្ញុំទាំង ៣ នាក់ រកបានប្រាក់ខែជាមធ្យមភាគជាង ១០ លានដុង/ខែ/ម្នាក់ ហេតុនោះ ទើបខ្ញុំសន្សែសន្សំបានប្រាក់សង់ផ្ទះអស់ជាង ៧០០ លានដុង។ ចំណែកបងស្រីសើុងធីវ័ន ឱ្យដឹង៖ “កូនទាំងពីរនាក់របស់ខ្ញុំទៅធ្វើការនៅកសិដ្ឋានចិញ្ចឹមជ្រូកនៅផាងថៀក រកបានប្រាក់ចំណូលជាង ២០ លានដុង/ខែ។ ចំណែកខ្ញុំនៅផ្ទះបានរដ្ឋឧបត្ថម្ភដើមទុន និងបច្ចេកទេសចិញ្ចឹមក្របី។ បច្ចុប្បន្ន ហ្វូងក្របី ១៦ ក្បាល ចន្លោះពេល ៣ ឆ្នាំគឺខ្ញុំលក់ពី ៣ - ៤ ក្បាល ជាមួយតម្លៃប្រមាណ ៣៨ លានដុង/ក្បាល។ ទឹកប្រាក់ដែលប្រិតសំចៃបានពីការលក់ក្របី និងកូនៗផ្ញើមក ខ្ញុំទិញបានដីស្រែ ១២ កុង និងសង់បានផ្ទះឥដ្ឋរឹងមាំ”។
លោកថាច់ថាញតឹម អនុលេខាគណៈកម្មាធិការប្រជាជនឃុំត្វឹងទឹក ឱ្យដឹង៖ “មាមីងខ្មែរនៅភូមិទ្រុងថុង ស៊ូទ្រាំលំបាកប្រកបការងាររកស៊ី រស់នៅប្រិតសំចៃដើម្បីឈានឡើងធ្វើមាន។ បច្ចុប្បន្ន ភូមិទ្រុងថុងត្រូវបានចាត់ជាភូមិមានបំផុតរបស់ឃុំ”៕
យ្វីអាញ-លីសៀ