ច្រើនឆ្នាំកន្លង ខេត្តបាកលីវ តែងផ្តោតការយកចិត្តទុកដាក់អនុវត្តយ៉ាងពេញលេញនូវគោលនយោបាយរបស់រដ្ឋសម្រាប់ជនរួមជាតិខ្មែរ។ ព្រមជាមួយនោះ គឺការខិតខំឈានឡើងរបស់ប្រជាជន ហេតុនោះជីវភាពបានឈានឡើងធូរធារជាសន្សឹមៗ។
![បាកលីវ មានគោលនយោបាយជាច្រើនគិតគូរដល់គ្រួសារមាមីងខ្មែរក្រីក្រ](https://baocantho.com.vn/image/fckeditor/upload/2022/20221024/images/khmer/31.jpg)
មានប្រភពទុនឧបត្ថម្ភគ្រួសារខ្មែរជាច្រើននៅឃុំហឹងហោយដាំដំណាំរួមផ្សំ
រកបានប្រាក់ចំណូលលំនឹង។
ខេត្តបាកលីវ ខិតខំដល់ឆ្នាំ ២០២៥ គឺអត្រាគ្រួសារក្រីក្រមធ្យមភាគទូទាំងខេត្តថយចុះនៅក្រោម ១%។ ក្នុងនោះ តំបន់ជនបទមានអត្រាគ្រួសារក្រីក្រថយចុះនៅក្រោម ២%; តំបន់ទីក្រុង (រួមមានសង្កាត់ ទីប្រជុំជន) មានអត្រាគ្រួសារក្រីក្រថយចុះនៅក្រោម ១% (លើកលែងតែគ្រួសារក្រីក្រមានមុខសញ្ញាគាំពារសង្គម); អត្រាគ្រួសារក្រីក្រក្នុងតំបន់ជនជាតិភាគតិចថយចុះ ១% រៀងរាល់ឆ្នាំ និងគ្មានគ្រួសារក្រីក្រមានសមាជិកជាអ្នកមានគុណបំណាច់ចំពោះបដិវត្តន៍។ តាមប្រសាសន៍លោក ផាងថាញយី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបាកលីវ ដើម្បីកាត់បន្ថយភាពក្រីក្រក្នុងជនរួមជាតិ ខេត្តបានផ្តុំកម្លាំងអនុវត្តល្អនូវគោលការណ៍របស់បក្ស គោលនយោបាយរបស់រដ្ឋចំពោះជនរួមជាតិខ្មែរ។ ក្នុងនោះ អាទិភាពវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់មានជនរួមជាតិរស់នៅកុះករ អនុវត្តនូវកម្មវិធី គោលនយោបាយជាច្រើន បានជួយលើកកម្ពស់ជីវភាពជនរួមជាតិ ដូចជា៖ ទទួលគាំពារគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ បង្កើតទម្រង់រកស៊ីចិញ្ចឹមជីវិត ឧបត្ថម្ភសង់ផ្ទះមេត្តាធម៌ ផ្ទះមហាសាមគ្គី ឧបត្ថម្ភរៀនសូត្រ គិតគូរអំពីសុខាភិបាល បណ្តុះបណ្តាលវិជ្ជាជីវៈ ឧទ្ទេសនាមការងារធ្វើ ឧបត្ថម្ភដីសង់លំនៅឋាន ឱ្យបុលទុនដោយការប្រាក់អនុគ្រោះ ដើម្បីអភិវឌ្ឍន៍ផលិតកម្ម។ល។ អាស្រ័យហេតុនោះ គ្រួសារជនរួមជាតិខ្មែរមានជីវភាពលំនឹង។
![បាកលីវ មានគោលនយោបាយជាច្រើនគិតគូរដល់គ្រួសារមាមីងខ្មែរក្រីក្រ](https://baocantho.com.vn/image/fckeditor/upload/2022/20221024/images/khmer/32.jpg)
ផ្លូវជនបទនៅឃុំហឹងហោយ កន្លែងមានជនរួមជាតិខ្មែររស់នៅកុះករ
បានវិនិយោគសម្រេចរួចរាល់។
អ្នកមីងថាច់ធីហេវ នៅឃុំវិញត្រាច់ ក្រុងបាកលីវ គឺជាគ្រួសារមួយក្នុងចំណោម ១៦ គ្រួសារបានគណៈជនជាតិនិងសាសនាខេត្តបាកលីវ ឧបត្ថម្ភសង់ផ្ទះក្នុងឆ្នាំ ២០២២ នេះ (ផ្ទះមួយខ្នងៗឧបត្ថម្ភ ៥០ លានដុង)។ អ្នកមីងហេវ ឱ្យដឹង៖ “ដោយបានរដ្ឋអំណាចឧបត្ថម្ភសង់ផ្ទះជូន ១ ខ្នង ខ្ញុំមានក្តីត្រេកអរក្រៃលែង។ ឥឡូវ មានផ្ទះសម្បែងរឹងមាំ ម្ល៉ោះហើយខ្ញុំនឹងនរចិត្ត ប្រឹងប្រែងបង្កបង្កើនផល ប្តេជ្ញានឹងឈានឡើងចាកផុតពីភាពក្រីក្រ”។ ចំណែកបងស្រីសើុងធីហុងស៊ាង នៅឃុំហឹងហោយ ស្រុកវិញឡើយ ឱ្យដឹង៖ “អាស្រ័យរដ្ឋឧបត្ថម្ភបុលទុនដោយអត្រាការប្រាក់ទាប សម្ព័ន្ធយុវជនឧបត្ថម្ភបច្ចេកទេស ដំឡើងប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ ម្ល៉ោះហើយខ្ញុំបានកែប្រែដី ២ កុងដើម្បីដាំត្របែក។ ច្រើនឆ្នាំមកនេះ អាស្រ័យមានត្របែកលក់ជុំឆ្នាំ ហេតុនោះគ្រួសារខ្ញុំរកបានប្រាក់ចំណូលលំនឹង ជីវភាពបានធូរធារឡើង”។
លោកផាងថាញយី គូសបញ្ជាក់៖ “ខេត្តនឹងធានាប្រភពទុនបុល ១០០% ជូនគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ គ្រួសារទើបចាកផុតពីភាពក្រីក្រ ដែលគ្រប់លក្ខណៈសម្បត្តិ មានតម្រូវការបុលទុនអភិវឌ្ឍន៍ផលិតកម្ម ធ្វើអាជីវកម្ម; ខិតខំធ្វើយ៉ាងណាដើម្បីអ្នកក្រទាំង ១០០% ស្ថិតក្នុងកម្រិតអាយុមានសមត្ថភាពពលកម្ម មានតម្រូវការរៀនវិជ្ជាជីវៈ បានឧបត្ថម្ភបណ្តុះបណ្តាលវិជ្ជាជីវៈ ហ្វឹកហ្វឺនតម្រង់ទិសវិជ្ជាជីវៈ និងបានឧទ្ទេសនាមការងារធ្វើ ដើម្បីរកបានប្រាក់ចំណូលលំនឹង។ ទិសដៅខិតខំដល់ឆ្នាំ ២០២៥ GRDP មធ្យមភាគលើមនុស្សម្នាក់សម្រេចបាន ៦៧,៥១ លានដុង/ឆ្នាំ”៕
លីធាន-វិមាន