ដំណាក់សុខាភិបាលឃុំអាងនិញ ស្រុកចូវថាញ់ ខេត្តសុកត្រាំង ខ្នះខ្នែងអនុវត្តប្រកបដោយប្រសិទ្ធភាពការងារបង្ការ ប្រឆាំងជំងឺឆ្លងរាលដាលក្នុងសហគមន៍ អនុវត្តល្អការងារថែទាំសុខភាពបឋមជូនប្រជាជន។
កម្មាភិបាលនៃដំណាក់សុខាភិបាល ពិគ្រោះពីរបៀបថែទាំសុខភាពដល់បងស្រីហ្វិញថាញហ្វា ក្រោយពីដាក់កងពន្យាកំណើត។
ដំណាក់សុខាភិបាលឃុំអាងនិញ សហការជាមួយនឹងអង្គការមហាជន ក្រុមសុខាភិបាលនៅតាមភូមិនានា ធ្វើការផ្សព្វផ្សាយ ចលនាប្រជាជនឱ្យយល់ដឹងពីរបៀបបង្ការប្រឆាំងជំងឺមួយចំនួន ដូច៖ ជំងឺគ្រុនឈាម ជំងឺពងដៃ-ជើង-មាត់ ជំងឺរាកស្រួចស្រាវ៘ ពិសេស គឺចលនាប្រជាជនម្ចាស់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID – ១៩។ អាស្រ័យហេតុនេះ ប្រជាជនដឹងពីរបៀបបង្ការជំងឺដោយខ្លួនឯង ម្ល៉ោះហើយស្ថានភាពជំងឺរាតត្បាតនៅភូមិភាគត្រូវបានគ្រប់គ្រងល្អ។ មកទល់ពេលនេះ ឃុំអាងនិញ មានជំងឺគ្រុនឈាមតែ ២ ករណី ជំងឺពងដៃ-ជើង-មាត់ ៤ ករណី អត្រាចាក់វ៉ាក់សាំងបង្ការជំងឺ COVID – ១៩ តាមកម្រិតអាយុសម្រេចតាមផែនការ។
វេជ្ជបណ្ឌិតដំណាក់សុខាភិបាលពិនិត្យជំងឺជូនប្រជាជន។
តាមប្រសាសន៍គ្រូពេទ្យ ង៉ោមិញវឿង អនុប្រធានដំណាក់សុខាភិបាលអាងនិញ ដំណាក់តែងច្បាមភាគកម្រិតដើម្បីអនុវត្តល្អកម្មវិធីទិសដៅជាតិស្តីពីសុខាភិបាល ដូចជា ចាក់វ៉ាក់សាំង បើកទូលាយ បង្ការប្រឆាំងកង្វះអាហារូបត្ថម្ភចំពោះកុមារ ៘ ជារៀងរាល់ឆ្នាំ កុមារអាយុក្រោម ១ ឆ្នាំបានចាក់វ៉ាក់សាំងពេញលេញតាមកំណត់ ១០០%។ កុមារអាយុក្រោម ៣ ឆ្នាំ បានផឹកវីតាមីន A និងពិគ្រោះអាហារូបត្ថម្ភ ១០០%។ ស្ត្រីមានផ្ទៃពោះត្រូវបានពិនិត្យគភ៌ទៀងទាត់ ចាក់វ៉ាក់សាំងតេតាណូសដល់ទារកទើបកើត ផឹកថ្នាំប៉ូវជាតិដែកបង្ការភាពស្លេកស្លាំង៘
ក្រៅពីនោះ កម្មាភិបាលនៃដំណាក់សុខាភិបាលតែងបានទៅរៀនសូត្រ បំពាក់បំប៉នជាប្រចាំ ម៉្លោះហើយមានជំនាញច្បាស់លាស់ អាចឆ្លើយតបតម្រូវការពិនិត្យ ព្យាបាលជំងឺជូនប្រជាជន។ មធ្យមភាគជារៀងរាល់ខែ ដំណាក់សុខាភិបាលបានពិនិត្យជំងឺជូនប្រជាជនជាង ៦០០ លើកនាក់។ បងស្រី ត្រឹងធីធូហា មកពិនិត្យជំងឺ ឱ្យដឹង៖ “គ្រូពេទ្យនៅទីនេះ ពិនិត្យនិងពិគ្រោះជំងឺម៉ត់ចត់ខ្លាំងណាស់ ដូច្នេះខ្ញុំតែងមកពិនិត្យសម្ពាធឈាម ឈឺក្បាល វិលមុខ ដើម្បីយកថ្នាំផឹក។ ពេលមានតម្រូវការធ្វើតេស្ត ឬថតអេកូទើបខ្ញុំឡើងទៅមន្ទីរពេទ្យខេត្ត”។ បងស្រីហ្វិញថាញហ្វា នៅភូមិហ្វាក្វើយ ឱ្យដឹង៖ “គ្រូពេទ្យផ្នែករោគស្រ្តីនៅទីនេះ ពិនិត្យហ្មត់ចត់ណាស់ ដូច្នេះមុននឹងដាក់កងពន្យាកំណើត ខ្ញុំក៏បានពិនិត្យនិងពិគ្រោះពីរបៀបថែទាំសុខភាពជាមុន”។
គ្រូពេទ្យ ង៉ោមិញវឿង ឱ្យដឹង៖ “បច្ចុប្បន្ន ប្រជាជនតែងម្ចាស់ការទិញប័ណ្ណធានារ៉ាប់រងសុខាភិបាល និងជ្រើសរើសកន្លែងពិនិត្យជំងឺល្អបំផុត។ ចំពោះដំណាក់សុខាភិបាលឃុំ ដើម្បីទាក់ទាញអ្នកជំងឺមកពិនិត្យ ក្រៅពីកម្មាភិបាលពេទ្យមានជំនាញច្បាស់លាស់ អាកប្បកិរិយាបម្រើការងារអស់ពីចិត្តពីថ្លើម គឺចាំបាច់ត្រូវមានឧបករណ៍ពិនិត្យ ធ្វើតេស្ត ឆ្លុះ ឬថត។ ដំណាក់សុខាភិបាលបានស្នើមណ្ឌលសុខាភិបាលស្រុកជំនួយឧបករណ៍ធ្វើតេស្ត ឆ្លុះ ឬថត ដូច៖ ម៉ាស៊ីនថតអេកូ ធ្វើតេស្តឈាម ម៉ាស៊ីនជំនួយបេះដូង និងទន្តពេទ្យ៘ ដើម្បីបម្រើឱ្យបានល្អជាងទៀតនូវការថែទាំសុខភាពបឋមជូនប្រជាជន”៕
លីធាន-លេងមី