តាមប្រសាសន៍លោកយ័ញភុក ប្រធានគណៈជនជាតិខេត្តគៀងយ៉ាង ឆ្លងតាមរយៈការអនុវត្តមានប្រសិទ្ធភាពនូវទម្រង់ គម្រោងជាច្រើន ធនធានមនុស្សផ្នែកខាងសុខាភិបាលមូលដ្ឋាននៅតំបន់ជនរួមជាតិភាគតិចកំពុងលំនឹងជាបណ្តើរៗ។ ផ្តើមពីនោះ ប្រជាជនក៏បានថែទាំសុខភាពកាន់តែល្អប្រសើរ។
កម្មាភិបាលពេទ្យជនជាតិខ្មែរនៅមជ្ឈមណ្ឌលសុខាភិបាលស្រុកហ្គក្វាវ ចូលរួមយកសំណាកធ្វើតេស្តក្នុងពេលជំងឺ COVID-១៩ផ្ទុះរាលដាល។
ដើម្បីលើកកម្ពស់គុណភាពនិងបរិមាណភាពកម្មាភិបាលពេទ្យនៅតំបន់ជនជាតិ រយៈពេលកន្លង ខេត្តគៀងយ៉ាង បានបង្កលក្ខណសម្បត្តិឱ្យសិស្សជនជាតិភាគតិច និងកម្មាភិបាលពេទ្យជនជាតិភាគតិចមានឱកាសរៀនសូត្រ បង្កើនកម្រិតវិជ្ជាតាមរូបភាពជម្រើសតាំង វិក្រឹតការអន្តរសិក្សា។ល។ តួយ៉ាងដូច វេជ្ជបណ្ឌិតយ័ញគ្វី បច្ចុប្បន្នជាប្រធានការិយាល័យផែនការវិជ្ជាជីវៈនៃមជ្ឈមណ្ឌលសុខាភិបាលស្រុកហ្គក្វាវ។ វេជ្ជបណ្ឌិតគ្វី នៅឃុំធើយក្វាង ស្រុកហ្គក្វាវ មានជីវភាពគ្រួសារក្រលំបាកណាស់ ជំនួសឱ្យការ “ដើរត្រង់” គឺប្រឡងចូលវេជ្ជសាស្រ្តកម្រិតមហាវិទ្យាល័យតែម្តង តែវេជ្ជបណ្ឌិតគ្វី បែរជាជ្រើសយកការដើរ “ផ្លូវវាង” គឺចុះឈ្មោះរៀនមធ្យមសិក្សាសុខាភិបាលនៅខេត្តគៀងយ៉ាង។ ក្រោយពីបញ្ចប់ការសិក្សា បងយ័ញគ្វី ត្រូវបានបញ្ជូនទៅបម្រើការនៅមន្ទីរពេទ្យហ្គក្វាវ។ ដោយស្រឡាញ់អាជីព និងអស់ពីចិត្តចំពោះការងារ ម្ល៉ោះហើយ បងចាប់យកការងារយ៉ាងលឿននិងតែងសម្រេចបានល្អរាល់ភារកិច្ចដែលបានប្រគល់ជូន។ អាស្រ័យហេតុនោះ ខណៈដែលបងរ៉ាយរ៉ាប់ពីក្តីប្រាថ្នាចង់ទៅបំពេញវិក្រឹតការ ថ្នាក់ដឹកនាំមន្ទីរពេទ្យក៏បានបង្កលក្ខណៈឱ្យបងប្រឡងចូលមហាវិទ្យាល័យវេជ្ជសាស្រ្តតាមរបបវិក្រឹតការនៅមហាវិទ្យាល័យឱសថសាស្រ្តកឹងធើ កាលពីឆ្នាំ ២០០០។ បញ្ចប់កម្មវិធីសិក្សាមហាវិទ្យាល័យមួយរយៈ វេជ្ជបណ្ឌិតគ្វី បានរៀនថែមកម្រិតឯកទេស I ម្ល៉ោះហើយកម្រិតវិជ្ជាជីវៈរបស់បងកាន់តែកើនឡើង។
តាមស្ថិតិរបស់គណៈជនជាតិខេត្តគៀងយ៉ាង គ្រាន់តែរយៈពេល ១១ ឆ្នាំ (២០១០–២០២១) ខេត្តគៀងយ៉ាងមានសិស្សជនជាតិភាគតិចជាង ៤០១នាក់ បានរៀនតាមរបបជម្រើសតាំង ក្នុងនោះ មានសិស្សជាច្រើនបានជ្រើសរៀនខាង វេជ្ជសាស្រ្តនិងឱសថសាស្រ្ត។ ភាគច្រើនសិស្សដែលរៀនមុខវិជ្ជាទាំងនេះ ក្រោយពីបញ្ចប់ការសិក្សាត្រូវបានរៀបចំឱ្យធ្វើការនៅតំបន់ជនរួមជាតិភាគតិច ម្ល៉ោះហើយ សុខាភិបាលនៅតំបន់ជនរួមជាតិត្រូវបានបង្កើនឡើងជាប្រត្យក្ស។ និស្សិតដែលបានជម្រើសតាំងមួយចំនួនកំពុងអនុវត្តល្អការងារនៅមូលដ្ឋាន មានដូចជា៖ គ្រូពេទ្យយ័ញធីដុង គ្រូពេទ្យធីសាញ៉ឹង ជាដើម។
តាមប្រសាសន៍លោកយ័ញភុក ដោយសារការរៀបចំកម្មាភិបាលបន្តវេនក៏ដូចជាជម្រុះពីក្របខណ្ឌ ម្ល៉ោះហើយគណៈជនជាតិកំពុងសហការជាមួយនឹងអង្គភាពនានាផ្តុំកម្លាំងជម្រើសតាំងមុខវិជ្ជាមួយចំនួន ដែលប៉ាន់ស្មាននឹងមានតម្រូវការក្នុងរយៈពេលខាងមុខ ដើម្បីចៀសវាងជួបការលំបាកពេលរៀបចំការងារសម្រាប់ប្អូនៗ ក្រោយពីបញ្ចប់ការសិក្សា។ នេះគឺការតម្រង់ទិសដ៏សំខាន់ដើម្បីសម្រេចតាមសំណូមពរអំពីអត្រាវេជ្ជបណ្ឌិត គ្រូពេទ្យ/ម៉ឺនប្រជាជន តាមការកំណត់របស់រដ្ឋ៕
ហាថាញ-លីសៀ