យោងតាមការស្រាវជ្រាវថ្មីមួយ ដែលបានចុះផ្សាយលើទស្សនាវដ្ដីស្រាវជ្រាវបង្ការជំងឺមហារីក ការបរិភោគរៀងរាល់ថ្ងៃប្រភេទម្សៅធន់ទ្រាំ-ជាប្រភេទម្សៅដែលមានច្រើនក្នុងផ្លែចេកខ្ចី អាចនឹងបង្ការការកកើតនៃជំងឺមហារីក ចំពោះអ្នកដែលមានហានិភ័យខ្ពស់កើតជំងឺនេះ ដោយសារតំណត្រកូល។
ផ្លែចេកខ្ចីមានផ្ទុកសារធាតុម្សៅធន់ទ្រាំខ្ពស់។
ដើម្បីឈានដល់ការសន្និដ្ឋានខាងលើ ក្រុមអ្នកឯកទេសនៅមហាវិទ្យាល័យ Newcastle និង Leeds (អង់គ្លេស) បានតាមដានអត្រានៃការកកើតជំងឺមហារីកចំពោះអ្នកជំងឺជិត ១.០០០ នាក់ ដែលមានបណ្ដុំរោគសញ្ញា Lynch បន្ទាប់ពីការអន្តរាគមន៍ដោយរបបហូបចុក និងធ្វើការសង្កេតប្រតិកម្មនៃការប្ដូរផ្លាស់នេះ។ តាមដែលដឹងមកបណ្ដុំរោគសញ្ញា Lynch ជាស្ថានភាពតំណពូជម្យា៉ងដែលកម្រជួបប្រទះ ធ្វើឱ្យកំណើនហានិភ័យនៃការកើតជំងឺមហារីក តួយ៉ាងដូចជា មហារីកពោះវៀនធំ ខួរក្បាល ក្រពះ និងលំពែង។ អត្រានៃការប្រឈមនឹងបណ្ដុំរោគសញ្ញា Lynch គឺ ១/៣០០ នាក់ ប៉ុន្តែតាមការប៉ាន់ស្មានគឺមានតែអ្នកជំងឺប្រមាណ ៥% ដែលដឹងខ្លួនថាកំពុងប្រឈមនឹងស្ថានភាពនេះ។
ជាក់ស្ដែង ក្រុមអ្នកស្រាវជ្រាវបានសំណូមពរដល់អ្នកជំងឺ ៤៦៣ នាក់ ដែលប្រឈមនឹងបណ្ដុំរោគសញ្ញា Lynch ហូបម្សៅធន់ទ្រាំរៀងរាល់ថ្ងៃចំនួន ៣០ ក្រាម (ប្រហាក់ប្រហែលនឹងការហូបចេកខ្ចីមួយផ្លែ) ក្នុងពេលដែលអ្នកជំងឺ ៤៥៥នាក់ ក្នុងចំណោមក្រុមដែលប្រើប្រាស់ឱសថសិប្បនិមិត្តធ្វើពីម្សៅពោត។ ក្រោយរយៈពេលធ្វើការតាមដាន ២ ឆ្នាំដំបូង ក្រុមអ្នកឯកទេសសង្កេតឃើញថា គ្មានលក្ខណៈខុសប្លែកគ្នាពីអត្រានៃការកើតជំងឺមហារីកចំពោះក្រុមទាំងពីរ អាស្រ័យហេតុនោះ ក្រុមអ្នកស្រាវជ្រាវបានសម្រេចចិត្តអូសបន្លាយពេលវេលានៃការស្រាវជ្រាវថែម ៤ ឆ្នាំទៀត ដើម្បីតាមដានការប្រតិកម្មរយៈពេលយូរនៃរបបហូបបន្ថែមម្សៅធន់ទ្រាំ។ លទ្ធផលបង្ហាញឱ្យឃើញថា អត្រានៃការកើតជំងឺមហារីកផ្លូវរំលាយអាហារដូចពោលខាងលើ មានការថយចុះគួរឱ្យកត់សម្គាល់សម្រាប់ក្រុមដែលប្រើប្រាស់ម្សៅធន់ទ្រាំ។ តាមរយៈនោះ គឺមានតែ ៥ នាក់ប៉ុណ្ណោះក្នុងចំណោមក្រុមប្រើប្រាស់ម្សៅធន់ទ្រាំដែលកើតជំងឺមហារីកផ្លូវរំលាយអាហារខាងលើ បើប្រៀបនឹង ១៧ នាក់ដែលប្រើប្រាស់ឱសថសិប្បនិមិត្ត។
ក្រុមអ្នកឯកទេសសង្កេតឃើញថា ទោះបីប្រើប្រាស់ម្សៅធន់ទ្រាំមិនធ្វើឱ្យថយចុះហានិភ័យកើតជំងឺមហារីកពោះវៀន ប៉ុន្តែជួយធ្វើឱ្យថយចុះដល់ទៅ ៦០% ហានិភ័យកើតជំងឺមហារីកនៅផ្នែកផ្សេងៗនៃរាងកាយ។ ប្រសិទ្ធភាពការពារនេះ កាន់តែខ្លាំងក្លាចំពោះជំងឺមហារីកផ្លូវរំលាយអាហារខាងលើ រួមមាន៖ មហារីកបំពង់អាហារក្រពះ ទងប្រមាត់ លំពែងនិងគល់ពោះវៀន ដែលពិបាកប្រទះឃើញ។
ផលប្រយោជន៍ការពារដូចពោលខាងលើ ត្រូវបានកត់សម្គាល់អាចអូសបន្លាយរយៈពេល ១០ ឆ្នាំ បន្ទាប់ពីឈប់ប្រើប្រាស់ម្សៅធន់ទ្រាំ ក្រុមអ្នកឯកទេសរំពឹងថា ចំពោះរបកគំហើញនេះក៏មានប្រយោជន៍ដល់ចំនួនប្រជាជននិយាយរួម មិនចំពោះតែអ្នកដែលប្រឈមនឹងបណ្ដុំរោគសញ្ញា Lynch នោះទេ។ យោងតាមក្រុមអ្នកស្រាវជ្រាវ ប្រតិកម្មបង្ការការកើតជំងឺមហារីករបស់ម្សៅធន់ទ្រាំ អាចនឹងបណ្ដាលមកពីមានការប្ដូរផ្លាស់ដំណាក់កាលប្ដូរអាស៊ីតទឹកប្រមាត់នៃអតិសុខុមប្រាណពោះវៀន ព្រមជាមួយនោះ ធ្វើឱ្យកាត់បន្ថយអាស៊ីតទឹកប្រមាត់ ដែលបណ្តាលឱ្យខួចរចនាសម្ព័ន្ធ ADN និងនាំឱ្យកើតជំងឺមហារីក។
តាមដែលបានដឹង ក្រៅពីផ្លែចេកខ្ចី ម្សៅធន់ទ្រាំថែមទាំងមានក្នុងប្រភេទអាហារផ្សេងៗ ដូចជា ស្រូវសាលី ធញ្ញជាតិ និងសណ្ដែក។ តួយ៉ាងដូចជា ស្រូវសាលីមួយចានអាចផ្ទុក ៤,៤ ក្រាមម្សៅធន់ទ្រាំ សណ្ដែកហូឡង់ចម្អិនឆ្អិនមួយចាន ផ្ទុក ៤ ក្រាមម្សៅធន់ទ្រាំ សណ្ដែកបាយដែលចម្អិនឆ្អិនកន្លះចាន ផ្ទុក ៣,៧ ក្រាមម្សៅធន់ទ្រាំ៕
ប្រភព៖ កាសែតកឹងធើភាសាវៀត-ពេជ្រសឿន