ព័ត៌មានពីការដកហូតសៀវភៅគ្រួសារក្រដាស ធ្វើឱ្យអ្នកជាច្រើនបារម្ភ ដ្បិតអី នេះជាប្រភេទក្រដាសស្នាមធ្លាប់ប្រើប្រាស់សម្រាប់បញ្ជាក់ពីកន្លែងស្នាក់នៅក្នុងការដោះដូរ ធ្វើបែបបទរដ្ឋបាល។ កាសែតកឹងធើ សូមឧទ្ទេសនាមនូវព័ត៌មានដែលប្រជាជនគប្បីដឹងពីការដកហូតសៀវភៅគ្រួសារ។
នគរបាលសង្កាត់ឡុងតៀង ខ័ណ្ឌប៊ិញធ្វី ក្រុងកឹងធើ កំពុងបំពេញបែបបទចុះឈ្មោះស្នាក់នៅអចិន្រ្តៃយ៍ជូនប្រជាជន។ រូបថត៖ វ៉ាន់ត្រៀង
ករណីត្រូវដកហូតសៀវភៅគ្រួសារ
យោងតាមសេចក្តីកំណត់នៅប្រការ ២ មាត្រា ២៦ នៃសារាចរលេខ ៥៥/២០២១/TT-BCA ប្រជាជននឹងត្រូវដកហូតសៀវភៅគ្រួសារឡើងវិញ ខណៈពេលទៅចុះឈ្មោះស្នាក់នៅអចិន្រ្តៃយ៍; កែតម្រូវព័ត៌មានក្នុងមូលដ្ឋានទិន្នន័យនៃការស្នាក់នៅ; កាត់ឈ្មោះចេញពីគ្រួសារ; លុបឈ្មោះស្នាក់នៅអចិន្រ្តៃយ៍; ចុះឈ្មោះស្នាក់នៅបណ្ដោះអាសន្ន; ពន្យាពេលស្នាក់នៅបណ្ដោះអាសន្ន; លុបឈ្មោះស្នាក់នៅបណ្ដោះអាសន្ន ជាហេតុធ្វើឱ្យផ្លាស់ប្ដូរព័ត៌មានក្នុងសៀវភៅគ្រួសារ សៀវភៅស្នាក់នៅបណ្ដោះអាសន្ន។
ពេលអនុវត្តបែបបទណាមួយក្នុងចំណោមខាងលើ ទន្ទឹមនឹងការដកហូតសៀវភៅគ្រួសារ ស្ថាប័នចុះឈ្មោះស្នាក់នៅនឹងកែតម្រូវធ្វើ បច្ចុប្បន្នភាពផ្លាស់ប្ដូរព័ត៌មានចូលក្នុងមូលដ្ឋាន ទិន្នន័យនៃការស្នាក់នៅ ហើយមិនផ្ដល់ជូនសៀវភៅគ្រួសារថ្មី ឬផ្ដល់ជូនឡើងវិញសៀវភៅគ្រួសារដែលបានដកហូតនោះទេ។
ផ្ដល់ជូនលិខិតស្នាមអ្វីសម្រាប់ប្រើជំនួស ខណៈពេលដកហូតសៀវភៅគ្រួសារ ?
ចំពោះករណីនេះ យោងតាមមាត្រា ១៧ សារាចរលេខ ៥៥/២០២១/TT-BCA ពលរដ្ឋមានសិទ្ធិសំណូមពរស្ថាប័នគ្រប់គ្រងការស្នាក់នៅ ផ្ដល់ជូនលិខិតបញ្ជាក់ព័ត៌មាននៃការស្នាក់នៅ ពេលមានតម្រូវការប្រើ អនុវត្តតាម ២ របៀបដូច តទៅ៖ ទៅកាន់ស្ថាប័នចុះឈ្មោះស្នាក់នៅក្នុងទូទាំងប្រទេស ដើម្បីសុំក្រដាសស្នាមបញ្ជាក់ពីព័ត៌មាននៃការស្នាក់នៅ (ប្រការ ៤ មាត្រា ២ នៃច្បាប់ស្នាក់នៅឆ្នាំ ២០២០ ពន្យល់ពីស្ថាប័នចុះឈ្មោះស្នាក់នៅដូចខាងក្រោម៖ ស្ថាប័នចុះឈ្មោះស្នាក់នៅ គឺស្ថាប័នគ្រប់គ្រងស្នាក់នៅដោយផ្ទាល់អនុវត្តការចុះឈ្មោះស្នាក់នៅរបស់ពលរដ្ឋ រួមមាននគរបាលឃុំ សង្កាត់ ទីប្រជុំជន; នគរបាលស្រុក ខ័ណ្ឌ ទីរួមខេត្ត ក្រុង ចំណុះខេត្ត ក្រុងចំណុះមជ្ឈិម កន្លែងដែលគ្មានអង្គភាពរដ្ឋបាលថ្នាក់ឃុំ); ឬផ្ញើសំណូមពរ បញ្ជាក់ព័ត៌មាននៃការស្នាក់នៅ តាមរយៈសេវាកម្មសាធារណៈថ្នាក់ជាតិ សេវាកម្មសាធារណៈគ្រប់គ្រងការស្នាក់នៅ សេវាកម្មសាធារណៈនៃក្រសួងនគរបាល។
រយៈពេលផ្ដល់ជូនលិខិតបញ្ជាក់ព័ត៌មាននៃការស្នាក់នៅ
ក្នុងរយៈពេលធ្វើការ ៣ ថ្ងៃ ស្ថាប័នចុះឈ្មោះស្នាក់នៅ មានភារកិច្ចបញ្ជាក់ព័ត៌មាននៃការស្នាក់នៅ តាមរយៈឯកសារឬឯកសារអេឡិចត្រូនិក តាមការសំណូមពររបស់ពលរដ្ឋ។ ខ្លឹមសារលិខិតបញ្ជាក់ព័ត៌មាននៃការស្នាក់នៅ រួមមានខ្លឹមសារព័ត៌មានពីពេលវេលា ទីតាំង រូបភាពចុះឈ្មោះស្នាក់នៅ។
សុពលភាពនៃលិខិតបញ្ជាក់ព័ត៌មាននៃការស្នាក់នៅ
លិខិតបញ្ជាក់ព័ត៌មានស្នាក់នៅមានតម្លៃរយៈពេល ៦ ខែ ចាប់ពីថ្ងៃផ្ដល់ជូនទៅលើករណីបានកំណត់ត្រង់ប្រការ ១ មាត្រា ១៩ នៃច្បាប់ស្នាក់នៅ៖ “កន្លែងស្នាក់នៅរបស់អ្នកដែលគ្មានកន្លែងស្នាក់នៅអចិន្រ្តៃយ៍និងកន្លែងស្នាក់នៅបណ្ដោះអាសន្ន ដោយសារមិនគ្រប់លក្ខណសម្បត្តិចុះឈ្មោះស្នាក់នៅអចិន្រ្តៃយ៍ ចុះឈ្មោះស្នាក់នៅបណ្ដោះអាសន្ន ជាកន្លែងកំពុងរស់នៅរបស់អ្នកនោះ; ករណីគ្មានកន្លែងរស់នៅច្បាស់លាស់ គឺកន្លែងដែលកំពុងរស់នៅត្រូវបានកំណត់សម្គាល់ថា ជាអង្គភាពរដ្ឋបាលថ្នាក់ឃុំ កន្លែងអ្នកនោះកំពុងរស់នៅ។ អ្នកគ្មានកន្លែងស្នាក់នៅអចិន្រ្តៃយ៍ កន្លែងស្នាក់នៅបណ្ដោះអាសន្ន គប្បីផ្ដល់ព័ត៌មានពីកន្លែងដែលខ្លួនកំពុងរស់នៅជូនស្ថាប័នចុះឈ្មោះស្នាក់នៅ”។
មានសុពលភាព ៣០ ថ្ងៃ រាប់តាំងពីថ្ងៃផ្ដល់ជូន ចំពោះករណីបញ្ជាក់ពីព័ត៌មាននៃការស្នាក់នៅ
ករណីពលរដ្ឋមានការផ្លាស់ប្ដូរ កែតម្រូវព័ត៌មាននៃការស្នាក់នៅ និងត្រូវបានធ្វើបច្ចុប្បន្នភាពក្នុងទិន្នន័យនៃការស្នាក់នៅ គឺលិខិតបញ្ជាក់ពីព័ត៌មាននៃការស្នាក់នៅ នឹងអស់សុពលភាព ចាប់ពីពេលផ្លាស់ប្ដូរ។
តើពេលណាទើបលែងប្រើសៀវភៅគ្រួសារជាផ្លូវការ ?
ប្រការ ៣ មាត្រា ៣៨ នៃច្បាប់ស្នាក់នៅបានកំណត់៖ សៀវភៅគ្រួសារបានប្រើប្រាស់និងមានតម្លៃដូចជាលិខិតស្នាម ឯកសារបញ្ជាក់ពីការស្នាក់នៅរហូតដល់ដាច់ថ្ងៃ ៣១ ខែធ្នូ ឆ្នាំ ២០២២។
តាមរយៈនោះ គឺដល់ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៣ សៀវភៅគ្រួសារនឹងត្រូវបាន “ប្រកាសលែងប្រើ” ជាផ្លូវការ និងអស់សុពលភាពប្រើប្រាស់។ ព្រមជាមួយនោះ ស្ថាប័នសមត្ថកិច្ច នឹងគ្រប់គ្រងព័ត៌មាននៃការស្នាក់នៅរបស់ប្រជាជន ដោយវិធីអេឡិចត្រូនិក ឬហៅថាសៀវភៅគ្រួសារអេឡិចត្រូនិក។
ពេលត្រូវដកហូតសៀវភៅគ្រួសារ ធ្វើម្ដេចអាចស្វែងរកបើកសៀវភៅគ្រួសារអេឡិចត្រូនិក ?
ប្រជាជនអាចស្វែងរកបើកលេខកូដសៀវភៅគ្រួសារអេឡិចត្រូនិករបស់ខ្លួន តាមច្រកព័ត៌មានអេឡិចត្រូនិកនៃធានារ៉ាប់រងសង្គមវៀតណាម នៅអាសយដ្ឋាន https://baohiemxahoi. gov.vn/Pages/default.aspx។
ត្រង់តារាងស្វែងរកអនឡាញនៃ website គ្រាន់តែវាយបញ្ចូលគោត្តនាម ខេត្ត ក្រុង លេខអត្តសញ្ញាណប័ណ្ណពលរដ្ឋ/អត្តសញ្ញាណប័ណ្ណ ប្រជាជនអាចស្វែងរកបានទាំងលេខកូដធានារ៉ាប់រងសង្គម និងលេខសៀវភៅគ្រួសាររបស់ខ្លួន៕
យោងតាមកាសែតកឹងធើភាសាវៀត-ប្រែសម្រួល៖ ថាច់ធី