ព្រះតេជព្រះគុណ ឡឹមសាង គង់នៅវត្តការន្ត នៅភូមិ ៤ ឃុំសាភៀង ស្រុកឡុងមី ខេត្តហូវយ៉ាង តែងយកអស់ពីព្រះទ័យបង្ហាត់របរចម្លាក់ដល់ព្រះសង្ឃក្នុងនិងក្រៅខេត្តដែលនិមន្តមករៀន។
ព្រះតេជព្រះគុណឡឹមសាង។
កាលពីឆ្នាំ ២០០៦ ព្រះតេជព្រះគុណ ឡឹមសាង បាននិមន្តទៅកាន់វត្តស្រឡូង ស្រុកមីស្វៀង ខេត្តសុកត្រាំង សិក្សារៀនសូត្រធម៌អាថ៍វិន័យនិងរៀនចម្លាក់ផងដែរ។ ក្រោយពីសាងផ្នួសបួសរៀនអស់រយៈកាល ៤ ឆ្នាំ ព្រះអង្គបានប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ៤ (បាលីរង) ហើយបានរៀនចម្លាក់នៅទីនោះ។ ក្រោយមកទៀត ព្រះអង្គបាននិមន្តទៅកាន់វត្តកំពង់ជ្រៃ ខេត្តត្រាវិញ ដើម្បីរៀនបន្ថែមរបរចម្លាក់នេះ។ ឆ្នាំ ២០១៦ ព្រះតេជព្រះគុណ ឡឹមសាង បានចេះរបរចម្លាក់ ព្រះចៅអធិការវត្តការន្ត ក៏បាននិមន្តព្រះអង្គឱ្យមកគង់នៅវត្តវិញ ដើម្បីជួយបង្ហាត់បង្រៀនដល់ព្រះសង្ឃក្នុងវត្ត។ ព្រះតេជព្រះគុណ ឡឹមសាង មានថេរដីកា៖ “មកដល់វត្ត អាត្មាភាពបានទំនាក់ទំនងតាមវត្តនៅខេត្តនានា ស្វែងរកគល់ឈើស្ងួត យកមកឆ្លាក់ និងទិញគល់ឈើស្ងួតមួយចំនួនតាមភូមិស្រុកយកមកបង្រៀនដល់ព្រះសង្ឃ។ អាត្មាភាពមិនសូវជំនាញរបរចម្លាក់ទេ ប៉ុន្តែ បំណងចង់បង្ហាត់បង្រៀនរបរប្រពៃណីដល់ព្រះសង្ឃជួនជាលាចាកសិក្ខាបទទៅក៏មានរបរក្នុងដៃនឹងគេ”។
ព្រះតេជព្រះគុណ ឡឹមសាង ( អង្គឈរ) ណែនាំព្រះសង្ឃពីរបៀបឆ្លាក់គល់ឈើ។
ចាប់ពីឆ្នាំ ២០១៦ មកទល់ពេលនេះ ព្រះតេជព្រះគុណ ឡឹមសាង បានទទួលឈើយកមកឆ្លាក់ជារូបផ្សេងៗដូច៖ សត្វតំណាងឆ្នាំទាំង ១២ រូបសត្វនាគ–តោ–អណ្តើក–ក្ងោក ឬសត្វសត្វឥន្ទ្រីយ៍ ត្រី ៘ មានព្រះសង្ឃជាច្រើនបាននិមន្តមករៀនចម្លាក់នៅវត្តការន្ត។ តាមថេរដីកា ព្រះតេជព្រះគុណ ឡឹមសាង មធ្យមភាគក្នុងមួយឆ្នាំ មានព្រះសង្ឃ ៥-៧ អង្គ ក្នុងនិងក្រៅខេត្តនិមន្តមករៀន។ ព្រះតេជព្រះគុណ តាំងឌឿង កំពុងរៀនចម្លាក់ ពិតឱ្យដឹង៖ “នេះជាវត្តដំបូងគេក្នុងខេត្ត ដែលបង្រៀនរបរចម្លាក់ ម្ល៉ោះហើយអាត្មាភាពត្រេកអរណាស់និងថ្លែងអំណរគុណដល់ព្រះតេជព្រះគុណ ឡឹមសាង ដែលបានពាំនាំរបរចម្លាក់មកបង្ហាត់បង្រៀនដល់ព្រះសង្ឃនិងយុវជនខ្មែរនៅហូវយ៉ាង។ ម្យ៉ាងទៀត ព្រះតេជព្រះគុណ ឡឹមសាង បានបង្ហាញយ៉ាងហ្មត់ចត់ពីវិធីគូររូបឆ្លាក់លើគល់ឈើ និងរបៀបឆ្លាក់ដើម្បីសម្រេចបានទៅជាវណ្ណកម្ម។ អ្វីដែលអស្ចារ្យនៃរបរនោះគឺប្រើប្រាស់នូវគល់ឈើស្ងួតដែលបោះបង់ចោល ដើម្បីយកមកច្នៃបានទៅជាវណ្ណកម្មដ៏ស្អាត ម្ល៉ោះហើយអាត្មាភាពមានចំណូលចិត្តនឹងរបរនេះណាស់”។
លោកផាងហ្វាងមិញ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំសាភៀង ឱ្យដឹង៖ “និមន្តមកវត្តមិនត្រឹមតែបង្ហាត់បង្រៀនរបរចម្លាក់ដល់ព្រះសង្ឃប៉ុណ្ណោះទេ ព្រះតេជព្រះគុណ ឡឹមសាង ថែមទាំងបើកថ្នាក់បង្រៀនអក្សរខ្មែរ ក្នុងរដូវវិស្សមកាលដល់កូនចៅជនរួមជាតិខ្មែរក្នុងឃុំចូលមករៀនទៀតផង។ ពិសេស ព្រះអង្គកសាងធ្លុងមហាសាមគ្គីជនជាតិ ចលនាមាមីងខ្មែរព្រួតដៃកសាងវត្តអារាមពីមួយថ្ងៃទៅមួយថ្ងៃកាន់តែភាពសមរម្យ ព្រមទាំងកសាងភូមិស្រុកសុខសាន្ត។ ទឹកព្រះទ័យនៃព្រះតេជព្រះគុណ ឡឹមសាង គួរជាទីគោរពខ្លាំងណាស់”៕
យ្វីអាញ-លីសៀ