ក្នុងដំណាក់កាលប្រើប្រាស់ទ្រព្យសម្បត្តិនិយាយរួម រថយន្ត ទោចក្រយានយន្តនិយាយដោយឡែក មានករណីជាច្រើនគឺម្ចាស់កម្មសិទ្ធិទ្រព្យសម្បត្តិបានស្លាប់។ ការទទួលមត៌កក៏បានច្បាប់កំណត់ជាក់ស្ដែង ច្បាស់លាស់។ ក៏ប៉ុន្តែ មានករណីជាច្រើននៅមានការងឿងឆ្ងល់ចំពោះសេចក្តីកំណត់ពីការបង់ព័ន្ធលើប្រាក់ចំណូល និងព័ន្ធប្រថាប់ត្រា នៅពេលទទួលមត៌ក។
ប្រជាជនមកធ្វើបែបបទទទួលកេរមត៌កនៅការិយាល័យសារការីង្វៀងវ៉ាន់បេ។
(រូបថតជាឧទាហរណ៍)
មាត្រា ២៩ ច្បាប់អាពាហ៍ពិពាហ៍និងគ្រួសារ បានចែងពីល័ក្ខការណ៍រួមនៃរបបទ្រព្យសម្បត្តិរបស់ប្ដីប្រពន្ធៈ “ ប្ដីប្រពន្ធស្មើភាពគ្នាអំពីសិទ្ធិនិងកាតព្វកិច្ច ក្នុងការបង្កើតកាន់កាប់ ប្រើប្រាស់ និងសម្រេចចិត្តលើទ្រព្យសម្បត្តិរួម; មិនបែងចែករវាងកម្លាំងពលកម្មក្នុងគ្រួសារ និងកម្លាំងពលកម្មមានប្រាក់ចំណូលឡើយ។ល។”។ ប្រការ ៩ មាត្រា ៣ នៃអនុក្រឹត្យ ៦៥/២០១៣/NÐ-CP របស់រដ្ឋាភិបាល បានចែងលម្អិតពីការអនុវត្តនូវប្រការមួយចំនួននៃច្បាប់ស្តីពីព័ន្ធលើប្រាក់ចំណូល និងច្បាប់វិសោធនកម្មនូវមាត្រាមួយចំនួននៃច្បាប់ស្តីពីព័ន្ធលើប្រាក់ចំណូលបានចែងៈ ចំណូលដែលត្រូវបង់ព័ន្ធតាមរយៈការទទួលមត៌ក ជាមូលបត្រ ចំណែកដើមទុនហ៊ុនក្នុងអង្គការសេដ្ឋកិច្ចមូលដ្ឋាន អាជីវកម្ម អចលនទ្រព្យ និងទ្រព្យសម្បត្តិផ្សេងៗទៀត ត្រូវតែចុះបញ្ជីកម្មសិទ្ធិ ឬចុះឈ្មោះប្រើប្រាស់។
ក្រៅពីនោះ ត្រង់មាត្រា ២៣ នៃអនុក្រឹត្យ ៦៥/២០១៣/NÐ-CP បានកំណត់ពីចំណូលគិតព័ន្ធពីការទទួលមត៌ក អំណោយ គឺតម្លៃនៃទ្រព្យមត៌ក អំណោយ រួមមានៈ អចលនទ្រព្យ ទ្រព្យសម្បត្តិផ្សេងៗទៀត ត្រូវចុះឈ្មោះម្ចាស់កម្មសិទ្ធិ សិទ្ធិប្រើប្រាស់ រាប់ទាំងមូលបត្រ ចំណែកដើមទុនហ៊ុនក្នុងអង្គការសេដ្ឋកិច្ច មូលដ្ឋាន អាជីវកម្ម លើសពី ១០ លានដុង ដែលអ្នកបង់ព័ន្ធបានទទួលក្នុងមួយលើកៗ។
ចំពោះព័ន្ធប្រថាប់ត្រា ត្រង់ប្រការ ៧ មាត្រា ២ នៃអនុក្រឹត្យ ១៤០/២០១៦/NÐ-CP របស់រដ្ឋាភិបាល ស្តីពីព័ន្ធប្រថាប់ត្រា កំណត់ចំពោះមុខសញ្ញាដែលត្រូវបង់ព័ន្ធប្រថាប់ត្រា៖ រថយន្តរ៉ឺម៉ក ឬសណ្ដោងរ៉ឺម៉កដែលមានរថយន្តអូស និងប្រភេទយានយន្តប្រហាក់ប្រហែល ដែលត្រូវចុះបញ្ជី និងបំពាក់ផ្លាកលេខដែលស្ថាប័នមានសមត្ថកិច្ចផ្ដល់ជូន។
ចំពោះអ្នកដែលទទួលមត៌កជារថយន្ត ទោចក្រយានយន្ត គប្បីបំពេញសំណុំបែបបទទទួលកេរមត៌ក។ សំណុំបែបបទរួមមានក្រដាស់ស្នាម ដូច៖ លិខិតចុះបញ្ជីម្ចាស់រថយន្ត ទោចក្រយានយន្តច្បាប់ដើម; លិខិតបញ្ជាក់មរណភាពរបស់ម្ចាស់យានយន្ត; លិខិតបញ្ជាក់ម្ដាយឪពុកនៃម្ចាស់យានយន្តនៅមានជីវិតឬស្លាប់; អត្តសញ្ញាណប័ណ្ណ បញ្ជីគ្រួសារ សំបុត្រកំណើតរបស់កូនៗម្ចាស់យានយន្ត និងប្ដីឬប្រពន្ធម្ចាស់យានយន្ត។
លោកង្វៀងវ៉ាន់បេ ប្រធានការិយាល័យសារការីង្វៀងវ៉ាន់បេ នៅស្រុកថើយឡាយ ឱ្យដឹងៈ “ចំពោះអ្នកដែលត្រូវបានទទួលកេរមត៌ក គប្បីទំនាក់ទំនងជាមួយនឹងការិយាល័យសារការី ដើម្បីធ្វើសេចក្ដីប្រកាសអំពីការទទួលកេរមត៌ក។ ក្រោយពីពិនិត្យសំណុំបែបបទឃើញថាគ្រប់គ្រាន់ សមស្របតាមបទប្បញ្ញត្តិច្បាប់ ស្ថាប័នសារការីនឹងធ្វើការបិទប្រកាសជាសាធារណៈនៅទីស្នាក់ការគណៈកម្មាធិការប្រជាជនថ្នាក់ឃុំ កន្លែងស្នាក់នៅអចិន្រ្តៃយ៍របស់មត៌កជន; ចំពោះករណីគ្មានកន្លែងស្នាក់នៅអចិន្រ្តៃយ៍ អាចនឹងបិទប្រកាសនៅទីស្នាក់ការគណៈកម្មាធិការប្រជាជនថ្នាក់ឃុំ កន្លែងស្នាក់នៅបណ្ដោះអាសន្នរបស់មត៌កជននោះ។ ប្រសិនបើមិនអាចកំណត់បានទីតាំងទាំងពីរខាងលើនេះទេ នឹងធ្វើការបិទប្រកាសនៅទីស្នាក់ការគណៈកម្មាធិការប្រជាជនថ្នាក់ឃុំ កន្លែងដែលមានអចលនទ្រព្យរបស់មត៌កជន។ ក្រោយរយៈពេល ១៥ ថ្ងៃបិទប្រកាស ប្រសិនបើគ្មានអ្នកណាប្ដឹងតវ៉ាទេ ស្ថាប័នសារការីនឹងទទួលស្គាល់ឯកសារ ព្រមព្រៀងចែកកេរមត៌កនោះ យោងតាមមាត្រ ៤៩ នៃច្បាប់ស្ដីពីសារការី។ អ្នកដែលស្ថិតក្នុងក្របខ័ណ្ឌត្រូវទទួលបានមត៌កទាំងនោះ គប្បីយកក្រដាសស្នាមច្បាប់ដើមដែលបានផ្ញើការិយាល័យសារការីមុននោះ មកកាន់ការិយាល័យសារការីដើម្បីចុះហត្ថលេខាលើឯកសារទទួល ឬបែងចែកកេរមត៌កនិងបង់ព័ន្ធសារការី ”។
បន្ទាប់ពីមានឯកសារព្រមព្រៀងចែកកេរមត៌កដែលការិយាល័យបានទទួលស្គាល់ អ្នកទទួលមត៌កគប្បីយកសំណុំបែបបទទៅកាន់កងប៉ូលិសចរាចរណ៍ នគរបាលថ្នាក់ស្រុក កន្លែងដែលចុះបញ្ជីម្ចាស់យានយន្តមុននេះ ដើម្បីធ្វើបែបបទប្ដូរឈ្មោះ។ សំណុំបែបបទរួមមានៈ លិខិតលាយលក្ខណ៍អក្សរចុះបញ្ជីម្ចាស់យានយន្តតាមគំរូលេខ ០១ ប្រកាសឱ្យប្រើអមនឹងសារាចរលេខ ៥៨/២០២០/TT-BCA; លិខិតផ្ទេរកម្មសិទ្ធិយានយន្ត (ឯកសារព្រមព្រៀងបែងចែកកេរមត៌កដែលបានបញ្ជាក់) លិខិតបង់ព័ន្ធប្រថាប់ត្រា; លិខិតបញ្ជាក់ចុះបញ្ជីម្ចាស់យានយន្ត។ បង្ហើយបែបបទចុះបញ្ជីប្ដូរឈ្មោះ រួចផ្ញើសំណុំបែបបទនៅផ្នែកទទួល និងផ្ដល់លទ្ធផលនៅទីស្នាក់ការនគរបាលថ្នាក់ស្រុក។ បន្ទាប់មក ស្ថាប័ននគរបាលធ្វើការត្រួតពិនិត្យ បង្ហើយសំណុំបែបបទនិងផ្ដល់ជូនលិខិតចុះបញ្ជីយានយន្តតាមសេចក្តីកំណត់៕
វ៉ាន់ទ្រៀង-ពេជ្រសឿន