ចាប់ពីដើមឆ្នាំ ២០២២ រហូតដល់ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២២ អង្គការសុខភាពពិភពលោក (WHO) បានកត់សម្គាល់ករណីកើតជំងឺអុតស្វាជាង ១៦.០០០ ករណី នៅលើប្រទេសចំនួន ៧៥ ក្នុងនោះ បាត់បង់ជីវិត ៥ នាក់។ អគ្គនាយក WHO ទើបប្រកាសជំងឺអុតស្វា គឺជាស្ថានភាពបន្ទាន់អំពីសុខភាពសហគមន៍ទូទាំងពិភពលោក។
អ្នកតំណាងនៅទីតាំងតភ្ជាប់បណ្តាញកឹងធើ ចូលរួមសន្និបាតហ្វឹកហ្វឺនតាមអនឡាញស្ដីពីការត្រួតពិនិត្យ បង្ការទប់ស្កាត់ជំងឺអុតស្វានៅភាគខាងត្បូង។
តាមនាយកដ្ឋានសុខាភិបាលបង្ការ អាការៈបង្ហាញពីរោគសញ្ញានៃជំងឺអុតស្វា អាចមានលក្ខណៈខុសគ្នា អាស្រ័យទៅតាមដំណាក់កាលនីមួយៗនៃជំងឺ ប៉ុន្តែវាប្រហាក់ប្រហែលនឹងជំងឺអុតដែរ។ រោគសញ្ញាដែលច្រើនតែជួបប្រទះ គឺក្ដៅខ្លួន ឈឺក្បាល ឈឺសាច់ដុំ ឈឺខ្នង ឡើងកូនកណ្តុរ ស្រៀវស្រាញ នឿយហត់ ឡើងពងកន្ទួល មើលហាក់ដូចជាពងទឹកបែកនៅលើផ្ទៃមុខ ខាងក្នុងបបូរមាត់ ឬនៅផ្នែកដទៃទៀតលើរាងកាយ ដូចបាតដៃ បាតជើង ទ្រូង ប្រដាប់បន្តពូជ ឬរន្ធគូថ។ ជំងឺអាចជាសះស្បើយដោយខ្លួនឯងក្នុងរង្វង់ពី ២-៣ សប្តាហ៍ ប៉ុន្តែច្រើនតែរងរបួសនៅលើស្បែកសព្វខ្លួន និងឡើងកូនកណ្តុរអូសបន្លាយពី ២-៣ សប្តាហ៍។ ជំងឺមានភាពធ្ងន់ធ្ងរចំពោះកុមារ ស្រ្តីមានផ្ទៃពោះ ឬអ្នកមានប្រព័ន្ធសុាំចុះខ្សោយ។
បច្ចុប្បន្ន មិនទាន់កំណត់បានស្ថានភាពអ្នកឆ្លងវីរុសអុតស្វា ដោយគ្មានរោគសញ្ញានៅឡើយ។ រយៈពេលរោគសម្ងំក្នុងខ្លួនពី ៥-២១ ថ្ងៃ។ រយៈពេលអ្នកជំងឺអាចចម្លងជំងឺដល់អ្នកដទៃ គឺចាប់ពីមានរោគសញ្ញាដំបូង រហូតដល់ស្នាមពងកន្ទួល ឬពងទឹករបកចេញអស់។ អាការៈប្រែប្រួលអាចរួមទាំងមេរោគកើតបន្ទាប់បន្សំ រលាកទងសួត ឆ្លងរោគដោយឈាមតាមមុខរបួស រលាកខួរក្បាល និងឆ្លងមេរោគប្រសីភ្នែកបណ្តាលឱ្យចុះខ្សោយចក្ខុប្រសាទ។ ជំងឺមានអត្រាបាត់បង់ជីវិតក្នុងចន្លោះពី ០-១១% ។ ជំងឺអុតស្វានៅលើមនុស្សឆ្លងតាមរយៈប៉ះពាល់ផ្ទាល់ នៅក្បែរ ឆ្លងតាមមុខរបួស សារធាតុរាវចេញពីខ្លួនអ្នកជំងឺ ដំណត់វត្ថុរាវនៃផ្លូវដង្ហើម និងឆ្លងតាមរយៈការប៉ះជាមួយនឹងសម្ភារៈ ឧបករណ៍ប្រើប្រាស់ឆ្លងមេរោគជំងឺ។ ការឆ្លងរាតត្បាតអាចឆ្លងតាមរយៈទងសុកពីម្តាយទៅកូន ឬខណៈពេលទំនាក់ទំនងជិតក្នុងពេល និងក្រោយពីសម្រាលកូន។
វៀតណាមមិនទាន់កត់សម្គាល់ករណីកើតជំងឺអុតស្វា។ ថ្វីដ្បិតដូច្នោះក្តី ហានិភ័យជំងឺអុតស្វាអាចជ្រៀតចូល និងបណ្តាលឱ្យកើតជំងឺនៅប្រទេសយើងគឺអាចនឹងកើតមាន អាស្រ័យរោគឆ្លងបានកើតមាននៅប្រទេសជាច្រើន ការទំនាក់ទំនងធ្វើដំណើរឆ្លងទៅមកមានភាពងាយស្រួល និងមាននិន្នាការកើនឡើងរវាងវៀតណាមនិងប្រទេសនានានៅលើពិភពលោក និងក្នុងតំបន់។ អាស្រ័យហេតុនោះ ក្រសួងសុខាភិបាល បានប្រកាសឱ្យប្រើឯកសារលេខ ២៦៦៨/BYT-DP សំណូមពរគណៈកម្មាធិការប្រជាជនខេត្ត ក្រុងនានាក្រោមឱវាទមជ្ឈិមបង្កើនការត្រួតពិនិត្យ បង្ការទប់ស្កាត់ជំងឺអុតស្វា។ វិទ្យាស្ថាន Pasteur ក្រុងហូជីមិញ ក៏បានរៀបចំហ្វឹកហ្វឺនតាមអនឡាញអំពីការត្រួតពិនិត្យ និងបង្ការទប់ស្កាត់ជំងឺអុតស្វានៅភាគខាងត្បូង។ អ្នកឯកទេសបានណែនាំភូមិភាគនានាធ្វើការអង្កេត ត្រួតពិនិត្យ និងយកសំណាក រក្សាទុក ដឹកជញ្ជូនសំណាកវិភាគដែលសង្ស័យឆ្លងវីរុសអុតស្វា។ វិទ្យាស្ថាន ទើបផ្សព្វផ្សាយការត្រួតពិនិត្យ ចំណុចសំខាន់នៃជំងឺអុតស្វានៅតាមខេត្ត ក្រុងចំនួន ៥ ក្នុងនោះមានកឹងធើផងដែរ។ ជាសំខាន់គឺផ្សព្វផ្សាយត្រួតពិនិត្យលើក្រុម MSM។ ពេលមានករណីសង្ស័យ កម្មាភិបាលពេទ្យនឹងធ្វើការពិគ្រោះ យកសំណាកផ្ញើទៅវិទ្យាស្ថាន Pasteur ក្រុងហូជីមិញធ្វើតេស្ត៕
ដងលី-វិមាន