ព្រឹកថ្ងៃទី ៨ ខែធ្នូ លោកស្រី ង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានទទួលជួបលោកស្រី Carolina Tinangon អគ្គកុងស៊ុលឥណ្ឌូណេស៊ី អញ្ជើញមកសម្តែងការគួរសម និងពិភាក្សាអំពីផែនការសហប្រតិបត្តិការរវាងឥណ្ឌូណេស៊ីនិងទីក្រុងកឹងធើ នាពេលខាងមុខ។

ថ្នាក់ដឹកនាំទីក្រុងថតរូបអនុស្សាវរីយ៍ជាមួយអគ្គកុងស៊ុលឥណ្ឌូណេស៊ី ប្រចាំទីក្រុងហូជីមិញ
និងគណៈប្រតិភូ ក្នុងពិធីទទួលជួប។
ក្នុងពិធីទទួលជួប លោកស្រី ង្វៀងធីង៉ុកឌេប បានសម្តែងនូវក្តីរីករាយដែលបានស្វាគមន៍អគ្គកុងស៊ុល និងគណៈប្រតិភូមកទស្សនកិច្ច និងធ្វើការនៅទីក្រុងកឹងធើ។ ថ្លែងទៅកាន់គណៈប្រតិភូអំពីសក្តានុភាព និងឧត្តមភាពរបស់ទីក្រុងកឹនធើ លោកស្រី ង្វៀងធីង៉ុកឌេប មានប្រសាសន៍៖ នៅឆ្នាំ ២០២៥ ទំហំសេដ្ឋកិច្ចរបស់ទីក្រុងសម្រេចបានប្រមាណ ១២ ពាន់លានដុល្លារអាម៉េរិក។ ដោយមានទីតាំងភូមិសាស្ត្រអំណោយផល ប្រព័ន្ធគមនាគមន៍តភ្ជាប់ចម្រុះ និងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមកំពុងបានមជ្ឈិមវិនិយោគយ៉ាងខ្លាំងក្លា ទីក្រុងមានសក្តានុភាពជាច្រើនសម្រាប់អភិវឌ្ឍកសិកម្មបច្ចេកវិទ្យាខ្ពស់ កែច្នៃ និងនាំចេញផលិតផលកសិកម្ម-ជលផល ឧស្សាហកម្ម ទេសចរណ៍ ពាណិជ្ជកម្ម និងសេវាកម្មភស្តុភារ (logistics)។ល។ ទាំងនេះក៏ជាវិស័យដែលកឹងធើចង់បង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូឥណ្ឌូណេស៊ី។ ជាពិសេស ក្នុងវិស័យភស្តុភារ ទីក្រុងកំពុងអំពាវនាវរកកិច្ចសហប្រតិបត្តិការទាំងផ្លូវសមុទ្រ ផ្លូវទន្លេ និងផ្លូវអាកាស។
ថ្នាក់ដឹកនាំទីក្រុងសន្យាថា នឹងបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់វិនិយោគឥណ្ឌូណេស៊ីមកស្វែងយល់ អនុវត្តគម្រោងនានា និងត្រៀមខ្លួនជាស្រេចដើម្បីសហការជាមួយស្ថានអគ្គកុងស៊ុល ក្នុងការចាត់តាំងសកម្មភាពផ្លាស់ប្តូរ ជំរុញការវិនិយោគ និងទេសចរណ៍រវាងប្រទេសទាំងពីរ។
ពិនិត្យឡើងវិញនូវសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងរយៈពេលកន្លង លោកស្រី ង្វៀងធីង៉ុកឌេប បានថ្លែងថា ទំនាក់ទំនងសហប្រតិបត្តិការរវាងកឹងធើ និងស្ថានអគ្គកុងស៊ុលឥណ្ឌូណេស៊ី ប្រចាំទីក្រុងហូជីមិញ ព្រមទាំងដៃគូឥណ្ឌូណេស៊ី បានរីកចម្រើនយ៉ាងល្អប្រសើរ ផុសផុល និងមានសកម្មភាពជាច្រើន។ សង្ឃឹមថា ក្នុងអាណត្តិកាលរបស់ខ្លួន លោកស្រីអគ្គកុងស៊ុលនឹងបន្តរក្សា និងពង្រីកទំនាក់ទំនងសហប្រតិបត្តិការនេះ។

លោកស្រី ង្វៀងធីង៉ុកឌេប (ខាងស្ដាំ) ជូនវត្ថុអនុស្សាវរីយ៍ដល់លោកស្រី Carolina Tinangon
ក្នុងពិធីទទួលជួប។
ថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅរបស់ថ្នាក់ដឹកនាំទីក្រុងចំពោះគណៈប្រតិភូ លោកស្រី Carolina Tinangon បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការរវាងឥណ្ឌូណេស៊ីនិងទីក្រុងកឹងធើ ក្នុងរយៈពេលកន្លង។
លោកស្រី Carolina Tinangon ក៏បានចែករំលែក និងផ្តល់យោបល់នូវដំណោះស្រាយល្អបំផុតដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ព្រមទាំងបានសន្យាគាំទ្រទីក្រុងកឹងធើ ក្នុងការជំរុញ និងបង្កើនការផ្លាស់ប្តូរ ជំរុញពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការវិនិយោគជាមួយដៃគូឥណ្ឌូណេស៊ី នាពេលខាងមុខ៕
ប្រភព÷ baocantho.com.vn - សុផន