មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

01/08/2022 - 15:08

អស់​ពី​ចិត្ត​ជា​មួយ​នឹង​សិស្ស​ខ្មែរ​

អ្នក​គ្រូ​ង៉ោ​ធី​លី គ្រូ​បង្រៀន​សាលា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​បាក​លីវ​ តែង​ផ្តល់​ក្តី​ស្រ​ឡាញ់​និង​រិះ​រក​វិធី​សាស្ត្រ​បង្រៀន​ឱ្យ​បាន​សម​ស្រប​នឹង​សិស្ស​ខ្មែរ​ ម៉្លោះ​ហើយ​អ្នក​គ្រូ​តែង​បាន​សិស្ស​គោ​រព​ស្រ​ឡាញ់​។​

អ្នក​គ្រូ​លី កំ​ពុង​ណែ​នាំ​សិស្ស​ធ្វើ​មេ​រៀន​។​

ប្អូន​ត្រឹង​ហ្វាង​ហ៊ី សិស្ស​ថា្នក់​ទី ១២ សាលា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​បាក​លីវ​ ឱ្យ​ដឹង​៖ “អ្នក​គ្រូ​លី គាត់​ស្លូត​និង​ស្រ​ឡាញ់​សិស្ស​ខ្លាំង​ណាស់​។​ អ្នក​គ្រូ​បង្រៀន​វិញ្ញា​សា​គីមី​វិទ្យា​ងាយ​យល់​ ព្រោះ​គាត់​មាន​វិធី​សាស្ត្រ​បង្រៀន​ល្អ​ ជួយ​ឱ្យ​ពួក​ប្អូន​ងាយ​ចង​ចាំ​មេ​រៀន​។​ អ្នក​គ្រូ​តែង​អញ្ជើញ​មក​អន្តេ​វា​សិក​ដ្ឋាន​ជា​រឿយ​ៗ​ ដើម្បី​ណែ​នាំ​សិស្ស​ពី​របៀប​រស់​នៅ​សមូហ​ភាព​ ឃើញ​សិស្ស​រូប​ណា​ខ្វះ​ខាត​អ្វី​គាត់​ទិញ​ឱ្យ ​ព្រម​ទាំង​លើក​ទឹក​ចិត្ត​កូន​សិស្ស​ឱ្យ​ស្ងប់​ចិត្ត​រៀន​សូត្រ​ ពេល​រស់​នៅ​ឆ្ងាយ​ពីផ្ទះ​។​ ពិសេស​ គឺ​ពេល​ជំងឺ​ COVID-១៩ ឆ្លង​រាល​ដាល​កន្លង​ហើយ​ អ្នក​គ្រូ​បាន​ទិញ​ថ្នាំ​ យក​ម្ហូប​អា​ហា​រ នំនែក ផ្លែ​ឈើ​ ភេសជ្ជៈ​។​ល។​ ផ្គត់​ផ្គង់​ដល់​សិស្ស​ ដូច្នេះ​ យើង​ខ្ញុំ​គោ​រព​ស្រឡាញ់​អ្នក​គ្រូ​ខ្លាំង​ណាស់​”។​

ម៉ោង​បង្រៀន​របស់​អ្នក​គ្រូ​លី។​

តាម​ប្រ​សាសន៍​ អ្នក​គ្រូ​លី ពីមុន​ ដោយ​សារ​ស្ថាន​ភាព​គ្រួ​សារ​ជួប​ការ​លំ​បាក​ ម៉្លោះ​ហើយ​បាន​ចូល​រៀន​នៅ​សាលា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​បាក​លីវ​ អ្នក​គ្រូ​សប្បាយ​ខ្លាំង​ណាស់​ ហើយ​សា​លា​នេះ​ដែរ​ក៏​បាន​ជួយ​ឱ្យ​អ្នក​គ្រូ​សម្រេច​ក្តី​ប្រាថ្នា​ធ្វើ​ជាគ្រូ​បង្រៀន​បាន​ដូច​បំ​ណង​។​ រយៈ​ពេល​ជាង​ ១៧ ឆ្នាំ​ផ្សារ​ភ្ជាប់​នឹង​សិស្ស​ខ្មែរ​ ក្រៅ​ពី​ម៉ោង​ចូល​បង្ហាត់​បង្រៀន​ អ្នក​គ្រូ​លី​តែង​ឆ្លៀត​ពេល​ទៅ​និយាយ​លេង​ជា​មួយ​នឹង​សិស្ស​ ជួយ​បំ​ភ្លឺ​រាល់​បញ្ហា​ចម្ងល់​ ព្រម​ទាំង​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​ស្ថាន​ភាព​សិស្ស​គ្រប់​រូប​។​ ហេតុ​នេះ​ មិន​ត្រឹម​តែ​សិស្ស​ប៉ុណ្ណោះ​ទេ អ្នក​គ្រូ​នៅ​ទាំង​បាន​មិត្ត​រួម​អា​ជីព​ស្រ​ឡាញ់​រាប់​អា​ន ថែម​ទាំង​បាន​គណៈ​នា​យក​សា​លា​ទំ​នុក​ចិត្ត​ និង​ប្រ​គល់​ឱ្យ​អ្នក​គ្រូ​ធ្វើ​ជា​អចិន្ត្រៃយ៍​ថ្នាក់​ទី ១២ ទៀត​ផង​។​ អ្នក​គ្រូ​លី សំ​ណេះ​សំ​ណាល​៖ “ផ្ទះ​ខ្ញុំ​ក្រ បើ​សិន​រៀន​នៅ​សា​លា​ក្រៅ​បង់​ប្រាក់​ ឪ​ពុក​ម្តាយ​គ្មាន​លទ្ធ​ភាព​ ដូច្នេះ​ពេល​បាន​រៀន​នៅ​សាលា​អន្តេ​វា​សិក​ បាន​សា​លា​ជួយ​គិត​គូរ​តាំង​ពី​កន្លែង​ស្នាក់​នៅ​ ហូប​ចុក សម្លៀក​ បំ​ពាក់​  សៀវ​ភៅ​   ប៊ិច    ។ល។ បើ​រៀន​ពូកែ​នៅ​ទាំង​ទទួល​បាន​អា​ហា​រូប​ករណ៍​ទៀត​ផង​ ម៉្លោះ​ហើយ​ខ្ញុំ​តែង​ព្យា​យាម​ប្រឹង​ប្រែង​សិក្សា​។​ ហេតុ​នោះ​ ពេល​បាន​មក​បង្រៀន​នៅ​សាលា​ដែល​ខ្លួន​ធ្លាប់​រៀន​ ខ្ញុំ​រឹត​តែ​ស្រឡាញ់​ និង​យល់​ច្បាស់​ពីសិស្ស​ខ្មែរ​។​ ខ្ញុំ​តែង​ចាត់​ទុក​កូន​សិស្ស​ដូច​ជា​កូន​បង្កើត​របស់​ខ្លួន​ដែរ​ ក្រៅ​ពី​ម៉ោង​បង្ហាត់​ក្នុង​ថ្នាក់​ ខ្ញុំ​នៅ​ទាំង​ណែ​នាំ​ប្អូន​ៗ​ឱ្យ​យល់​ពី​របៀប​រស់​នៅ​សម្រប​សម្រួល​នឹង​មិត្ត​ភក្តិ​ របៀប​រស់​នៅ​សមូហ​ភាព​ រក្សា​អនា​ម័យ​បរិស្ថាន​ រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​កន្លែង​ស្នាក់​នៅ​។​ល។​ ពេល​ដឹង​ថា​សិស្ស​រូប​ណា​ជួប​ការ​លំ​បាក​ រៀន​ខ្សោយ​ ខ្ញុំ​តែង​លើក​ទឹក​ចិត្ត​ ជួយ​បង្រៀន​បន្ថែម​ ដើម្បី​ប្អូន​ៗ​មាន​គោល​ជំហរ​រឹង​មាំជម្នះ​លំ​បាក​ រៀន​បាន​ល្អ​ឡើង​វិញ​”។​

លោក​គ្រូ​ត្រឹង​វ៉ាន់​ជុង នាយក​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​បាក​លីវ​ ឱ្យ​ដឹង​៖ “អ្នក​គ្រូ​ង៉ោ​ធីលី ជា​គ្រូ​បង្រៀន​វ័យ​ក្មេង​មាន​មុខ​ជំនាញ​រឹង​បឹុង តែង​ខ្នះ​ខ្នែង​ជួយ​ដល់​មិត្ត​រួម​អា​ជីព​អស់​ពីចិត្ត​ពីថ្លើ​ម​ មាន​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការ​ងារ​។​ អ្នក​គ្រូ​តែង​ចូល​រួម​ជួយ​បំ​ប៉ន​សិស្ស​ពូកែ​ថ្នាក់​ខេត្ត​ និង​ទទួល​បាន​រង្វាន់​ខ្ពស់​ជា​ច្រើន​ បាន​មិត្ត​រួម​អា​ជីព​កោត​សរ​សើរ​ និង​បាន​សិស្ស​គោ​រព​ស្រ​ឡាញ់​។​ ជា​ពិ​សេស​ អ្នក​គ្រូ​លី​ក៏​បាន​ទៅ​សិក្សា​បង្កើន​មុខ​ជំនាញ​ ដោយ​បញ្ចប់​ថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់​ និង​ជា​គ្រូ​បង្រៀន​ខ្មែរ​មួយ​រូប​ តែង​សម្រេច​ឆ្នើម​នូវ​ភារ​កិច្ច​ បាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​បាក​លីវ​ជូន​ប័ណ្ណ​សរ​សើរ​”៕​

                                       យ្វី​អាញ-មុនី​

ចែករំលែកអត្ថបទ