អនុវត្តការងារជនជាតិក្នុងស្ថានភាពថ្មី កងកម្លាំងប្រដាប់អាវុធខេត្តគៀងយ៉ាង បានយកចិត្តទុកដាក់អនុវត្តល្អនូវគោលនយោបាយ ចំពោះយោធិនដែលជាជនជាតិភាគតិច និងបានរួមកម្លាំងគិតគូរដល់ប្រជាជននៅតំបន់ជនជាតិភាគតិច។
ជនរួមជាតិខ្មែរ នៅឃុំហ្វាចាញ់ ស្រុកអ៊ូមិញ ចាក់ទឹកជូនយុទ្ធជនកងវរសេនាធំលេខ ៨៩៣។
បច្ចុប្បន្ន នៅតាមស្ថាប័ន អង្គភាពចំណុះកងកម្លាំងប្រដាប់អាវុធខេត្តគៀងយ៉ាង មានយោធិនជាជនជាតិភាគតិចចំនួន ២៣៣ រូប ក្នុងនោះ ភាគច្រើនគឺជនជាតិខ្មែរ ចិន និងមានជនជាតិមឿង ១ រូប។ វរសេនីយ៍ឯក កាវមិញតឹម ស្នងការនយោបាយរងនៃបញ្ជាការដ្ឋានយោធាខេត្ត ឱ្យដឹង៖ “ក្នុងដំណើរការបំពេញការងារនៅតាមស្ថាប័ន អង្គភាពក្នុងកងកម្លាំងប្រដាប់អាវុធខេត្ត ឃើញមានសមមិត្តជាច្រើនដែលជាជនជាតិភាគតិច បានខិតខំ ហាត់ពត់លត់ដំរៀនសូត្រមានការវិវឌ្ឍខ្លួន ហើយត្រូវបានតែងតាំងទទួលតួនាទីសំខាន់ៗ រួមចំណែកយ៉ាងសកម្មក្នុងការកសាងនិងការពារមាតុភូមិ”។
នៅលើភូមិសាស្រ្តព្រំដែននិងតំបន់មានជនជាតិភាគតិចរស់នៅកុះករ គណៈកម្មាធិការបក្ស គណៈបញ្ជាការយោធាស្រុកយ៉ាងថាញ់ បានយកចិត្តទុកដាក់គិតគូរ រៀងចំឡើងគម្រោង កសាងកងជួរកម្មាភិបាលជាជនជាតិភាគតិចក្នុងកងកម្លាំងប្រដាប់អាវុធស្រុក។ មកទល់ពេលនេះ គណៈបញ្ជាការយោធាស្រុកមានកម្មាភិបាលជាកងកម្លាំងប្រចាំការ ២១,៤% កម្មាភិបាលគណៈបញ្ជាការនៅតាមឃុំដែលជាជនជាតិខ្មែរចំនួន ២០%។ នៅតាមភូមិដែលមានជនជាតិភាគតិចរស់នៅកុះករ ក៏តែងមានប្រធានកងយោធាជាជនជាតិភាគតិចផងដែរ។ បក្ខជនជាជនជាតិភាគតិចក្នុងកងប្រជាស្វ័យត្រាណមកទល់ពេលនេះមាន ១៣៧ រូប។
ជាច្រើនឆ្នាំមកនេះ គណៈបញ្ជាការយោធាស្រុកយ៉ាងថាញ់ បានខិតខំប្រឹងប្រែងអនុវត្តបទបញ្ជាលេខ ៥៧២-CT/QUTW ចុះថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០១២ របស់អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ស្តីពីកងទ័ពអនុវត្តការងារជនជាតិក្នុងស្ថានភាពថ្មី។ វរសេនីយ៍ឯកបម្រុង ឡាមិញស្វឹង ឱ្យដឹង៖ អង្គភាពតែងរួមជាមួយនឹងគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគចុះទៅសួរសុខទុក្ខ ប្រគេនទេយ្យវត្ថុដល់វត្តខ្មែរ គ្រួសារគោលនយោបាយជាជនជាតិភាគតិចនៅលើភូមិសាស្រ្ត។ កងកម្លាំងប្រដាប់អាវុធស្រុក បានឃោសនា ចលនាជនជាតិភាគតិច អ្នកមុខអ្នកការសាសនា សាសនិកជន គោរពតាមបទបញ្ជា សេចក្តីសម្រេចចិត្តរបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។ ក្រៅពីនោះ អង្គភាពនៅទាំងសហការជាមួយនឹងកងកម្លាំងដើរល្បាតរក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមលើភូមិសាស្រ្តដែលមានជនជាតិភាគតិចរស់នៅកុះករទៀតផង។
ចាប់ពីឆ្នាំ ២០១២ មក កងកម្លាំងប្រដាប់អាវុធខេត្តគៀងយ៉ាង បានសហការជាមួយនឹងគ្រប់ផ្នែក គណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគ ឧបត្ថម្ភទឹកប្រាក់ចំនួន ១៤,២៣៣ ពាន់លានដុង ជួយប្រជាជនតំបន់ជនជាតិភាគតិចផលិតកម្ម និងជូនសិក្ខូបករណ៍ដល់សិស្សជនជាតិភាគតិច គិតជាតម្លៃទឹកប្រាក់ជិត ២,៦ ពាន់លានដុង៕
យោង៖ កាសែតគៀងយ៉ាង-ប្រែសម្រួល៖ វិមាន