18/07/2022 - 14:38

វត្ត​ដៃ​ទទឹងបង្រៀន​អក្សរ​ខ្មែរ​ក្នុង​រដូវ​វិស្សម​កាល​

ដល់​រដូវ​វិស្សម​កាល​ម្ដង​ៗ​ គឺ​វត្ត​ដៃ​ទទឹង ឃុំ​តឹប​ង៉ាយ ស្រុក​ទីវ​កឹង​ ខេត្ត​ត្រា​វិញ​ តែង​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ដល់​សិស្សា​នុសិស្ស​។​ សកម្ម​ភាព​នេះ​ ត្រូវ​បាន​ភូមិ​ភាគ​វាយ​តម្លៃ​ខ្ពស់​ ដ្បិត​អី​ជា​ទង្វើ​នាំ​មក​ប្រ​យោជន៍​ជាក់​ស្ដែង​។​

ក្រៅ​ពីរៀន​អក្សរ​ខ្មែរ​ ប្អូន​ៗ​ទទួល​បាន​ការ​អប់រំ​ពីវប្ប​ធម៌​ សុជីវ​ធម៌​សង្គម​ទៀត​ផង​។​ 

ព្រះ​តេជព្រះ​គុណ​ ថាច់​ស៊ុង​ ព្រះ​ចៅ​អធិ​ការ​វត្ត​ដៃ​ទទឹង មាន​ថេរ​ដី​កា​៖ “រៀង​រាល់​ឆ្នាំ​ វត្ត​តែង​បើក​ថ្នាក់​បង្រៀន​ភាសា​បាលី​-ខ្មែរ​ មាន​សមណ​សិស្ស​និង​សិស្ស​ជាង​ ២០ អង្គ​និង​រូប​ ព្រម​ទាំង​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ក្នុង​រដូវ​វិស្សម​កាល​ ៥ ថ្នាក់​ មាន​សិស្ស​ជាង​ ១០០រូប​។​ ឆ្នាំ​នេះ​ វត្ត​ឆាប់​រៀប​ចំ​បើក​រៀន​ ព្រោះ​មាន​បំ​ណង​ឱ្យ​ប្អូន​ៗ​បាន​ជិត​ដិតនឹង​បរិស្ថាន​រៀន​សូត្រ​ក្នុង​វត្ត​និង​មាន​ពេល​វេលា​ច្រើន​សម្រាប់​រំលឹក​មេរៀន​ឡើង​វិញ​ ដ្បិត​អី​ ប្អូន​ៗ​អាក់​ខាន​រៀន​ពីរ​ឆ្នាំ​ហើយ​ ដោយ​សារ​ផល​ប៉ះ​ពាល់​នៃ​ជំងឺ​ COVID - ១៩”។​ ក្នុង​ថ្នាក់​រៀន​ ក្រៅ​ពីរៀន​អក្សរ​ខ្មែរ​ ប្អូន​ៗ​ថែម​ទាំង​បាន​អប់​រំខាង​សីល​ធម៌​ សុជីវ​ធម៌​ វប្ប​ធម៌​ប្រ​ពៃណី​ ស្មារ​តី​គោរព​ច្បាប់​។​ល។​ ញុាំង​ឱ្យ​ប្អូន​ៗ​មាន​ផ្នត់​រស់​នៅ​ល្អ​ពេល​ធំ​ដឹង​ក្ដី​។​

ថ្នាក់​រៀន​អក្សរ​ខ្មែរ​រដូវ​វិស្សម​កាល​នៅ​វត្ត​ដៃ​ទទឹង។​

ប្អូន​យឿងធីមី​ភឿង សិស្ស​សាលា​បឋម​សិក្សា​តឹប​ង៉ាយ C ឱ្យ​ដឹង​៖ “ឆ្លង​តាម​រយៈ​រៀន​អក្សរ​ខ្មែរ​ក្នុង​វត្ត​ និង​ការ​រៀន​អក្សរ​ខ្មែរ​នៅ​សាលា​រៀន​ ជួយ​ឱ្យ​ប្អូន​ចេះ​អាន ចេះ​សរ​សេរ​។​ ពួក​ប្អូន​មក​រៀន​រៀង​រាល់​ព្រឹក​ ក្រៅ​ពីរៀន​អក្សរ​ខ្មែរ​ លោក​គ្រូ​បាន​បង្រៀន​ចំ​ណេះ​ដឹង​អំ​ពី​វប្ប​ធម៌​ សុជីវ​ធម៌​ក្នុង​សង្គម​ទៀត​ផង​។​ ប្អូន​ចូល​ចិត្ត​រៀន​អក្សរ​ខ្មែរ​ក្នុង​វត្ត​ណាស់​ ម្ល៉ោះ​ហើយ​ ក្រោយ​ពីសាលា​សាកល​បូក​សរុប​ឆ្នាំ​សិក្សា​រួច​ គឺ​ប្អូន​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​វត្ត​ភ្លាម​”។​

ពូថាច់​អ៊ុក​រុង លេខា​សាខា​បក្ស​ភូមិ​ដៃ​ទទឹង ឱ្យ​ដឹង​៖ “គ្រូ​បង្រៀន​ក្នុង​សាលា​វត្ត​ តែង​កំ​ណត់​ច្បាស់​ការ​បង្ហាត់​បង្រៀន​ភាសា​និង​អក្សរ​សាស្រ្ត​ដល់​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​គឺ​ជា​កត្តា​សំ​ខាន់​។​ ទន្ទឹម​នឹង​នោះ​ ការ​អប់រំ​ស្មារតី​ សុជីវ​ធម៌​ ផ្នត់​រស់​នៅ​ដល់​ប្អូន​ៗ​ក៏​ចាំ​បាច់​ណាស់​ដែរ​។​ ក្រៅ​ពី​ការ​អប់រំ​របស់​គ្រួ​សារ​ វត្ត​ក៏​តែង​ខ្នះ​ខ្នែង​រួម​ចំ​ណែក​បង្ហាត់​បង្រៀន​ អប់រំ​ដល់​ប្អូន​ៗ​ឱ្យ​ស្គាល់​គុណ​ ទោស​ ខុស ​ត្រូវ​ អា​ក្រក់​ ល្អ​ជាដើម​”៕​                  

                            សើុង​ម៉ាល័យ​ - ថាច់​ធី

ចែករំលែកអត្ថបទ