រយៈពេលកន្លង ផ្នែកអប់រំក្រុងកឹងធើ សហការជាមួយភូមិភាគនានាដែលមានជនរួមជាតិខ្មែររស់នៅកុះករ ដើម្បីកសាងគម្រោងអភិវឌ្ឍការអប់រំឱ្យសមស្របនឹងភូមិភាគនីមួយៗ។
សិស្សសាលាអនុវិទ្យាល័យដុងថាំង ចេញលេងនៅទីធ្លាសាលារៀនសម្រេចបទដ្ឋានជាតិ។
តាមប្រសាសន៍ លោកហ្វិញវ៉ាន់ហ្វាច់ ប្រធានការិយាល័យអប់រំនិងបណ្តុះបណ្តាលស្រុកកើ-ដ ក្នុងផែនការអភិវឌ្ឍបណ្តាញសាលារៀនរបស់ស្រុក ផ្នែកបានធ្វើសេនាធិការជូនថ្នាក់ដឹកនាំភូមិភាគធ្វើឱ្យសុក្រឹតមូលដ្ឋានសាលារៀននៅតំបន់ជនជាតិ ដើម្បីបង្កមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍការអប់រំរបស់ភូមិភាគ។ អាស្រ័យហេតុនេះ ថើយដុង ថើយស្វឹង និងទីប្រជុំជនកើ-ដ ដុងថាំងគឺជាភូមិសាស្ត្រដែលមានសាលារៀនសម្រេចបទដ្ឋានជាតិមុនគេបង្អស់របស់ស្រុក។ លោកយ័ញថាញ់ លេខាគណៈកម្មាធិការបក្សឃុំថើយដុង មានប្រសាសន៍៖ “សាលារៀនសមរម្យ លោកគ្រូអ្នកគ្រូបង្រៀនពូកែ គឺជាលក្ខណៈចម្បងដើម្បីជម្នះស្ថានភាពសិស្សបោះបង់ការសិក្សា ឬការចលនាសិស្សចូលរៀនមិនសម្រេចអត្រា ១០០%។ កំណត់បានបញ្ហាខាងលើ ឃុំក៏បានធ្វើសេនាធិការជូនថ្នាក់លើ រួមជាមួយការិយាល័យអប់រំវិនិយោគដល់ផ្នែកអប់រំឃុំ។ មកទល់បច្ចុប្បន្ន សាលារៀនទាំងអស់នៅលើភូមិសាស្រ្តសុទ្ធសឹងសម្រេចបទដ្ឋានជាតិ”។
មានគំនិតដូចលោកយ័ញថាញ់ដែរ បងហ្វិញតៀងយុង សំណេះសំណាល៖ “ផ្លូវថ្នល់បានកសាងរួចស្រេចអស់ហើយ ដូច្នេះ គ្រួសារជាច្រើនចង់ទៅធ្វើការនៅទីប្រជុំជនថើយឡាយ ទីប្រជុំជនកើ-ដ តែនៅជាប់កូនតូច ម្ល៉ោះហើយ មានតែប្តីឬប្រពន្ធម្នាក់គត់ដែលអាចទៅធ្វើបាន។ ប៉ុន្តែតាំងពីសាលាមតេ្តយ្យដុងថាំងនិងសាលាបឋមសិស្សាដុងថាំងសម្រេចបទដ្ឋានជាតិ អាចរៀបចំឱ្យសិស្សរៀនអឌ្ឍអន្តេវាសិក ម៉្លោះហើយ មានគ្រួសារជាច្រើនរកបានប្រាក់ចំណូលបន្ថែម ដោយប្រភពចំណូលរបស់ប្តីប្រពន្ធទាំងពីរនាក់ “។
ពូចូវណាំ អ្នកមានប្រជាប្រិយនៅភូមិថើយហ្វា B ទីប្រជុំជនកើ-ដ ឱ្យដឹង៖ “ឥឡូវនេះ ខ្ញុំតិចទៅចលនាអាណាព្យាបាលនាំកូនទៅរៀនណាស់ ព្រោះអី នរណាក៏មានស្មារតីភ្ញាក់រលឹក ឱ្យកូនចៅទៅរៀនទាំងអស់។ អាណាព្យាបាលសិស្សខ្លះបាននិយាយថា ឥឡូវសាលារៀនស្អាតជាងផ្ទះយើងទៀត ដូច្នេះឱ្យកូនទៅរៀនសម្រាក់ពេលថ្ងៃក្នុងសាលាស្រួលជាង”។
ការយកចិត្តទុកដាក់វិនិយោគមូលដ្ឋានសម្ភារៈ តាំងពីថ្នាក់មត្តេយ្យ បឋមសិក្សា បានបង្កជាមូលដ្ឋានគ្រឹះដើម្បីប្អូនៗជក់ចិត្តដិតអារម្មណ៍រៀនសូត្រ ហើយមិនបោះបង់ការសិក្សានៅកម្រិតសិក្សាបន្តបន្ទាប់ទៀត។ លោកគ្រូឡេវ៉ាន់យុង នាយកសាលាវិទ្យាល័យទ្រុងអាង មានប្រសាសន៍៖ “សិស្សជនជាតិខ្មែរស្តាប់បង្គាប់ណាស់។ ប្អូនៗតែងមានគំនិតរៀនសូត្រឱ្យបានខ្ពស់ ដើម្បីឱ្យឪពុកម្តាយរីកមុខរីកមាត់នឹងគេ”៕
ហាថាញ-ប្រែសម្រួល៖ លេងមី