មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

21/06/2022 - 09:05

អ្នក​កាសែត​ សើុង​កុសល​

ឆ្លង​កាត់​ដំណាក់​កាល​ខិត​ខំ​ប្រឹង​ប្រែង​ បង​សើុង​កុសល​ បាន​ក្លាយ​​ជា​អ្នក​សារ​ព័ត៌​មាន​ បំ​ពេញ​ការ​ងារ​នៅ​ការិ​យាល័យ​ផ្សាយ​សំ​ឡេង​ជា​ភាសា​ខ្មែរ​នៃ​ស្ថានីយ​វិទ្យុ​និង​ទូរ​ទស្សន៍​ក្រុង​កឹង​ធើ។​ បង​តែង​បាន​មិត្ត​រួម​អា​ជីព​គោរព​ស្រ​ឡាញ់​ និង​ថ្នាក់​ដឹក​នាំ​ការិ​យាល័យ​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ការ​ប្ដេជ្ញា​ចិត្ត​នឹង​អា​ជីព​។

អ្នក​កាសែត​សើុង​កុសល​។​

ផ្ដើម​ពីបុគ្គ​លិក​បំ​ពេញ​ការ​ងារ​នៅ​មន្ទីរ​វប្ប​ធម៌​កីឡា​ និង​ទេស​ចរណ៍ខេត្ត​វិញ​ឡុង​ សើុង​កុសល​ បាន​ងាក​មក​ប្រ​កប​អា​ជីព​ជា​អ្នក​សារ​ព័ត៌​មាន​។​ និស្ស័យ​នឹង​អា​ជីព​កាន់​ប៊ិក​របស់​បង​ មិន​មែន​ជាការ​ចៃ​ដន្យ​នោះ​ទេ តាំង​ពីនៅ​ជា​សង្ឃ​ គាត់​តែង​ចូល​រួម​និពន្ធ​អត្ថ​បទ​កំ​ណាព្យ​ សរ​សេរ​អត្ថ​បទ​សហការ បាន​ចុះ​ផ្សាយ​លើ​ទស្សនា​វដ្តី​សុក​ត្រាំង​និង​កាសែត​មួយ​ចំ​នួន​។​ សើុង​កុសល​ ឱ្យ​ដឹង​៖ “ពេល​អត្ថ​បទ​បាន​ចុះ​ផ្សា​យ ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ ដូច្នេះ​ខ្ញុំ​កាន់​តែប្ដេជ្ញា​ចិត្ត​ក្លាយ​ជា​អ្នក​កាសែត​។​ ឆ្នាំ​ ២០០៩ ពេល​ឮ​ដំណឹង​ថា​ស្ថានីយ​វិទ្យុ​និង​ទូរ​ទស្សន៍​ក្រុង​កឹង​ធើ ជ្រើស​រើស​បុគ្គ​លិក​មាន​កម្រិត​វប្ប​ធម៌​វៀត​ណាម​-ខ្មែរ​ ខ្ញុំ​បាន​ចុះ​ឈ្មោះ​និង​ជាប់​ជម្រើស​។​ ខ្ញុំ​ក្លាយ​ជាអ្នក​រៀប​រៀង​ និង​ជា​ពិធី​ករ​ផ្នែក​ព័ត៌​មាន​ភាសា​ខ្មែរ​ ទន្ទឹម​នឹង​នោះ​ ក៏​ជាអ្នក​យក​ព័ត៌​មាន​ទទួល​បន្ទុក​ប្រ​ចាំ​នៅ​តំ​បន់​”។​

  អ្នកកាសែត សើុងកុសល (កណ្ដាល) ទទួលរង្វាន់មាស
វិទ្យុផ្សាយសំឡេងភាសាខ្មែរទូទាំងប្រទេស។

ថ្វី​ដ្បិត​តែជួប​ការ​លំ​បាក​ច្រើន​ក៏​ពិត​មែន​ ប៉ុន្តែ​ បង​តែង​ខិត​ខំ​ព្យា​យាម​ជម្នះ​នូវ​រាល់​ឧបសគ្គ​។​ លោក​ម៉ាក់​គិញ​ហាវ ប្រ​ធាន​ការិ​យា​ល័យ​ផ្សាយសំ​ឡេង​នៃ​ស្ថានីយ​វិទ្យុ​និង​ទូរ​ទស្សន៍​ក្រុង​កឹង​ធើ វាយ​តម្លៃ​៖ “បង​សើុង​កុសល​ ជាអ្នក​អំ​ណត់​ព្យា​យាម​ ស៊ូ​នឹង​ការ​លំ​បាក​ សម្រេច​រាល់​ភារ​កិច្ច​ ដែល​ការិ​យាល័យ​ប្រ​គល់​ឱ្យ​។​ ពិសេស​គឺ​ គាត់​មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ និង​ស្រឡាញ់​អា​ជីព​ ជាអ្នក​សារ​ព័ត៌​មាន​”។​ សម្រាប់​បង​សើុង​កុសល​ បាន​បំ​ពេញ​ការ​ងារ​ដែល​ខ្លួន​ពេញ​ចិត្ត​គឺ​ជា​សុភ​មង្គល​ ដូច្នេះ​បង​តែង​ខិត​ខំ​ព្យា​យាម​ជម្នះ​នូវ​ការ​លំ​បាក​។​ បង​សើុង​សុសល ឱ្យ​ដឹង​៖ “ខ្ញុំ​កំ​ព្រា​ឪ​ពុក​តាំង​ពីតូច រស់​នៅ​ជាមួយ​ជីដូន​ខាង​ម្ដាយ​ជាកសិករ​ក្រី​ក្រនៅ​ភូមិ​អង្គុលី​ត្បូង​ ឃុំ​ដុង​ប៊ិញ ក្រុង​ប៊ិញ​មិញ​ ខេត្ត​វិញ​ឡុង​។​ ក្រោយ​ពីរៀន​ថ្នាក់​ទី ៩ ខ្ញុំ​ឈប់​រៀន​ជួយ​ជី​ដូន​ធ្វើ​ការ​ងារ​ផ្ទះ​។​ បន្ទាប់​មក​ជី​ដូន​នាំ​ខ្ញុំ​ចូល​វត្ត​អង្គុលី​ត្បូង​ដើម្បី​បួស​រៀន​។​ អស់​រយៈ​ពេល​បួស​ ខ្ញុំ​ទៅ​សិក្សា​បាលី​-ខ្មែរ​ រយៈ​ពេល​ ១០ ឆ្នាំ​នៅ​វត្ត​នានា​ក្នុង​ខេត្ត​ត្រា​វិញ​ និង​សិក្សា​នៅ​សាលា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ​។​ ឆ្នាំ​ ១៩៩៨ ខ្ញុំ​បាន​បញ្ចប់​ការ​សិក្សា​ ហើយ​វិល​មក​វត្ត​ទទួល​តួនាទី​ជាព្រះ​ចៅ​អធិ​ការ​វត្ត​។​ ឆ្នាំ​ ១៩៩៩ ខ្ញុំ​លា​ចាក​សិក្ខា​បទ​ ហើយ​បាន​ជ្រើស​រើស​ចូល​បម្រើ​ការ​ងារ​នៅ​មន្ទីរ​វប្ប​ធម៌​ កីឡា​ និង​ទេស​ចរណ៍​ខេត្ត​វិញ​ឡុង​។​ រយៈ​ពេល​បំ​ពេញ​ការ​ងារ​នៅ​មន្ទីរ​វប្ប​ធម៌​ កីឡា​ ខ្ញុំ​បាន​បន្ត​ការ​សិក្សា​មហា​វិទ្យា​ល័យ​ផ្នែក​វប្ប​ធម៌​ នៅ​មហា​វិទ្យា​ល័យ​វប្ប​ធម៌​ទីក្រុង​ហូជី​មិញ​”។​

បច្ចុប្បន្ន​ បង​សើុង​កុសល​ ត្រូវ​បាន​ប្រ​ធាន​ការិ​យា​ល័យ​ប្រ​គល់​តួនាទី​ជា​អ្នក​រៀប​រៀង​និង​ជាពិធី​ករ​ផ្នែក​ព័ត៌​មាន​ភាសា​ខ្មែរ​ និង​ជាអ្នក​យក​ព័ត៌​មាន​ទទួល​បន្ទុក​ប្រ​ចាំ​នៅ​តំ​បន់​ស្រុក​ថើយ​ឡាយ​ វិញ​ថាញ់ និង​កើ-ដ។​ ដោយ​ការ​ជិត​ដិតនឹង​មូល​ដ្ឋាន​ ហើយ​សកម្ម​ក្នុង​ការ​បំ​ពេញ​ការ​ងារ​ ម៉្លោះ​ហើយ​បង​កុសល​ មាន​អត្ថ​បទ​ល្អ​ៗ​ជា​ច្រើន​ និង​ទទួល​បាន​ពាន​រង្វាន់​សារ​ព័ត៌​មាន​។​ ក្នុង​នោះ​ មាន​រង្វាន់​មាស​ ២ គ្រឿង​នៃ​កម្ម​វិធី​វិទ្យុ​ផ្សាយ​សំ​ឡេង​ភាសា​ខ្មែរ​ទូទាំង​ប្រ​ទេស​ រង្វាន់​លេខ​ ២ មួយ​គ្រឿង​ រៀប​ចំ​ឡើង​ដោយ​ស្ថានីយ​វិទ្យុ​និង​ទូរ​ទស្សន៍​ក្រុង​កឹង​ធើ និង​រង្វាន់​លើក​ទឹក​ចិត្ត​ជា​ច្រើន​ទៀត​...៕​

   អត្ថ​បទ​៖ ទីទុយ​

  

ចែករំលែកអត្ថបទ