ទម្រង់ទូសៀវភៅនៅសាលារៀននៃវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿងសុកត្រាំង សំដៅជំរុញឱ្យសិស្សអានសៀវភៅ បង្កើនសមត្ថភាពក្នុងការសិក្សានិងស្រាវជ្រាវ ជួយឱ្យការរៀនសូត្រសម្រេចបានលទ្ធផលល្អប្រសើរ។
សិស្សអានស្រាវជ្រាវពីសៀវភៅដើម្បីធ្វើលំហាត់។
តាមប្រសាសន៍ លោកគ្រូថាច់សុង នាយកវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង ទម្រង់ទូសៀវភៅនៅសាលារៀន ត្រូវបានបង្កើតកាលពីដើមឆ្នាំសិក្សា ២០២០-២០២១ សំដៅជួយឱ្យសិស្សមានទម្លាប់អានសៀវភៅ។ ដើម្បីពង្រីកប្រសិទ្ធភាពនៃទម្រង់នេះ សាលាបានបំផុសចលនាប្រឡងសរសេរអត្ថបទ រៀបរាប់ពីសៀវភៅមួយក្បាលដែលខ្លួនពេញចិត្ត។ អត្ថបទប្រឡងដែលទទួលបានលេខមួយនឹងបានរង្វាន់ ១ លានដុង។ ផ្តើមពីនោះ សិស្សសកម្មចូលរួម ហើយម៉ោងអានសៀវភៅក៏ក្លាយជាទម្លាប់រហូតមកទុកដូចជាការកម្សាន្តអារម្មណ៍។
បច្ចុប្បន្ន សាលាមានសៀវភៅនិងកាសែតគ្រប់ប្រភេទជាង ១០.០០០ ក្បាល ដូច៖ កាសែត ទស្សនាវដ្តី សៀវភៅស្រាវជ្រាវ រឿងព្រេង អក្សរសិល្ប៍ប្រជាប្រិយ សៀវភៅទំនៀមទម្លាប់វៀតណាម និងពិភពលោក។ល។ ក្រៅពីបណ្ណាល័យ សៀវភៅនៅទាំងបានតម្កល់ក្នុងបន្ទប់រៀនទាំង ១៨ ទៀតផង។ ឆ្លងតាមរយៈនោះ ក្នុងពេល ២ សប្ដាហ៍ គឺសៀវភៅក្នុងទូនៅតាមបន្ទប់រៀននិងបណ្ណាល័យបៃតងត្រូវបានប្តូរគ្នាម្តង ដើម្បីឱ្យមានសៀវភៅសម្បូរបែប បម្រើដល់ការអានកម្សាន្តអារម្មណ៍ និងសិក្សាស្រាវជ្រាវរបស់សិស្ស។ ប្អូនយឿងង៉ុកហា សិស្សថ្នាក់ទី ១១A៣ ឱ្យដឹង៖ “ការអានសៀវភៅបានក្លាយជាទម្លាប់របស់ប្អូន និងមិត្តភ័ក្តិជាច្រើន។ ការអានសៀវភៅមានប្រយោជន៍ច្រើនណាស់ ជួយឱ្យប្អូនពង្រីកចំណេះដឹងពីសង្គម ចេះពាក្យពេចន៍សម្រាប់ប្រើប្រាស់ក្នុងការតែងសេចក្តី ឬដឹងពីរបៀបតែងសេចក្តីបានល្អ”។ ប្អូនលីធីមីញៀង សិស្សថ្នាក់ទី ១០A១ ឱ្យដឹង៖ “បណ្ណាល័យបៃតងមានភាពស្រឡះស្រឡំ ម្ល៉ោះហើយប្អូនចូលចិត្តមកទីនេះអានសៀវភៅ កាសែត ដើម្បីបង្កើនចំណេះដឹង បម្រើដល់ការរៀនសូត្រ។ ពិសេស ប្អូនអានកាសែតកឹងធើភាសាខ្មែរជាញឹកញាប់ ពីព្រោះកាសែតមានខ្លឹមសារយ៉ាងសម្បូរបែប មានដោះដូរវាក្យស័ព្ទខ្មែរ-វៀត ជួយឱ្យប្អូនរៀនបានល្អវិញ្ញាសាភាសាខ្មែរ។ សព្វថ្ងៃ ការអានសៀវភៅបានក្លាយជាទម្លាប់ ម្ល៉ោះហើយថ្ងៃណាក៏ប្អូនចូលទៅបណ្ណាល័យអានសៀវភៅឱ្យបានមួយក្បាល កាសែតឬទស្សនាវដ្តីមួយច្បាប់ដែរ”។
លោកគ្រូថាច់សុង ឱ្យដឹង៖ “សៀវភៅគឺជាខ្លឹមនៃវប្បធម៌មនុស្សជាតិ ជាឃ្លាំងផ្ទុកនូវចំណេះដឹងដ៏មហាសាល ម្ល៉ោះហើយទម្រង់ទូសៀវភៅនៅសាលារៀនពិតជាបានបណ្តុះឱ្យសិស្សមានទម្លាប់អានសៀវភៅ ជក់ចិត្តដិតអារម្មណ៍ក្នុងការសិក្សាស្រាវជ្រាវចំណេះដឹងតាមរយៈសៀវភៅ កាសែត។ នេះក៏ជាមូលដ្ឋានគ្រឹះ ដើម្បីបង្កើតវប្បធម៌អានសៀវភៅក្នុងសាលារៀន ជួយប្អូនៗអភិវឌ្ឍន៍ផ្នត់គំនិត មានស្មារតីភ្ញាក់រលឹករៀនសូត្រដោយខ្លួនឯង។ ដូច្នេះ ទម្រង់នេះបានរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់ប្រសិទ្ធភាព គុណភាពអប់រំរបស់សាលាផងដែរ”៕
យ្វីអាញ-លីសៀ