បន្ទាប់ពីបើកដំណើរការបាន ៣ ឆ្នាំ បរិយាកាសច្នៃប្រតិដ្ឋនៃសាកលវិទ្យាល័យកឹងធើ (Maker Innovation Space of Can Tho University (MIS-CTU) បានក្លាយជាកន្លែងបន្តក្តីស្រមៃដល់និស្សិតបញ្ចេញគំនិតច្នៃប្រតិដ្ឋ និងផ្តើមអាជីព។ ផ្តើមពី MIS-CTU មានផលិតផលបច្ចេកទេស បច្ចេកវិទ្យាបានច្នៃប្រតិដ្ឋឡើងមានប្រយោជន៍សម្រាប់ជីវភាព។
រ៉ូប៉ូតកំណត់សម្គាល់ភិនភាគអ្នកដែលបានជួបប្រាស្រ័យ។
រៀងរាល់ថ្ងៃក្រៅពីម៉ោងរៀន ប្អូនផាមឡេហឺវដាង និស្សិតឆ្នាំចុងក្រោយផ្នែកមេកាត្រូនិច តែងមក MIS-CTU ដើម្បីសិក្សាស្រាវជ្រាវ ច្នៃប្រតិដ្ឋ។ ធ្វើដំណើរតាមហឺវដាង ប្អូនបានណែនាំយើងខ្ញុំលាងដៃ រួចផ្ញើថង់អីវ៉ាន់ដោយដាក់ចូលក្នុងទូ ឧបករណ៍ទាំងអស់សុទ្ធសឹងតែស្វ័យប្រវត្តិ។ ប្អូនផាមហឺវដាង បកស្រាយ៖ នោះគឺជាផលិតផលអាស្រ័យនិស្សិតសាកលវិទ្យាល័យកឹងធើផលិតឡើងនៅ MIS-CTU ងាយស្រួលប្រើប្រាស់ មានប្រយោជន៍ទៀតផង។ តួយ៉ាងដូច ទូចាក់សោអេឡិចត្រូនិចសម្រាប់រក្សាអីវ៉ាន់ប្រើប្រាស់មានឈ្មោះថា Electronics Locker អ្នកប្រើប្រាស់អាចប្រើប្រភេទកាតណាមួយក៏បាន ដូចជា កាតចាំម៉ូតូ កាតATM ។ល។ ឬប្រើក្រយៅដៃ ដើម្បីបើកទ្វារទូ និងដាក់អីវ៉ាន់ដែលត្រូវរក្សាចូលក្នុងទូ។ បន្ទាប់ពីទ្វារបិទ ទូនឹងឡើងភ្លើងក្រហមជាសញ្ញាប្រាប់ថា ថតនោះ មានអ្នកប្រើប្រាស់រួចហើយ។
ផលិតផលមួយផ្សេងទៀតក៏មានប្រយោជន៍ក្នុងឱកាសចំណុចខ្ពស់បង្ការប្រឆាំងជំងឺ COVID -១៩ កន្លងហើយ គឺរ៉ូប៉ូត UVC។ ឧបករណ៍ស្វ័យប្រវត្តិនេះ នឹងកម្ចាត់មេរោគនៅក្នុងបន្ទប់ ឬក្នុងផ្ទះដោយកាំរស្មីអ៊ុលត្រាវីយូឡេ។ អ្នកប្រើប្រាស់បញ្ជាឧបករណ៍ពីខាងក្រៅ រ៉ូប៉ូតនឹងចលនា រួចបញ្ចេញកាំរស្មីអ៊ុលត្រាវិយូឡេ ដើម្បីកម្ចាត់មេរោគដែលមាននៅក្នុងលំហអាកាសនោះ។ រ៉ូប៉ូតមួយគ្រឿងផ្សេងទៀត អាស្រ័យនិស្សិតច្នៃប្រតិដ្ឋ ត្រូវបានវាយតម្លៃខ្ពស់ផងដែរ គឺវាអាចកំណត់សម្គាល់ បានភិនភាគ និងឈ្មោះមនុស្សដែលរ៉ូប៉ូតនេះបានជួបប្រាស្រ័យ។ ជាក់ស្តែង ពេលទិន្នន័យមុខមាត់របស់អ្នកប្រើប្រាស់ត្រូវបានរ៉ូប៉ូតទទួលយកនិងរក្សាទុក ពេលកំណត់សម្គាល់ភិនភាគរ៉ូប៉ូតនឹងបញ្ចេញសំឡេងស្វាគមន៍ និងចងចាំចំនួនលើក និងពេលវេលាដែលជួបប្រាស្រ័យ។ រ៉ូប៉ូតនេះមានប្រសិទ្ធភាពណាស់ក្នុងការហៅឈ្មោះ ត្រួតពិនិត្យចំនួនមនុស្សចេញចូលនៅតាមទីតាំងសាធារណៈ ស្ថាប័ន សាលារៀនជាដើម។
បណ្ឌិតង្វៀងហ្វាងយុង ប្រធានគណៈគ្រប់គ្រង MIS-CTU ឱ្យដឹង៖ MIS-CTU ត្រូវបានបង្កើតឡើង គឺជាលទ្ធផលនៃកិច្ចសហការរវាងសាកលវិទ្យាល័យកឹងធើ និងសាកលវិទ្យាល័យ រដ្ឋ Arizona (ASU) អាមេរិក ក្រោមការឧបត្ថម្ភរបស់ស្ថាប័ន អភិវឌ្ឍន៍អន្តរជាតិអាមេរិក (USAID) ឆ្លងតាមរយៈគម្រោង Built-IT។ MIS-CTU បានបម្រើដល់តម្រូវការតាមចំណង់ចូលចិត្តច្នៃប្រតិដ្ឋរបស់និស្សិត គ្រូបង្រៀន និងធុរជនជំនាញផ្នែកបច្ចេកទេស។ ផ្តើមពីការឧបត្ថម្ភឧបករណ៍ បច្ចេកវិទ្យាទំនើប ពី ASU ឃើញថា គំនិតច្នៃប្រតិដ្ឋថ្មីរបស់និស្សិត និងគ្រូបង្រៀន ត្រូវបានអនុវត្ត ហើយបង្កើនបាននូវផលិតផលជាក់ស្តែង។ ក៏ផ្តើមពី MIS-CTU នេះផងដែរ និស្សិតមានឱកាសលត់ដំគំនិតច្នៃប្រតិដ្ឋ បំណិនដោះស្រាយបញ្ហា និងចំណេះដឹងចម្រុះ អំពីវិទ្យាសាស្រ្ត បច្ចេកទេស យន្តកម្មជាដើម។
តាមប្រសាសន៍សាស្រ្តាចារ្យរង បណ្ឌិតង្វៀងដងខូយ ប្រធានការិយាល័យគ្រប់គ្រងវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យកឹងធើ គំនិតផ្តើមអាជីពភាគច្រើនចាប់ផ្តើមពីលទ្ធផលសិក្សាស្រាវជ្រាវប្រកបដោយលក្ខណៈអនុវត្ត រួចបានសាកលវិទ្យាល័យកឹងធើឧបត្ថម្ភបណ្តុះបណ្ដាលបង្កើតគម្រោងក្នុងអំឡុងពេល ៦ ខែ នៅក្នុងសាលា ពីមូលនិធិឧបត្ថម្ភនិស្សិតផ្តើមអាជីពរបស់សាលា។ ហើយការដែល MIS-CTU បានបើកឱ្យដំណើរការចាប់ពីឆ្នាំ ២០១៩ គឺជាបរិស្ថានមួយជួយជំរុញគំនិតផ្តើមអាជីពនិងបង្កើតបានជាផលិតផលសម្រាប់ទីផ្សារ៕
យ្វីខូយ-វិមាន