|
វេជ្ជបណ្ឌិតនាងសុខភណ្ឌ។ |
នៅស្រុកទ្រីតូង ខេត្តអាងយ៉ាង ខណៈពេលដែលជំងឺ COVID-១៩ ផ្ទុះរាលដាល មាន ”កុលាប” មួយទងតែងសកម្មរួមជាមួយនឹងផ្នែកឯកទេស មានភាពជឿជាក់នៅជួរមុខ។ នោះគឺ វេជ្ជបណ្ឌិតនាងសុខភណ្ឌ នៅផ្នែកពិនិត្យជំងឺនៃមជ្ឈមណ្ឌលសុខាភិបាលស្រុកទ្រីតូង។
និយាយអំពីមិត្តនារីរួមអាជីព វេជ្ជបណ្ឌិត ចៅស៊ើងខាញ់ នាយករងមជ្ឈមណ្ឌលសុខាភិបាលស្រុកទ្រីតូង ឱ្យដឹង៖ វេជ្ជបណ្ឌិត នាងសុខភណ្ឌ មានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការងារ; តែងខ្នះខ្នែងស្វែងរកចំណុចល្អៗ ថ្មីៗ និងខិតខំរៀនសូត្រដោយឥតឈប់ឈរ ដើម្បីលើកកម្ពស់វិជ្ជាជីវៈ ក៏ដូចជាលើកកម្ពស់ចំណេះដឹងដើម្បីបម្រើការពិនិត្យនិងព្យាបាលជំងឺជូនប្រជាជនកាន់តែបានល្អប្រសើរ។ ពិសេស កាលពីជំងឺ COVID-១៩ ផ្ទុះរាលដាលកន្លងហើយ វេជ្ជបណ្ឌិតនាងសុខភណ្ឌ ជាបុគ្គលឈានមុខមួយរូបក្នុងចំណោមអ្នកឈានមុខដទៃទៀត បានរួមជាមួយនឹងផ្នែកសមត្ថកិច្ចនៅជួរមុខប្រឆាំងជំងឺរាតត្បាត។
រំលឹកឡើងវិញនូវថ្ងៃដែលប្រយុទ្ធប្រឆាំងជំងឺ COVID-១៩ នៅជួរមុខ-មណ្ឌលជំងឺធ្ងន់ មានមនុស្សម្នាក់ ទោះជាបានពាក់សម្លៀកបំពាក់ការពាររោគឆ្លង “សម្ពីងសម្ពោង” ប៉ុន្តែមិនអាចបិទបាំងបាននូវរូបរាងតូចស្តើង និងភាពរហ័ស រហួនបានឡើយ។ អ្នកនេះជួនកាលឃើញជួយមិត្តរួមអាជីពទទួលអ្នកជំងឺ ជួនកាលឃើញទៅក្បែរគ្រែអ្នកជំងឺដើម្បីលើកទឹកចិត្ត។ល។ ហើយពេលដែលចាត់ទុកថាទំនេរនោះ តែងឃើញអ្នកនេះខល Zalo ឱ្យមិត្តភ័ក្តិ ឬមិត្តរួមអាជីព ។ល។ នៅខេត្តឡុងអាង និងក្រុងហូជីមិញ ។ល។ ដើម្បីរៀនសូត្របទពិសោធន៍អំពីរបៀបធ្វើរោគវិនិច្ឆ័យ និងវិធានការព្យាបាលជំងឺ។ អ្នកនោះ គ្មាននរណាក្រៅពីវេជ្ជបណ្ឌិតនាងសុខភណ្ឌឡើយ។ ពីព្រោះដូចដែលបងស្រីបានរៀបរាប់៖ “ដំបូងឡើយ ជំងឺ COVID-១៩ មានភាពថ្មីថ្មោង។ មានរោគសញ្ញា និងមានបញ្ហាជាប់ពាក់ព័ន្ធច្រើន។ល។ ក្រៅពីលទ្ធភាពយល់ដឹងរបស់ខ្ញុំ។ ខ្ញុំតែងរួមជាមួយនឹងមិត្តរួមអាជីព ប្រឆាំងជំងឺរាតត្បាតផង និងសិក្សាស្រាវជ្រាវនូវចំណេះដឹងថ្មីបន្ថែមផង ដើម្បីព្យាបាលជូនអ្នកជំងឺឱ្យកាន់តែបានល្អប្រសើរ។ ខណៈពេលដូច្នេះ ខ្ញុំហាក់ដូចជាភ្លេចអស់នូវការភ័យខ្លាច ព្រួយបារម្ភពីហានិភ័យនៃជំងឺនាំមក”។
វេជ្ជបណ្ឌិតនាងសុខភណ្ឌ កំពុងពិនិត្យសុខភាពជូនអ្នកជំងឺ។
ឆ្នាំនេះ វេជ្ជបណ្ឌិតនាងសុខភណ្ឌ ឈានចូលអាយុ ៤០ ឆ្នាំហើយ។ បងស្រី រៀបរាប់ប្រាប់៖ កាលពីដើម ដោយសារចេះតែឈឺថ្កាត់មិនឈប់ឈរ ម្ល៉ោះហើយសុខភាពរបស់គាត់មិនបានមាំមួនប៉ុន្មានទេ។ អាស្រ័យហេតុនោះ គាត់មានចំណង់ចំណូលចិត្តស្វែងរកចំណេះដឹង ដើម្បីអាចថែទាំសុខភាពខ្លួនឯងផង និងជូនគ្រួសារផង។ ក្រោយពីបញ្ចប់កម្រិតវិទ្យាល័យ គាត់សម្រេចចិត្តប្រឡងចូលផ្នែងវេជ្ជសាស្រ្ត នៅសាកលវិទ្យាល័យកឹងធើ (ឥឡូវជាមហាវិទ្យាល័យឱសថសាស្រ្តកឹងធើ)។ ប៉ុន្តែ “វាសនា មិនដូចបំណងប្រាថ្នា”។ ដ្បិតដូចបងស្រីរៀបរាប់៖ “កន្លែងខ្ញុំរស់នៅគឺតំបន់លំបាកខ្លាំង (ឃុំណូយតូ ស្រុកទ្រីតូង។ លក្ខណៈសម្បត្តិរស់នៅវាលំបាកហើយ រីឯលក្ខណៈរៀនសូត្រកាន់តែលំបាកជាងទៀត។ អាស្រ័យហេតុនោះ ខ្ញុំមិនគ្រប់សមត្ថភាពដើម្បីប្រឡងជាប់មុខវិជ្ជាដែលខ្លួនប្រាថ្នា”។ ទោះជាដូច្នោះក្តី បងស្រីប្ដេជ្ញាមិនបោះបង់ក្តីប្រាថ្នា។ គាត់សម្រេចចិត្តជ្រើសមករៀនគ្រូពេទ្យ នៅសាលាអនុមហាវិទ្យាល័យឱសថសាស្រ្តកឹងធើ។ បន្ទាប់ពី ២ ឆ្នាំឆ្លងកាត់ការលំបាកច្រើនក្នុងជីវភាព អ្នកគ្រូពេទ្យនាងសុខភណ្ឌក៏បានបញ្ចប់ការសិក្សា។ ទោះមានឱកាសនៅកឹងធើអភិវឌ្ឍវិជ្ជាជីវៈ ប៉ុន្តែ គាត់សម្រេចចិត្តសូមវិលទៅមជ្ឈមណ្ឌលសុខាភិបាលស្រុកទ្រីតូងវិញ។ បំពេញការងារមិនយូរប៉ុន្មាន តាមគោលបំណង គាត់បានថ្នាក់ដឹកនាំបញ្ជូលទៅរៀនបន្តផ្នែកវេជ្ជបណ្ឌិតពហុព្យាបាល។ ហើយមិនយូរប៉ុន្មាន បងស្រីបញ្ចប់ការសិក្សាក្លាយជាវេជ្ជបណ្ឌិតឯកទេសកម្រិត I ផ្នែកវេជ្ជសាស្ត្រផ្ទៃក្នុង។ល។
***
ខ្ញុំជួបវេជ្ជបណ្ឌិតនាងសុខភណ្ឌ ខណៈពេលដែលស្ថានភាពជំងឺ COVID-១៩ បានស្ងប់ស្ងាត់មួយរយៈ។ ទោះជាបានវិលមកបំពេញការងារដូចពីមុន ប៉ុន្តែតាមប្រសាសន៍ បងស្រី “កុំធ្វេសប្រហែសនឹងជំងឺរាតត្បាត បំផុតគឺជំងឺ COVID-១៩”។ ព្រោះហេតុនោះ គេតែងប្រទះឃើញបងស្រីមមាញឹកជាមួយនឹងការងាររបស់បន្ទប់ពិនិត្យជំងឺ ជាមួយនឹងការស្វែងយល់សិក្សាស្រាវជ្រាវថ្មី។ល។៕
ថាញឡុង-វិមាន