|
លោកឡេសើុងហាយ អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ។ |
នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ កាសែតកឹងធើភាសាខ្មែរ បានធ្វើបទសម្ភាសន៍ជាមួយលោកឡេសើុងហាយ អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ ដើម្បីរំលឹកឡើងវិញនូវលទ្ធផលសំខាន់ៗក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ជនជាតិភាគតិចនិយាយរួម និងតំបន់ជនជាតិខ្មែរនិយាយដោយឡែក។
* អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ លោកឡេសើុងហាយ បានចែករំលែក៖
- ទន្ទឹមនឹងការអភិវឌ្ឍន៍ប្រទេសជាតិ តំបន់ជនជាតិភាគតិចក៏សម្រេចបានសមិទ្ធផលធំៗ គ្រប់ជ្រុងជ្រោយ អំពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ធានាការការពារប្រទេស; កសាងប្រព័ន្ធនយោបាយរឹងមាំ។ ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិចត្រូវបានបង្កើនការវិនិយោគ។ ជីវភាពរបស់ប្រជាជនត្រូវបានកែលម្អគួរឱ្យកត់សម្គាល់។ ក្តីជំនឿរបស់ប្រជាជនចំពោះបក្ស រដ្ឋ ត្រូវបានពង្រឹងនិងលើកកម្ពស់ ឥតឈប់ឈរ។ ធ្លុងមហាសាមគ្គីជនជាតិ ត្រូវបានយកចិត្តទុកដាក់កសាងរឹងមាំ។
ដោយឡែកតំបន់ជនរួមជាតិខ្មែរនៅវាលរាបទន្លេគឺវឡុង ក្នុងរយៈពេលច្រើនឆ្នាំមកនេះ រដ្ឋបានជំនួយសង់ផ្ទះ ដីសង់ផ្ទះ; ដីបង្កបង្កើនផល; បណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតការងារធ្វើថ្មី; បង្កលក្ខណៈងាយស្រួលឱ្យជនរួមជាតិបុលទុនអភិវឌ្ឍន៍ផលិតកម្ម។ល។ បណ្តាគោលនយោបាយ កម្មវិធី និងគម្រោង អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច ត្រូវបានគណៈកម្មាធិការបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ផ្តោតការយកចិត្តទុកដាក់ផ្សព្វផ្សាយអនុវត្តជាសារវន្ត បានឆ្លើយតបតម្រូវការចាំបាច់សម្រាប់ផលិតកម្មនិងជីវភាពរស់នៅរបស់ប្រជាជន។ល។ ប្រព័ន្ធនយោបាយក្នុងតំបន់ជនជាតិខ្មែរត្រូវបានពង្រឹង ធ្វើឱ្យសុក្រឹតនិងពង្រីកបានប្រសិទ្ធភាព។ ការបណ្តុះបណ្តាល បំពាក់បំបន់កម្មាភិបាល ត្រូវបានផ្តោតការយកចិត្តទុកដាក់។ កងជួរកម្មាភិបាល បក្ខជន អ្នករដ្ឋការនិងបុគ្គលិកជនជាតិខ្មែរកំពុងកើនឡើងជារៀងរាល់ឆ្នាំ ទាំងបរិមាណនិងគុណភាព។ ប្រពៃណីសាមគ្គីរវាងបណ្តាជនជាតិ និងសាសនាត្រូវបានពង្រីក។ ស្ថានភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមតំបន់ដែលមានជនជាតិខ្មែររស់នៅកុះករត្រូវបានរក្សាខ្ជាប់។ល។ អាស្រ័យហេតុនោះ ជីវភាពសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិខ្មែររក្សាបានស្ថិរភាព។ អត្រាគ្រួសារក្រីក្រក្នុងជនរួមជាតិខ្មែរបានថយចុះរហ័ស ចីរភាព ចំនួនគ្រួសារក្រីក្រថយចុះ ពី៣-៥%ក្នុងមួយឆ្នាំ។ មកដល់ពេលនេះ មានជាង ៩៩% គ្រួសារខ្មែរមានឧបករណ៍ សោតទស្សន៍ មាន៩៧%គ្រួសារមានអគ្គិសនីប្រើប្រាស់ និងមាន ៨០% គ្រួសារមានទឹកស្អាតប្រើប្រាស់។ល។
* ក្រៅពីលទ្ធផលខាងលើ សូមអនុរដ្ឋមន្ត្រី លើកឡើងបន្ថែមពីលទ្ធផលសំខាន់ៗមួយចំនួនក្នុងការអនុវត្តការងារជនជាតិ និងគោលនយោបាយជនជាតិ នៅតំបន់វាលរាបទន្លេគឺវឡុង នាពេលកន្លង?
- ដំបូងគឺហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងប្រព័ន្ធធារាសាស្រ្តនៅតំបន់ជនជាតិភាគតិចមានការអភិវឌ្ឍ តភ្ជាប់ចរាចរណ៍អន្តរតំបន់ រួមចំណែកញុាំងឱ្យផ្លាស់ប្តូររហ័សមុខមាត់ទីក្រុងនិងជនបទតំបន់ជនជាតិភាគតិច ជំហានដំបូងបានឆ្លើយតបតម្រូវការវិនិយោគអភិវឌ្ឍន៍ និងសុខុមាលភាពសង្គម។ មក ដល់ពេលនេះ ផ្លូវពីខេត្តចុះដល់ស្រុក បានចាក់កៅស៊ូ ចាក់បេតុងសម្រេច ១០០% ផ្លូវពីឃុំទៅដល់មជ្ឈមណ្ឌលស្រុកបានចាក់កៅស៊ូ ឬចាក់បេតុងសម្រេច ៩៧,៥៦%។ អត្រាជនបទមានភ្លើងអគ្គិសនីជាតិគឺ ៩៩,៨%; ឃុំទាំង ១០០% មានសាលាបឋមសិក្សា និងអនុវិទ្យាល័យ; ៩៩,៧%ឃុំមានសាលាមត្តេយ្យ; ៩៩,៨% ឃុំមានដំណាក់សុខាភិបាល និង ៩៤,២% ឃុំសម្រេចបទដ្ឋានជាតិស្ដីពីសុខាភិបាល។ ៩៩,០៤%ភូមិមានផ្លូវគមនាគមន៍រឹងមាំ។ អត្រាភូមិមានអគារវប្បធម៌គឺ ៧៩,៥% កើនឡើង៣៩,៦% បើធៀបនឹងឆ្នាំ ២០១៥។ ការងារលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។ ជារៀងរាល់ឆ្នាំ អត្រាគ្រួសារក្រីក្រថយចុះពី ២-៣%; ជាពិសេសឃុំ និងភូមិលំបាកខ្លាំងថយចុះពី ៣-៤%; ស្រុកក្រី ក្រថយចុះពី ៤-៥%, មានកន្លែងខ្លះជាង ៥%; អត្រាគ្រួសារក្រីក្រ និងកៀកបន្ទាត់ក្រទូទាំងតំបន់ថយចុះ ១,២%។ តំបន់វាលរាបទន្លេគឺវឡុង មានស្រុកចំនួន ២២ ឃុំចំនួន ១២៥ ភូមិចំនួន ១.៣០០ បានចាកផុតពីក្របខ័ណ្ឌលំបាកខ្លាំង។ តំបន់ជនជាតិភាគតិច មានឃុំចំនួន ១.០៥២ សម្រេចបទដ្ឋានជនបទថ្មី ក្នុងនោះ មាន ១០៦ ឃុំលំបាកខ្លាំង បានខិតខំសម្រេចបទដ្ឋានជនបទថ្មី។
ទន្ទឹមនឹងនោះ បុព្វហេតុអប់រំ បណ្តុះបណ្តាលក្នុងតំបន់ជនជាតិភាគតិចនៅតំបន់វាលរាបទន្លេគឺវឡុង កំពុងមានការអភិវឌ្ឍទាំងទ្រង់ទ្រាយទាំងវិសាលភាពនិងគុណភាព។ មូលដ្ឋានសុខាភិបាលនៅតំបន់ជនជាតិភាគតិចត្រូវបានពង្រឹង កងជួរកម្មាភិបាល បុគ្គលិកពេទ្យត្រូវបានបង្កើន បង្កលក្ខណៈដល់ការថែទាំសុខភាពជូនជនរួមជាតិកាន់តែបានល្អប្រសើរ។ ការងារអភិរក្សនិងលើកកម្ពស់តម្លៃវប្បធម៌ដ៏ល្អរបស់ជនជាតិភាគតិច ទទួលបានលទ្ធផលកាន់តែច្បាស់។
* តើអ្វីជាភារកិច្ចសំខាន់ក្នុងការអនុវត្តគោលនយោបាយជនជាតិនាពេលខាងមុខ សូមជម្រាបប្រសាសន៍លោក?
លោក ឡេសើុងហាយ អនុរដ្ឋមន្ត្រី អនុប្រធាននៃគណៈកម្មាធិការជនជាតិមកសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំវៀតណាម ២០២២ ដល់ជនរួមជាតិខ្មែរនៅខេត្តត្រាវិញ។ រូបថត៖ ubdt.gov.vn
- ភារកិច្ចសំខាន់ក្នុងការអនុវត្តគោលនយោបាយជនជាតិ នោះគឺត្រូវបន្តផ្សព្វផ្សាយអនុវត្តសេចក្តីសន្និដ្ឋានលេខ ៦៥-Kl/TW របស់ការិយាល័យនយោបាយ ស្តីពីការបន្តអនុវត្តសេចក្តីសម្រេចចិត្តលេខ ២៤-NQ /TW របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាល IX ស្តីពីការងារជនជាតិក្នុងស្ថានភាពថ្មី។ ជាពិសេស គឺផ្សព្វផ្សាយអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគម្រោងការមេ និងកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ (កម្មវិធីទិសដៅជាតិ)។ ជាក់ស្តែង គឺសេចក្តីសម្រេចលេខ ១៧១៩/QĐ-TTg របស់នាយករដ្ឋមន្ត្រី ស្តីពីការអនុម័តកម្មវិធីទិសដៅជាតិ ដំណាក់កាលទី ១៖ ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥។ នេះគឺជាកម្មវិធីដ៏ធំមួយ គ្របដណ្តប់លើគ្រប់វិស័យនៃជីវភាពសង្គម ដោយមានការចូលរួមពីក្រសួង ផ្នែកនិងភូមិភាគជាច្រើន។ កម្មវិធីនេះត្រូវបានរំពឹងថា នឹងពង្រីកបានគុណសម្បត្តិ និងជម្នះបានវិបត្តិក្នុងការងារជនជាតិ និងអនុវត្តគោលនយោបាយជនជាតិក្នុងដំណាក់កាលកន្លង។
* អនុរដ្ឋមន្ត្រី ទើបតែចែករំលែកអំពីលក្ខណៈសំខាន់នៃកម្មវិធីទិសដៅជាតិចំពោះជនជាតិភាគតិច។ ដូច្នេះ តើត្រូវធ្វើដូចម្តេច ដើម្បីផ្សព្វផ្សាយអនុវត្តកម្មវិធីនេះឱ្យមានប្រសិទ្ធភាព សូមជម្រាបប្រសាសន៍លោក?
- ឆ្នាំ ២០២២ គឺជាឆ្នាំដំបូងដែលកម្មវិធីទិសដៅជាតិផ្សព្វផ្សាយអនុវត្តការវិនិយោគទុនពីថវិកាមជ្ឈិម។ ដើម្បីធានាល្បឿន និងសម្រេចការរំសាយទុនវិនិយោគពីថវិការដ្ឋនៃកម្មវិធី ទាមទារគ្រប់ក្រសួង ផ្នែក និងភូមិភាគទាំងឡាយនៅតំបន់ជនជាតិភាគតិច គប្បីយកចិត្តទុកដាក់ជាងទៀតដល់ការដឹកនាំ ចង្អុលការ គ្រប់គ្រងពន្លឿនកិច្ចការកសាងនិងធ្វើឱ្យសុក្រឹតក្បាលម៉ាស៊ីន ប្រព័ន្ធច្បាប់ និងយន្តការ ធានានូវការដល់ព្រម និងឯកភាពក្នុងការផ្សព្វផ្សាយអនុវត្តកម្មវិធី។ គប្បីយកចិត្តទុកដាក់លើកកម្ពស់តួនាទី ភារកិច្ច ការយល់ស្រប ចូលរួមរបស់ប្រជាជនក្នុងការអនុវត្តកម្មវិធី និងគម្រោង។ ពីព្រោះថា លុះត្រាតែមានការឯកភាពពីប្រជាជន និងកិច្ចចង្អុលការប្រមូលផ្តុំរបស់ថ្នាក់គ្រប់គ្រង ទើបសកម្មភាពអនុវត្តគោលនយោបាយនឹងបានឈានចូលទៅក្នុងជីវភាព និងនាំមកនូវប្រសិទ្ធភាពខ្ពស់។
ភូមិភាគនីមួយៗត្រូវតែលើកកម្ពស់តួនាទី ម្ចាស់ការដឹកនាំ ចង្អុលការផ្សព្វផ្សាយអនុវត្តនិងធ្វើវិមជ្ឈការដល់ថ្នាក់មូលដ្ឋាន។ ចំពោះតំបន់ជនជាតិភាគតិច ត្រូវលើកកម្ពស់តួនាទីរបស់អង្គសំខាន់ក្នុងការអនុវត្តគម្រោងកម្មវិធីទិសដៅជាតិចំនួន ១០ របស់នាយករដ្ឋមន្ត្រី។ ក្រៅពីនេះ ត្រូវលើកកម្ពស់តួនាទីទំនាក់ទំនង និងការឃោសនា។ បង្កើនការស្ងើចសរសើរ និងលើកតម្កើងនូវគំរូឆ្នើម និងរបៀបធ្វើល្អៗ។ ពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ។ល។ កិច្ចសហប្រតិបត្តិការជាមួយមជ្ឈិម ជាមួយមន្ទីរ គណៈ ផ្នែក ការងាររណសិរ្សភូមិភាគ ក៏គប្បីបង្កើន ដើម្បីធានានូវទិសដៅ ល្បឿននៃកម្មវិធីទិសដៅជាតិនាពេលខាងមុខ។
* សូមអរគុណអនុរដ្ឋមន្ត្រី អនុប្រធាន គណៈកម្មាធិការជនជាតិ !
ហាទ្រីវ-សុផន