បច្ចុប្បន្ន ខ្ទឹមក្រហមវិញចូវ ខេត្តសុកត្រាំង កំពុងឈានចូលរដូវប្រមូលផលសំខាន់ឆ្នាំ ២០២១ - ២០២២ ។ ដើម្បីធានាការប្រមូលផលខ្ទឹមក្រហមសម្រេចជោគជ័យ កសិកររកបានចំណេញ ផ្នែកសមត្ថកិច្ច ខេត្តបានដាក់ចេញវិធានការជាក់ស្ដែងជាច្រើនក្នុងការចងសម្ព័ន្ធប្រមូលទិញខ្ទឹមក្រហម។
កសិករ ក្រុងវិញចូវ កំពុងប្រមូលផលខ្ទឹមក្រហម។
យោងតាមការិយាល័យសេដ្ឋកិច្ចក្រុងវិញចូវ ឆ្នាំនេះកសិករលើភូមិសាស្រ្តចុះពូជខ្ទឹមក្រហមបាន ៥.២០០ ហិកតា។ ក្នុងនោះ ផ្ទៃដីចុះពូជមុនរដូវកាលមានជាង ១.៥០០ ហិកតា ចុះពូជត្រូវតាមរដូវកាលមានជាង ៣.៧០០ ហិកតា។ បច្ចុប្បន្ន ខ្ទឹមក្រហមដាំត្រូវរដូវកាលកំពុងឈានដល់រដូវប្រមូលផលស្រុះគ្នា។ អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងវិញចូវ ផាងវិញតុង ឱ្យដឹង៖ “ឆ្នាំនេះ អាស្រ័យអាកាសធាតុអំណោយផល មាមីងចុះពូជខ្ទឹមក្រហមរប៉េះរប៉ោះ មិនចុះពូជស្រុះគ្នាដូចឆ្នាំមុនៗ ទោះបីកំពុងឈានចូលរដូវប្រមូលផលក៏ដោយ ប៉ុន្តែតម្លៃខ្ទឹមក្រហមនៅកម្រិតខ្ពស់បង្គួរ តម្លៃមធ្យមភាគពី ១២.០០០ - ១៥.០០០ ដុង/គីឡូក្រាម (យោងតាមពណ៌សម្បុរនិងខ្នាតមើមខ្ទឹម)។ ចំណែកខ្ទឹមក្រហមដាំតាមទិសដៅសរីរាង្គមានតម្លៃជាង ១៧.០០០ ដុង/គីឡូក្រាម។ តម្លៃនិងការប្រើប្រាស់មុខទំនិញមានភាពលំនឹង បានជួយឱ្យអ្នកដាំខ្ទឹមក្រហមមានភាពរីករាយ”។
ដើម្បីជៀសវាងស្ថានភាព “ដំណាំបានផល តែខុសតម្លៃ” ក្រុងវិញចូវ ជំរុញការងារផ្សព្វផ្សាយដើម្បីប្រជាជនយល់ដឹង និងអនុវត្តត្រូវតាមតំបន់ គ្រោងដាំខ្ទឹមក្រហម មិនបើកទូលាយផ្ទៃដីដាំចេញទៅតំបន់ឯទៀត ដើម្បីធានាការលក់ចេញ។ ក្រៅពីនោះ អាជីវកម្មនានានៅទាំងមិនអល់អែក វិនិយោគឃ្លាំងសីតុណ្ហភាពគ្រប់លក្ខណសម្បត្តិ ដើម្បីរក្សាទុកខ្ទឹមក្រហមក្នុងពេលប្រមូលផលស្រុះគ្នា ជៀសវាងការកកស្ទះ ជួយឱ្យខ្ទឹមក្រហមរក្សាតម្លៃលំនឹង។ លោកឡឹមវ៉ាន់ម៉ា នៅអនុសង្កាត់ក្រសាំង សង្កាត់ ២ ឱ្យដឹង៖ “ខ្ញុំទើបប្រមូលផលខ្ទឹមក្រហម គិតប៉ាន់ស្មានប្រហែល ២,៥ តោន/កុង។ អាស្រ័យអាកាសធាតុអំណោយផល បានជាខ្ទឹមក្រហមឆ្នាំនេះផ្ដល់ទិន្នផលខ្ពស់។ រាល់ថ្ងៃឈ្មួញមកទិញក្នុងតម្លៃជាង ១២.០០០ ដុង/គីឡូក្រាម ក្រោយពីទូទាត់ការចំណាយ ខ្ញុំរកបានប្រាក់ចំណេញបង្គួរដែរ”។
នាយករងមន្ទីរឧស្សាហពាណិជ្ជកម្មខេត្តសុកត្រាំង ហឿទ្រឿងសើុង ឱ្យដឹង៖ “ផ្នែកកសិកម្មកំពុងសហការជាមួយមន្ទីរ ផ្នែក និងសម្ព័ន្ធសមាគមអាជីវកម្មលើភូមិសាស្រ្តខេត្ត ជំរុញការចងសម្ព័ន្ធ ផ្សព្វផ្សាយ ឧទ្ទេសនាមខ្ទឹមក្រហមវិញចូវចេញទៅក្រៅខេត្ត។ ប្រព័ន្ធប្រមូលទិញ ដេប៉ូចែកចាយធំៗតាមរយៈបណ្តាញដូចជា៖ Zalo វេទិកាពាណិជ្ជកម្មអេឡិចត្រូនិច ក្រុមទំព័រវ៉ែបសៃថ៍នៃមជ្ឈមណ្ឌលជំរុញដំណើរការពាណិជ្ជកម្មបណ្ដាខេត្ត ក្រុង ទូទាំងប្រទេស ។ល។ ជំហានដំបូងនាំមកប្រសិទ្ធភាពជាវិជ្ជមានសម្រាប់ការប្រើប្រាស់និងតម្លៃលក់។ នេះជាសញ្ញារីករាយសម្រាប់កសិករដាំខ្ទឹមក្រហមត្រូវតាមរដូវកាលនៅវិញចូវឆ្នាំ ២០២២” ៕
យ្វីអាញ - ថាច់ធី