ភូមិកៃយ៉ា ឃុំហឹងហោយ ស្រុកវិញឡើយ ខេត្តបាកលីវ ត្រូវបានចាត់ទុកជាភូមិ”មហាវិទ្យាល័យ” ពីព្រោះមាមីងខ្មែរនៅទីនេះ អ្នកណាក៏ខ្នះខ្នែងគិតគូរឱ្យកូនចៅរៀនសូត្របានចប់ចុងចប់ដើមដែរ។
កូនចៅជនរួមជាតិខ្មែរនៅភូមិកៃយ៉ា ធ្វើដំណើរទៅសាលារៀន។
បងស្រីយ័ញធីគីមឡៀង នៅភូមិកៃយ៉ា ឱ្យដឹង៖ “ពីដើម ខ្ញុំនៅផ្ទះលក់ដូរ។ ដោយសារមិនចេះអក្សរ ម៉្លោះហើយនាងខ្ញុំជួបការលំបាកច្រើន។ ផ្តើមពីនោះ ពេលមានកូន ខ្ញុំសម្រេចចិត្តត្រូវតែគិតគូរឱ្យវារៀនសូត្របានត្រឹមត្រូវ ដើម្បីងាយស្រួលគិតគូរធ្វើការរកស៊ី។ ម្យ៉ាងវិញទៀត ខ្ញុំឃើញអ្នកមានចំណេះវិជ្ជានៅក្នុងភូមិទៅធ្វើការ ស្លៀកពាក់ ស្អាតបាត ជីវភាពធូរធារ ម៉្លោះហើយខ្ញុំកាន់តែមោះមុតគិតគូរឱ្យកូនៗរៀនសូត្រ”។ ទោះបី ធ្វើការងារស្រែចម្ការនិងលក់ដូរមានការនឿយហត់យ៉ាងណាក៏ដោយ ប៉ុន្តែប្តីប្រពន្ធបងស្រីឡៀង តែងយកចិត្តទុកដាក់លើកទឹកចិត្តកូនៗ ដើម្បីស្ងប់អារម្មណ៍រៀនសូត្រ។ ពិសេស បងស្រីតែងលើកយកគំរូជោគជ័យក្នុងការសិក្សានៅក្នុងភូមិមកវិភាគបង្ហាញដល់កូនៗឱ្យយល់ ពីប្រយោជន៍នៃការសិក្សា ផ្តល់ជាកម្លាំងចិត្ត ជម្នះលំបាក ដើម្បីកូនៗសិក្សាបានល្អ។ បងស្រីឡៀង ឱ្យដឹងបន្ថែម៖ “ឥឡូវកូនៗខ្ញុំទាំង ៣ នាក់លុះក្នុងដំបូន្មាន រៀនពូកែ ប្រឡងជាប់មហាវិទ្យាល័យមានការងារធ្វើលំនឹង នាងខ្ញុំក៏រីកមុខរីកមាត់ក្នុងភូមិស្រុកដែរ”។ ដោយឃើញគ្រួសារនេះមានកូនរៀនសូត្រ មានការងារធ្វើ រកបានប្រាក់ចំណូលលំនឹង គ្រួសារដទៃៗទៀតក្នុងភូមិ ទោះបីក្រឬមានសុទ្ធសឹងគិតគូរឱ្យកូនចៅរៀនសូត្របានត្រឹមត្រូវ ដើម្បីមានអនាគតល្អប្រសើរ។
អ្នកមីងលីធីសាភេទ ឱ្យដឹង៖ “អ្នកមានចំណេះវិជ្ជាគឺមើលឃើញវែងឆ្ងាយ ជីវភាពក៏ល្អប្រសើរជាងអ្នកមិនចេះអក្សរ ទោះបីគ្រួសារក្រ ខ្ញុំក៏ខិតខំប្រឹងប្រែងធ្វើស្រែចម្ការ ចិញ្ចឹមសត្វ រកប្រាក់គិតគូរឱ្យកូនៗរៀនមហាវិទ្យាល័យ។ ឥឡូវ កូនទាំង ៣ នាក់រៀនចប់មហាវិទ្យាល័យ ក្លាយជាវិស្វករ វេជ្ជបណ្ឌិត គ្រូបង្រៀន មានប្រាក់ចំណូលលំនឹង ជីវភាពក៏បានល្អប្រសើរ។ ពិសេស ចៅទាំង ២ របស់ខ្ញុំក៏បញ្ចប់ការសិក្សាមហាវិទ្យាល័យមានការងារធ្វើលំនឹង។ ផ្តើមពីនោះ គ្រួសារខ្ញុំក៏បានទទួលស្គាល់ជាគ្រួសារសង្វាតរៀនសូត្រថ្នាក់ខេត្ត នោះគឺជាកិត្តិយសដ៏ក្រៃលែង”។
តាមប្រសាសន៍លោក ផាងមិញត្វៀង ប្រធានភូមិកៃយ៉ា ភាគច្រើនមាមីងខ្មែរក្នុងភូមិ សុទ្ធតែគិតគូរឱ្យកូនចៅរៀនសូត្របានត្រឹមត្រូវ។ ពីព្រោះ រដ្ឋមានគោលនយោបាយអាទិភាព ដូចជា ជម្រើសតាំងសិស្សមហាវិទ្យាល័យ មហាវិទ្យាល័យបម្រុង ឱ្យបុលទុនរៀនសូត្រ ពិនិត្យពិន្ទុអាទិភាពឱ្យសិស្សនៅតំបន់ឆ្ងាយដាច់ស្រយាល។ល។ ដូច្នេះ ផ្តល់ជាកម្លាំងចិត្តដល់សិស្សជនជាតិខ្មែរ មានឱកាសរៀនមហាវិទ្យាល័យ។ សព្វថ្ងៃ ការចិញ្ចឹមកូនចៅរៀនមហាវិទ្យាល័យនៅភូមិកៃយ៉ា បានក្លាយជាចលនាមួយរីកសាយភាយពីមួយថ្ងៃទៅមួយថ្ងៃ។ មកទល់នឹងបច្ចុប្បន្ន ទូទាំងភូមិមានអ្នករៀនចប់មហាវិទ្យាល័យចំនួន ៣០០ នាក់កំពុងបំពេញការងារពីថ្នាក់មូលដ្ឋានដល់មជ្ឈិម៕
យ្វីអាញ-មុនី