មូលដ្ឋានសម្ភារៈ និងឧបករណ៍បង្រៀនត្រូវបានវិនិយោគសព្វគ្រប់ កងជួរគ្រូបង្រៀនមានកម្រិតវិជ្ជាសម្រេចបទដ្ឋាន និងមានបទពិសោធន៍ច្រើនក្នុងការបង្ហាត់បង្រៀន ម៉្លោះហើយគុណភាពអប់រំរបស់សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកឡុងភូ ស្រុកឡុងភូ ខេត្តសុកត្រាំង ត្រូវបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
សិស្សសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកឡុងភូ តែងជួយគ្នាក្នុងការសិក្សា។ (រូបថតកាលជំងឺ COVID-១៩ មិនទាន់កើតមានឡើង)
តាមប្រសាសន៍លោកគ្រូឡៀងហៀងសឺ នាយករងសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកឡុងភូ ឆ្នាំសិក្សានេះ សាលាបានផ្នែកអប់រំវិនិយោគជាង១៥ ពាន់លានដុង ដើម្បីសាងសង់ ជួសជុលបន្ទប់រៀនអន្តេវាសិកដ្ឋាន បំពាក់គ្រឿងបរិក្ខារបម្រើការបង្រៀន និងរៀន។ល។ ម៉្លោះហើយធានាកន្លែងស្នាក់នៅដល់សិស្សទាំង ១០០%។ ឆ្នាំសិក្សា ២០២១ -២០២២ សាលាមានសិស្សចំនួន ២៧៣ នាក់ រៀន ៨ បន្ទប់។ នេះជាសិស្សជនជាតិខ្មែរ ដែលបានពិនិត្យជម្រើសពីភូមិ ឃុំលំបាកខ្លាំងនិងសិស្សក្រីក្រលើភូមិសាស្រ្តស្រុក។ បច្ចុប្បន្ន សិស្សបានចូលរៀនផ្ទាល់តាមផែនការរបស់មន្ទីរអប់រំនិងបណ្តុះបណ្តាល ដូច្នេះសាលាបានចាត់គ្រូបង្រៀននិងបុគ្គលិកពេទ្យរបស់សាលាប្រចាំការ ២៤/២៤ ម៉ោង ដើម្បីធានាសុខភាពដល់សិស្សក្នុងដំណាក់កាលជំងឺរាតត្បាត។
មកទល់ពេលនេះ កម្មាភិបាល គ្រូបង្រៀនសម្រេចបទដ្ឋានទាំង ១០០% ឆ្លើយតបទៅនឹងតម្រូវការផ្លាស់ថ្មីកម្មវិធីអប់រំរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាល គ្រូបង្រៀនតែងខ្នះខ្នែងក្នុងការបង្ហាត់បង្រៀន គិតគូរ លើកទឹកចិត្តនិងឧបត្ថម្ភដល់សិស្ស។ ទន្ទឹមនឹងនោះ នៅថ្ងៃបុណ្យសែនដូនតា បុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ សាលាបានរៀបចំសកម្មភាពសិល្បៈកីឡា ដើម្បីប្អូនៗលេងកម្សាន្ត។ លោកគ្រូហ្វិញមិញធី គ្រូបង្រៀនវិញ្ញាសាគណិតរបស់សាលា ឱ្យដឹង៖ “អាស្រ័យដឹងនូវសមត្ថភាពរៀនសូត្ររបស់សិស្សរៀងៗខ្លួន ម៉្លោះហើយគ្រូបង្រៀនបានរិះរកវិធីសាស្រ្តបង្រៀនឱ្យសមស្រប គួបផ្សំវិធីបង្រៀនតាមបែបបុរាណនិងវិធីបង្រៀនថ្មី ដើម្បីជួយឱ្យប្អូនៗឆាប់យល់មេរៀន។ ព្រមជាមួយនោះ គ្រូបង្រៀននៅទាំងណែនាំប្អូនៗពីរបៀបរស់នៅប្រជុំជីវកិច្ចរួម ចេះសាមគ្គី ជួយគ្នាទៅវិញទៅមកក្នុងការសិក្សា។ ពិសេស ពេលរសៀលចប់ម៉ោងសិក្សា សាលារៀបចំសកម្មភាពកីឡា សិល្បៈ ដើម្បីប្អូនៗចូលរួមលេងកម្សាន្ត ដូច្នេះយូរៗទៅក៏សុាំនឹងបរិស្ថាន ឆ្ងាយពីផ្ទះ ហើយរៀនសូត្របានល្អ”។
លោកគ្រូឡៀងហៀងសឺ ឱ្យដឹងបន្ថែម៖ “ដោយសាររងផលប៉ះពាល់នៃជំងឺ COVID-១៩ ទើបត្រៃមាសទី ១ សិស្សរបស់សាលាត្រូវរៀនអនឡាញ ប៉ុន្តែលទ្ធផលរៀនសូត្រនៅតែធានាបានល្អ។ នោះក៏ជាកម្លាំងចលករ ដើម្បីគ្រូនិងសិស្សរបស់សាលាខិតខំប្រឹងប្រែងជាងទៀតក្នុងការបង្រៀននិងរៀនពេលចូលរៀនផ្ទាល់”៕
លីធាន-មុនី