រដ្ឋាភិបាលប្រកាសឱ្យប្រើអនុក្រឹត្យលេខ ១៣០/២០២១/NĐ-CP ដែលកំណត់ពីការផាកពិន័យរដ្ឋបាលចំពោះវិស័យគាំពារ ឧបត្ថម្ភសង្គម និងកុមារ។
រដ្ឋាភិបាលទើបប្រកាសឱ្យប្រើអនុក្រឹត្យកំណត់ពីការផាកពិន័យបទល្មើសរដ្ឋបាលក្នុងវិស័យគាំពារ ឧបត្ថម្ភសង្គមនិងកុមារ (រូបឯកសារ)។
ខ្លឹមសារមួយគួរឱ្យកត់សម្គាល់ក្នុងអនុក្រឹត្យនេះ គឺការផាកពិន័យពី ១០ ទៅ ១៥ លានដុង ចំពោះទង្វើរៀបចំនិងបង្ខំកុមារឱ្យដើរសុំទាន។ ឱ្យជួល ឱ្យខ្ចី ឬប្រើកុមារឱ្យដើរសុំទាន។
អនុក្រឹត្យក៏បានកំណត់កម្រិតផាកពិន័យពី ៣ ទៅ ៥ លានដុង ចំពោះទង្វើបង្ខំកុមារឱ្យធ្វើការងារផ្ទះហួសពីកម្លាំង ធ្វើការលើសម៉ោង ប៉ះពាល់ដល់ការសិក្សា ការលេងកម្សាន្តរបស់ពួកគេ ឬប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍរបស់កុមារ។ រៀបចំញុះញង់ និងបង្ខំកុមារឱ្យរៀបការដោយមិនទាន់គ្រប់អាយុ។
អនុក្រឹត្យបានកំណត់ច្បាស់ពីកម្រិតផាកពិន័យតាមបទប្បញ្ញត្តិស្តីពីការហាមប្រើអំពើហិង្សាលើកុមារ។ យោងតាមនោះ ផាកពិន័យពី ១០ ទៅ ២០ លានដុង ចំពោះបទល្មើសមួយក្នុងចំណោមបទល្មើសខាងក្រោម៖ បង្អត់អាហារ បង្អត់ទឹក មិនឱ្យឬបន្ថយការអនាម័យខ្លួនប្រាណ។ បង្ខំឱ្យរស់នៅក្នុងបរិយាកាសពុល គ្រោះថ្នាក់ ឬការប្រព្រឹត្តអំពើឃោរឃៅទៅលើកុមារ។ បណ្តាលឱ្យប៉ះពាល់ដល់ស្មារតី ប្រមាថសេចក្តីថ្លៃថ្នូរ កិត្តិយស ជេរផ្ដាសា គំរាមកំហែង ដាក់ឱ្យនៅដាច់ដោយឡែក ប៉ះពាល់ដល់ការអភិវឌ្ឍរបស់កុមារ; ដាក់ឱ្យនៅដាច់ដោយឡែក បណ្តេញឬប្រើវិធានការដាក់ទណ្ឌកម្ម ដើម្បីបង្រៀនកុមារ បង្កផលប៉ះពាល់ដល់រាងកាយ និងស្មារតីរបស់កុមារ។ គំរាមកំហែងកុមារដោយរូបភាព សំឡេងសត្វ វត្ថុដែលបំភ័យកុមារ និងបង្កផលប៉ះពាល់ដល់ស្មារតី។
អនុក្រឹត្យក៏បានកំណត់កម្រិតផាកពិន័យចំពោះបទល្មើសនឹងបទប្បញ្ញត្តិ ស្តីពីការថែទាំ និងចិញ្ចឹមបីបាច់កុមារ។ ជាពិសេស ផាកពិន័យពី ២០ ទៅ ២៥ លានដុង ចំពោះឪពុកម្តាយ និងអ្នកថែទាំកុមារដែលមានទង្វើបោះបង់កុមារដោយចេតនា។ ផាកពិន័យជាប្រាក់ពី ១០ ទៅ ១៥ លានដុង ចំពោះទង្វើណាមួយដូចខាងក្រោម៖ ឪពុកម្តាយ ឬអ្នកថែទាំមិនបំពេញកាតព្វកិច្ច និងភារកិច្ចរបស់ខ្លួនក្នុងការថែទាំ ចិញ្ចឹមបីបាច់កុមារ វៀរលែងតែករណីត្រូវផ្តាច់បណ្តោះអាសន្នពីកុមារ ឬកុមារបានអ្នកផ្សេងថែទាំជំនួសតាមបទប្បញ្ញត្តិច្បាប់។ ឪពុកម្តាយ និងអ្នកថែទាំកុមារមិនយកចិត្តទុកដាក់ថែទាំ ចិញ្ចឹមកុមារ មិនបំពេញកាតព្វកិច្ច ភារកិច្ចរបស់ខ្លួនក្នុងការថែទាំ និងចិញ្ចឹមកុមារ ឬចោលរាយឱ្យកុមាររស់ដោយខ្លួនឯង កាត់កាល់ចោល និងផ្ដាច់ការផ្គត់ផ្គង់ដល់កុមារ ឬចាប់បង្ខំកុមារមិនឲ្យរស់នៅជាមួយគ្រួសារ វៀរលែងតែករណីត្រូវផ្តាច់បណ្ដោះអាសន្នពីកុមារ ឬកុមារបានអ្នកផ្សេងថែទាំជំនួសតាមបទប្បញ្ញត្តិច្បាប់។
អនុក្រឹត្យនេះមានសុពលភាពចាប់ពីថ្ងៃ ១ ខែមករា ឆ្នាំ២០២២៕
យោងតាមសារព័ត៌មានវៀតណាម-បកប្រែ៖ សុផន