អស់កាលជាង១៤ឆ្នាំផ្សារភ្ជាប់ជាមួយអាជីព លោកគ្រូថាច់ង៉ុកញ៉ុង គ្រូបង្រៀនវិទ្យាល័យញ៉ីទ្រឿង ស្រុកកូវង៉ាង ខេត្តត្រាវិញ តែងបានសិស្ស អាណាព្យាបាលសិស្ស និងមិត្តរួមអាជីពគោរពរាប់អាន។
លោកគ្រូថាច់ង៉ុកញុ៉ង ។
អ្នកគ្រូផាមធីត្វៀកឡាង នាយិការងវិទ្យាល័យញ៉ីទ្រឿង ឱ្យដឹង៖ “លោកគ្រូញ៉ុង ជាគ្រូបង្រៀនជនជាតិខ្មែរមួយរូប មានចំណេះដឹងជ្រៅជ្រះ តែងសម្រេចល្អនូវភារកិច្ចបង្ហាត់បង្រៀន និងជាគំរូឆ្នើមក្នុងចលនាគ្រូបង្រៀនពូកែ។ ជាច្រើនឆ្នាំបន្តបន្ទាប់ លោកគ្រូតែងសម្រេចកិត្តិនាមគ្រូបង្រៀនពូកែប្រចាំសាលាថ្នាក់ខេត្តនិងថ្នាក់ជាតិ”។
លោកគ្រូញ៉ុង រៀបរាប់៖ ឆ្នាំ ២០០៦ ក្រោយពីបញ្ចប់ការសិក្សាមហាវិទ្យាល័យគរុកោសល្យ អប់រំនយោបាយនៅសាកលវិទ្យាល័យគរុកោសល្យក្រុងហូជីមិញ លោកគ្រូត្រូវបានបញ្ជូនមកបង្រៀននៅវិទ្យាល័យញ៉ីទ្រឿង ហើយត្រូវបានចាត់ឱ្យបង្រៀនវិញ្ញាសាអប់រំការពារប្រទេសនិងសន្តិសុខ។ នេះគឺជាសាលាដែលមានសិស្សខ្មែរជាង ៧០% ។ អាស្រ័យហេតុនោះ នៅពេលបង្រៀន លោកគ្រូតែងរកវិធីសាស្រ្តបង្រៀនសមស្របនឹងលក្ខណៈជាក់ស្តែងរបស់សិស្ស។ ជាទូទៅលោកគ្រូញុ៉ងតែងប្រើរូបភាព ពីកាសែត ទស្សនាវដ្ដី ណែនាំសិស្សស្វែងរកឯកសារប្រវត្តិសាស្ត្រប្រពៃណីតស៊ូបណ្តេញខ្មាំងឈ្លានពានរក្សាទឹកដីរបស់ប្រជាជាតិវៀតណាម រំលឹកនូវប្រពៃណីរក្សាទឹកដីរបស់ជនជាតិ ដើម្បីទាក់ទាញសិស្សស្តាប់ផង ជួយប្អូនៗក្រេបជញ្ជក់មេរៀនបានឆាប់រហ័សផង។ លោកគ្រូញុ៉ង ឱ្យដឹង៖ “ខ្ញុំតែងតាំងចិត្តធ្វើយ៉ាងណាដើម្បីមានម៉ោងរៀនល្អ ទាក់ទាញការចាប់អារម្មណ៍យកចិត្តទុកដាក់រៀនសូត្ររបស់សិស្ស។ យោងទៅតាមសមត្ថភាពរបស់សិស្ស ទើបយើងស្វែងរកវិធីសាស្ត្របង្រៀនឱ្យសមស្រប ធ្វើឱ្យម៉ោងរៀនមានភាពពុះពោរ សម្បូរដោយគំនិតច្នៃប្រតិដ្ឋ ជួយសិស្សក្រេបជញ្ជក់ខ្លឹមសារមេរៀនបានល្អនិងចាំបានយូរ។ អាស្រ័យចេះឧភយភាសាវៀត-ខ្មែរ ម្ល៉ោះហើយខ្ញុំងាយស្រួលក្នុងការទំនាក់ទំនង និងបង្ហាត់បង្រៀន”។
លោកគ្រូញុ៉ង ធ្វើតេស្តដល់សិស្សមុនពេលចូលថ្នាក់។
ប្អូនថាច់ធីយុងតឺយ សិស្សវិទ្យាល័យញ៉ីទ្រឿង ឱ្យដឹង៖ “អាស្រ័យដោយវិធីបង្រៀនងាយយល់ រៀនបណ្តើរ អនុវត្តបណ្ដើរ ម្ល៉ោះហើយប្អូនកាន់តែចូលចិត្តរៀនវិញ្ញាសាអប់រំការពារប្រទេស។ លោកគ្រូបានបង្រៀនដល់ប្អូនៗ នូវចំណេះដឹងអំពីការការពារប្រទេសសន្តិសុខ អំពីប្រវត្តិសាស្ត្រដ៏ត្រចះត្រចង់របស់បុព្វបុរស។ មិនត្រឹមតែបង្រៀនពីចំណេះដឹង និងបំណិនប៉ុណ្ណោះទេ លោកគ្រូនៅទាំងបង្រៀនប្អូនៗពីសុជីវធម៌ក្នុងការរស់នៅ និងការទទួលខុសត្រូវចំពោះគ្រួសារ និងសង្គមផង”៕
សឺនម៉ាល័យ-លីសៀ