ចាប់ពីខែមករា ឆ្នាំ២០២២ ចំណុចថ្មីបំផុត ៥ យ៉ាងនៃអត្តសញ្ញាណប័ណ្ណពលរដ្ឋភ្ជាប់បន្ទះឈីប មានសុពលភាពជាក់ស្ដែងដូចខាងក្រោម៖
១.ប្រើប្រាស់អត្តសញ្ញាណប័ណ្ណពលរដ្ឋ យកទៅបញ្ចាំ ដាក់ធានាកម្ចីប្រាក់ នឹងត្រូវផាកពិន័យ
ចាប់ពីថ្ងៃ០១/០១/២០២២ យោងតាមសេចក្ដីកំណត់ថ្មីមានចែងក្នុងអនុក្រឹត្យលេខ ១៤៤/ ២០២១ ប្រសិនបើយកអត្តសញ្ញាណប័ណ្ណពលរដ្ឋទៅបញ្ចាំ ដាក់ធានាកម្ចីប្រាក់ ទាំងអ្នកបញ្ចាំនិងអ្នកទទួលបញ្ចាំ នឹងត្រូវពិន័យជាប្រាក់ ចាប់ពី ៤-៦ លានដុង។
២.មិនប្ដូរអត្តសញ្ញាណប័ណ្ណពលរដ្ឋអស់សុពលភាព អាចនឹងរងការពិន័យដល់ទៅ ៥០០.០០០ ដុង
ត្រង់ប្រការ ១ មាត្រា ១០ នៃអនុក្រឹត្យលេខ ១៤៤/២០២១ (ជំនួសអនុក្រឹត្យ ១៦៧/២០១៣/ NĐ-CP ) ចែងច្បាស់៖ ការមិនអនុវត្តត្រឹមត្រូវតាមសេចក្ដីកំណត់នៃច្បាប់ ស្ដីពីការផ្ដល់ ការប្ដូរ និងការផ្ដល់ឡើងវិញអត្តសញ្ញាណប័ណ្ណពលរដ្ឋ អាចនឹងរងការពិន័យជាការព្រមាន ឬពិន័យជាទឹកប្រាក់ពី ៣០០.០០០-៥០០.០០០ ដុង។ តាមរយៈនោះ ចាប់ពីថ្ងៃ ១/១/២០២២ អនុក្រឹត្យលេខ ១៤៤/២០២១ មានសុពលភាព។ ដើម្បីមិនរងការពិន័យ អ្នកប្រើប្រាស់អត្តសញ្ញាណប័ណ្ណពលរដ្ឋ ត្រូវប្ដូរប័ណ្ណថ្មីមុន ពេលគម្រប់អាយុ ២៥ ឆ្នាំ គម្រប់អាយុ ៤០ ឆ្នាំ និងគម្រប់អាយុ ៦០ ឆ្នាំ។ ប័ណ្ណថ្មីត្រូវបានប្ដូរក្នុងរយៈពេល ២ ឆ្នាំមុននឹងដល់ពេលកំណត់ប្ដូរអត្តសញ្ញាណប័ណ្ណពលរដ្ឋ នឹងមានសុពលភាពប្រើប្រាស់រហូតដល់ពេលកំណត់ប្ដូរប័ណ្ណថ្មីបន្តទៀត។
៣. កាត់បន្ថយកម្រៃសេវាផ្ដល់អត្តសញ្ញាណប័ណ្ណពលរដ្ឋ រហូតដល់ផុតថ្ងៃ ៣០/៦/២០២២
ចាប់ពី ១/១/២០២២ រហូតដល់ផុតថ្ងៃ ៣០/ ៦/ ២០២២ កម្រិតកម្រៃសេវាផ្ដល់អត្តសញ្ញាណប័ណ្ណពលរដ្ឋ ត្រូវបានគិតស្មើ ៥០% នៃកម្រិតកម្រៃសេវា ដែលបានកំណត់ត្រង់មាត្រា ៤ នៃសារាចរលេខ ៥៩/២០១៩TT-BTC។ ជាក់ស្ដែងកម្រិតកម្រៃសេវាផ្ដល់អត្តសញ្ញាណប័ណ្ណពលរដ្ឋ មានដូចតទៅ៖ ប្ដូរពីអត្តសញ្ញាណប័ណ្ណ ៩ លេខ ១២ លេខ ទៅអត្តសញ្ញាណប័ណ្ណពលរដ្ឋភ្ជាប់បន្ទះឈីបគឺ១៥.០០០ដុង។ ប្ដូរអត្តសញ្ញាណប័ណ្ណពលរដ្ឋដែលខូច មិនអាចប្រើប្រាស់បាន; ផ្លាស់ប្ដូរព័ត៌មានអំពីគោត, អក្សរចន្លោះគោត និងនាម, នាម, លក្ខណៈសម្គាល់ភិនភាគ, បញ្ជាក់ភេទ, ស្រុកកំណើត, មានការខ្វះចន្លោះ ព័ត៌មានលើប័ណ្ណ នៅពេលពលរដ្ឋមានតម្រូវការ គឺ ២៥.០០០ ដុង។ ផ្ដល់អត្តសញ្ញាណប័ណ្ណពលរដ្ឋឡើងវិញនៅពេលបាត់ បានចូលសញ្ជាតិវៀតណាមឡើងវិញ តាមសេចក្ដីកំណត់នៃច្បាប់សញ្ជាតិវៀតណាម គឺ ៣៥.០០០ ដុង។
៤. អាចប្រើប្រាស់អត្តសញ្ញាណប័ណ្ណពលរដ្ឋ ជំនួសលិខិតស្នាមផ្ទាល់ខ្លួន
នេះគឺជាគោលដៅមួយក្នុងចំណោមគោលដៅនានារបស់គម្រោងអភិវឌ្ឍប្រើប្រាស់ទិន្នន័យអំពីប្រជាពលរដ្ឋ កំណត់ឈ្មោះនិងការបញ្ជាក់អេឡិចត្រូនិចបម្រើដល់ការផ្លាស់ប្ដូរឌីជីថលជាតិ ដំណាក់កាល ២០២២ - ២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៣០ ប្រកាសដាក់ចេញអមដោយសេចក្ដីសម្រេចលេខ ០៦/QĐ-TTg ដែលនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ប្រកាសឱ្យប្រើនៅថ្ងៃ ៦/១/២០២១។ ឆ្លងតាមរយៈនោះ ទិសដៅក្នុងឆ្នាំ ២០២២ គឺធានាជាជំហានៗជំនួសលិខិតស្នាមផ្ទាល់ខ្លួនផ្អែកលើមូលដ្ឋាននៃការបញ្ចូល ការបញ្ជាក់ព័ត៌មាន លិខិតស្នាមផ្ទាល់ខ្លួនទៅក្នុងមូលដ្ឋានទិន្នន័យជាតិអំពីប្រជាពលរដ្ឋ ដើម្បីប្រើតែអត្តសញ្ញាណប័ណ្ណពលរដ្ឋមួយមុខ អនុវត្តការកំណត់ឈ្មោះអេឡិចត្រូនិចជាតិ(VNEID)។
តាមការគ្រោងទុក លិខិតស្នាមផ្ទាល់ខ្លួនមួយចំនួន ត្រូវបានបញ្ចូលក្នុងបន្ទះឈីបអត្តសញ្ញាណប័ណ្ណពលរដ្ឋ ដូចជា៖ ធានារ៉ាប់រងសុខាភិបាល ប័ណ្ណបើកបរយានយន្ត លិខិតបើកបរយានយន្ត លេខកូដសម្គាល់វិញ្ញាបនបត្រ ឬអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈ ព័ត៌មានចាក់វ៉ាក់សាំង សុខាភិបាល អប់រំ ប័ណ្ណកម្មាភិបាល បុគ្គលិក អ្នករដ្ឋការ។
៥. ក្រសួងនគរបាលបើកប្រព័ន្ធទូរស័ព្ទឆ្លើយបំភ្លឺអំពីអត្តសញ្ញាណប័ណ្ណពលរដ្ឋ
មជ្ឈមណ្ឌលទិន្នន័យជាតិអំពីប្រជាពលរដ្ឋ ចំណុះនាយកដ្ឋានប៉ូលិសគ្រប់គ្រងរដ្ឋបាល ខាងសន្តិសុខសង្គម (ក្រសួងនគរបាល) បានបើកដំណើរការលេខទូរស័ព្ទជំនួយដល់ការដោះស្រាយបញ្ហាជំពាក់ជំពិនរបស់ពលរដ្ឋ ដោយបណ្ដាញសង្គម ដូចជា៖ Zalo OA, Fanpage Facebook, Email ជាដើម។
ប្រព័ន្ធភ្ជាប់ទូរស័ព្ទមានលេខទូរស័ព្ទផ្លូវការ គឺ ១៩០០.០៣៦៨ ដំណើរការចាប់ពីម៉ោង ៧ កន្លះដល់ម៉ោង ១៧ កន្លះ រៀងរាល់ថ្ងៃ (ចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ)៕
យោងតាមកាសែតព័ត៌មាន- ប្រែសម្រួល៖ ពេជ្រសឿន