កសិករដាំដំណាំនៅខេត្តសុកត្រាំងសប្បាយរីរាយព្រោះបន្លែលក់បានតម្លៃខ្ពស់។
បងស្រីឡឹមធីវី (ប្រពន្ធបងតូឌី) ប្រមូលផលខ្ទឹមស្លឹក។
ទើបប្រមូលផលខ្ទឹមស្លឹក ១,៥ កុង បងតូឌី នៅភូមិរ៉ាច់សេន ឃុំថាញ់ភូ ស្រុកម៉ីស្វៀង ខេត្តសុកត្រាំង សប្បាយរីករាយ ព្រោះលក់បានតម្លៃខ្ពស់។ បងតូឌី ឱ្យដឹង៖ “ឆ្នាំណាក៏ខ្ញុំដាំខ្ទឹមស្លឹកដែរ ប៉ុន្តែឆ្នាំនេះខ្ទឹមស្លឹកលក់បានតម្លៃខ្ពស់ជាងរាល់ឆ្នាំ។ មធ្យមខ្ទឹមស្លឹក ១ បាច់ (៣ គីឡូក្រាម) ខ្ញុំលក់តម្លៃពី ៩០.០០០ - ១០០.០០០ ដុង។ ក្រោយពីទូទាត់ប្រាក់ចំណាយរួចស្រេច នៅចំណេញជាង ៥០ លានដុង។ បច្ចុប្បន្ន ខ្ទឹមស្លឹកនៅកន្លះកុងទៀត ខ្ញុំបង្កាត់ពូជដើម្បីលក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាម”។
មិនត្រឹមតែខ្ទឹមស្លឹកប៉ុណ្ណោះទេ បន្លែភាគច្រើនក្នុងរដូវនេះតែងលក់បានតម្លៃខ្ពស់។ បងកុងថាញ់ នៅភូមិរ៉ាច់សេន ឱ្យដឹង៖ “ខ្ញុំមានដី ៥ កុងដាំដំណាំផ្សេងៗគ្នា ដូចជា៖ ខ្ទឹមស្លឹក គូឆាយ អំបឹះ ម្រះ ខ្ញុំទើបតែប្រមូលផល អំបឹះបាន ១ កុង លក់តម្លៃ ៤០.០០០ ដុង/គីឡូក្រាម។ នេះជាឆ្នាំដំបូងដែលខ្ញុំឃើញអំបឹះលក់បានតម្លៃខ្ពស់ដូច្នេះ។ រដូវនេះ ប្រមូលផលខ្ទឹមស្លឹក ១ កុង ខ្ទឹមបារាំង ១ កុងរួចរាល់ ខ្ញុំរកបានប្រាក់ចំណេញជាង ៥០ លានដុង”។
មាមីងខ្មែរនៅភូមិរ៉ាច់សេន ឃុំថាញ់ភូ ប្រមូលផលអំបឹះ។
អាស្រ័យដាំដំណាំ បងហូវ៉ាន់ទៀង នៅភូមិរ៉ាច់សេន សង់បានផ្ទះឥដ្ឋយ៉ាងសមរម្យ។ បងទៀង ឱ្យដឹង៖ “ដាំដំណាំហត់នឿយជាងធ្វើស្រែមែន ប៉ុន្តែដល់ដំណាំត្រូវ ហើយលក់បានតម្លៃខ្ពស់គឺប្រាក់ចំណេញក៏ខ្ពស់ដែរ ដូច្នេះ យើងក៏ភ្លេចការនឿយហត់។ រដូវកន្លងហើយ ប្ដីប្រពន្ធខ្ញុំសម្រេចចិត្តដាំត្របវែងចំនួន ៥ កុង ព្រោះត្របវែងងាយដាំ និងងាយថែទាំ ហើយរយៈពេលប្រមូលផលបានយូរ។ ការលំបាកបំផុតនៃការដាំត្របវែងគឺច្រើនមានដង្កូវចោះផ្លែ ដូច្នេះពិបាកបាញ់ថ្នាំកម្ចាត់ដង្កូវ។ ការប្រមូលផលមានរយៈពេលជិត ២ ខែ លក់ក្នុងតម្លៃ ៥.០០០ - ៧.០០០ ដុង/គីឡូក្រាម ។ បន្ទាប់ពីទូទាត់ប្រាក់ចំណាយរួចស្រេច ខ្ញុំចំណេញប្រមាណ១៥០លានដុង។ បច្ចុប្បន្ន ខ្ញុំចុះពូជផ្កាខាត់ណាដើម្បីលក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាម”។
លោកឡេហ្វាងតឺយ លេខាសាខាភូមិរ៉ាច់សេន ឱ្យដឹង៖ “ភូមិនេះមានគ្រួសារប្រជាជនជាង ៩០០ គ្រួសារ ក្នុងនោះគ្រួសារដាំដំណាំជាង ៧០០ គ្រួសារ ដាំលើផ្ទៃដីជិត ៤០ ហិកតា។ បច្ចុប្បន្ន ប្រព័ន្ធធារាសាស្ត្រត្រូវបានស្ដារជារឿយៗ ដូច្នេះទើបមានទឹកសាបសម្រាប់មាមីងដាំដំណាំបានខួបប្រាំងវស្សា។ ក្រៅពីនេះ ផ្លូវគមនាគមន៍ជនបទសម្រេចរួចរាល់ងាយស្រួលសម្រាប់មាមីងក្នុងការដឹកជញ្ជូនទំនិញ។ ជាពិសេស មាមីងចេះអនុវត្តវិទ្យាសាស្ត្របច្ចេកទេស ដាំដាំណាំច្រើនប្រភេទសមស្របតាមរដូវកាល ដូច្នេះទិន្នផលនិងតម្លៃលំនឹង។ ផ្ដើមពីការដាំដំណាំ បានជួយមាមីងខ្មែរជាច្រើនក្នុងភូមិឈានឡើង។ ភូមិរ៉ាច់សេន មានគ្រួសារក្រីក្រនៅតែ ១៥ គ្រួសារប៉ុណ្ណោះ៕
យ៉ីអាញ់-ទីទុយ