06/12/2021 - 08:24

បន្លំ​ប្តូរ​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​ក្លែង​ក្លាយ​យក​ប័ណ្ណ​ពិត​ ដើម្បី​បោក​ប្រាស់​ជួញ​ដូរ​ដី​

មុខ​សញ្ញា​លឺវ​ហ្វាង​ហាយ​។​ រូប​ថត​៖CTV

ការិ​យា​ល័យ​នគរ​បាល​ព្រហ្ម​ទណ្ឌ​ នគរ​បាល​ក្រុង​កឹង​ធើ ទើប​សហ​ការ​ជា​មួយ​នឹង​នាយក​ដ្ឋាន​នគរ​បាល​ព្រហ្ម​ទណ្ឌ​ ក្រសួង​នគរ​បាល​ ប្រ​យុទ្ធ​ បង្ក្រាប​ករណី​ពិសេស​ ពីបទ​បោក​ប្រាស់​កិប​កេង​ទ្រព្យ​សម្បត្តិ​ ដែល​កើត​មាន​លើ​ភូមិ​សាស្រ្ត​ក្រុង​កឹង​ធើនិង​ខេត្ត​នានា​តំ​បន់​តីណាម​បូ​។​

យោង​តាម​នោះ​ កង​កម្លាំង​បាន​ចាប់​ ឃាត់​ខ្លួន​មុខ​សញ្ញា​ ៥ នាក់​។​  ដែល​ជា​ក្រុម​ឧក្រិដ្ឋ​ជន​មាន​អង្គ​ការ​សកម្ម​ភាព​ចល័ត​ពីក្រុង​ហូជី​មិញ​មក​ដល់​ខេត្ត​នានា​តំ​បន់​តីណាម​បូ​ អា​ស្រ័យ​លឺវ​ហ្វាង​ហាយ​ (កើត​ឆ្នាំ​ ១៩៧២ នៅ​ខណ្ឌ​ ៦ ក្រុង​ហូជី​មិញ​) ជា​មេឃ្លោង​។​

ក្នុង​ឆ្នាំ​ ២០២០ លើ​ភូមិ​សាស្រ្ត​ក្រុង​កឹង​ធើ និង​ខេត្ត​នានា​តំ​បន់​តីណាម​បូ​ មាន​មុខ​សញ្ញា​មួយ​ក្រុម​ដើរ​ស្វែង​រក​លេខ​ទូរ​ស័ព្ទ​អ្នក​ត្រូវ​ការ​លក់​ដី​ លក់​ផ្ទះ​ (តាម​រយៈ​អន្តរ​ការី​ ឬ​ការ​ប្រ​កាស​លក់​លើ​ប្រ​ព័ន្ធ​អីុន​ធឺ​ណេត និង​លេខ​ទូរ​ស័ព្ទ​ដែល​បោះ​ដោត​លើ​ដី​។​ល។​) ដើម្បី​សុំ​យក​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​ទៅ​ថត​ចម្លង​។​ បន្ទាប់​មក​មុខ​សញ្ញា​ ក៏​យក​ទៅ​ធ្វើ​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​ក្លែង​ក្លាយ​។​ ល្បិច​កល​របស់​ពួក​វាគឺ​ប្រើ​ឈ្មោះ​ក្លែង​ក្លាយ​ ប្រើ​ប្រាស់​លេខ​ទូរ​ស័ព្ទ​មិន​ចុះ​ឈ្មោះ​ទាក់​ទង​ម្ចាស់​ដី​ ដើម្បី​ទៅ​មើល​ទីតាំង​ក្បាល​ដី​ ផ្ទះ​និង​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​ច្បាប់​ដើម​រួច​បោះ​ប្រាក់​កក់​។​ ឆ្លៀត​ពេល​ម្ចាស់​ដី​ធ្វេស​ប្រ​ហែស​ ពួក​វាប​ន្លំ​ប្តូរ​យក​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​ពិត​ ហើយ​ជួល​មនុស្ស​បន្លំ​ ធ្វើ​ជាម្ចាស់​ដី​ (ធ្វើ​ក្លែង​ក្លាយ​ក្រដាស​ស្នាម​ អត្ត​សញ្ញាណ​ប័ណ្ណ​ បញ្ជី​គ្រួ​សារ​និង​លិខិត​ចុះ​ឈ្មោះ​អា​ពាហ៍​ពិពាហ៍​របស់​ម្ចាស់​ដី​) ដើម្បី​ផ្ទេរ​សិទ្ធិ​លក់​ឱ្យ​អ្នក​ផ្សេង​ដោយ​តម្លៃ​ថោក​ជាង​ទីផ្សារ។​ បន្ទាប់​ពីអនុវត្ត​ការ​ដោះ​ដូរ​សម្រេច​ ពួក​វាក៏​បិទ​ទូរ​ស័ព្ទ​។​

ព្រោះ​ជា​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​ពិត​ ទើប​ការិ​យាល័យ​សារ​ការី​ ការិ​យាល័យ​ធន​ធាន​និង​បរិស្ថាន​មិន​អាច​ដឹង​ទង្វើ​បោក​ប្រាស់​។​ ពេល​ម្ចាស់​ដី​ ពិត​ប្រា​កដ​ដឹង​ គឺ​កិច្ច​សន្យា​លក់​ បញ្ចាំ​ ដាក់​ បញ្ចាំ​តម្កល់​ទ្រព្យ​ធានា​ បាន​ឆ្លង​កាត់​មនុស្ស​ជា​ច្រើន​។​ ចំ​ពោះ​ស្ថាន​ភាព​នេះ​ នៅ​ខែមេសា​ ឆ្នាំ​ ២០២១ នាយក​នគរ​បាល​ក្រុង​កឹង​ធើ បាន​ចង្អុល​ការ​ដល់​ការិ​យាល័យ​នគរ​បាល​ព្រហ្ម​ទណ្ឌ​ បង្កើត​ករណី​ពិសេស​ដែល​មាន​លេខ​សម្ងាត់ ៤២១/L ដើម្បី​ប្រ​មូល​ផ្តុំ​កង​កម្លាំង​បោស​សម្អាត​។​

បន្ទាប់​ពីសួរ​ចម្លើ​យ​ មុខ​សញ្ញា​បាន​សារ​ភាព​ដោយ​សារ​ធ្លាប់​ធ្វើ​អន្តរ​ការី​អចនា​ទ្រព្យ​នៅ​ក្រុង​ហូជីមិញ​ ទើប​ស្គាល់​គ្នា​នៅ​តាម​ហាង​កាហ្វេ​ ហើយ​ពិភាក្សា​ ព្រម​ព្រៀង​គ្នា​ប្រ​ព្រឹត្ត​បទ​ល្មើស​ដូច​ពោល​ខាង​លើ​។​  ជា​មួយ​ល្បិច​កល​បោក​ប្រាស់​នេះ​ ក្រុម​របស់​ហាយ​បាន​ប្រ​ព្រឹត្ត​បទ​ល្មើស​ ៤ករណី​ ដោយ​បន្លំ​ប្តូរ​យក​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លីចំ​នួន​ ៦ ប័ណ្ណ​នៅ​ខណ្ឌ​និញ​កេវ​និង​កៃ​រុាំង ក្រុង​កឹង​ធើ។​ ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​ទាំង​ ៦ នេះ​ គិត​ជា​ទឹក​ប្រាក់​ប្រ​មាណ​ ៨០ ពាន់​លាន​ដុង​។​ ក្រុម​នេះ​ អនុ​វត្ត​ការ​ដោះ​ដូរ​បាន​ ៤ ប័ណ្ណ​ កិប​កេង​ទ្រព្យ​សម្បត្តិ​ជាង​ ១៥ ពាន់​លាន​ដុង​។​ ក្រៅ​ពីនោះ​ មុខ​សញ្ញា​ទាំង​នេះ​នៅ​ទាំង​សារ​ភាព​ថា​ បាន​ធ្វើ​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​ក្លែង​ក្លាយ​នៅ​ខេត្ត​ឡុង​អាន បេនត្រែ ដុង​ថាប និង​សុក​ត្រាំង​ ក្នុង​គោល​បំ​ណង​បោក​ប្រាស់​កិប​កេង​ទ្រព្យ​សម្បត្តិ​។​

 រឿង​ក្តី​កំ​ពុង​បាន​ការិ​យាល័យ​នគរ​បាល​ព្រហ្ម​ទណ្ឌ​ នគរ​បាល​ក្រុង​កឹង​ធើ បន្ត​ការ​កសាង​សំ​ណុំ​រឿង​ និង​ស្វែង​រកភស្តុ​តាង​ដើម្បី​តាម​ចាប់​ខ្លួន​មុខ​សញ្ញា​ដែល​ពាក់​ព័ន្ធ​។​ ជន​រង​គ្រោះ​របស់​មុខ​សញ្ញា​ទាំង​នេះ​ សូម​ទាក់​ទង​ការិ​យាល័យ​នគរ​បាល​ព្រហ្ម​ទណ្ឌ​ក្រុង​កឹង​ធើ ជួប​អ្នក​សើុប​អង្កេត​ ង្វៀង​ង៉ុក​ត្រេវ តាម​រយៈ​លេខ​ទូរ​ស័ព្ទ​ ០៩៣៧៦២៧៩៩៧៕​

                                   ឡាងហឿង-មុនី

ចែករំលែកអត្ថបទ