កម្មាភិបាលពេទ្យសុកត្រាំងអស់ពីចិត្តនៅទីតាំងជួរមុខប្រឆាំងជំងឺ COVID-១៩ ក្នុងគោលបំណងថែទាំសុខភាពជូនប្រជាជនឱ្យកាន់តែល្អប្រសើរ។
បងស្រីគឹមធីង៉ុកហៀង ចាក់វ៉ាក់សាំងជូនប្រជាជន។
បងស្រីគឹមធីង៉ុកហៀង កម្មាភិបាលពេទ្យនៃមជ្ឈមណ្ឌលសុខាភិបាលក្រុងសុកត្រាំង បានចូលរួមការងារចាក់វ៉ាក់សាំងជាច្រើនខែមកហើយ។ ចំណែកប្តីគាត់វិញ ចូលរួមយកសំណាកធ្វើតេស្តនៅទីតាំងត្រួតពិនិត្យ បង្ការប្រឆាំងជំងឺ COVID-១៩ សព្វថ្ងៃត្រូវបានបញ្ជូនមកមន្ទីរពេទ្យព្យាបាល COVID-១៩ របស់ខេត្ត។ ប្តីប្រពន្ធគាត់តែងនៅទីតាំងជួរមុខប្រឆាំងជំងឺ ម្ល៉ោះហើយត្រូវផ្ញើកូនឱ្យបងស្រីជួយមើលថែ បងស្រីង៉ុកហៀង ឱ្យដឹង៖ “ភារកិច្ចរបស់គ្រូពេទ្យនោះគឺ ថែទាំសុខភាពជូនប្រជាជន ម្ល៉ោះហើយខណៈពេលជំងឺផ្ទុះរាលដាល ប្តីប្រពន្ធខ្ញុំនាំគ្នាចុះឈ្មោះចូលរួមបង្ការប្រឆាំងជំងឺរាតត្បាត។ គ្រួសារជួបគ្នាតែតាមទូរស័ព្ទរួច បានណាត់គ្នាថា “ពេលណាអស់ជំងឺ ទើបគ្រួសារនឹងជុំគ្នាវិញ”។
បងលីហ្វាងខាញ់ ជាឧបដ្ឋាកនៃមន្ទីរពេទ្យឯកទេស ២៧/២ ក្រោយពីបញ្ចប់កិច្ចប្រចាំការនៅទីតាំងត្រួតពិនិត្យជំងឺ COVID-១៩ បងបន្តបម្រើការងារព្យាបាលនៅមន្ទីរពេទ្យបណ្ដោះអាសន្នរបស់ខេត្ត។ បងខាញ់ ឱ្យដឹង៖ “តាំងពីជំងឺ COVID-១៩ ផ្ទុះរាលដាលមកទល់ពេលនេះ ខ្ញុំមិនដែលបានជួបប្រពន្ធកូនទេ។ កូនទាំងពីររបស់ខ្ញុំផ្ញើនឹងជីតានៅស្រុក ចំណែកប្រពន្ធធ្វើការក្នុងក្រុមហ៊ុនច្នៃជលផល អនុវត្ត ៣ នៅនឹងកន្លែង ម្ល៉ោះហើយជួបគ្នាតែតាមរយៈទូរស័ព្ទប៉ុណ្ណោះ។ ខ្ញុំសង្ឃឹមថា មាមីងនឹងអនុវត្តល្អនូវវិធានការ បង្ការប្រឆាំងជំងឺ COVID-១៩ ចេញទៅក្រៅលុះត្រាតែមានកិច្ចការចាំបាច់ដើម្បីកាត់បន្ថយការឆ្លងរាលដាលជំងឺ ពេលណាខេត្តទប់ស្កាត់បានជំងឺ ទើបយើងខ្ញុំបានវិលត្រឡប់ទៅផ្ទះវិញ”។ បងខាញ់កំពុងចូលរួមព្យាបាលឱ្យអ្នកជំងឺស្រាល គ្មានរោគសញ្ញា។ បងខាញ់ ឱ្យដឹង៖ “អ្នកឆ្លងជំងឺ COVID-១៩ ភាគច្រើនតែងមានការភ័យខ្លាច ពីព្រោះគ្មានញាតិមិត្តនៅក្បែរ។ គ្រូពេទ្យនៅទីនេះតែងលើកទឹកចិត្តឱ្យពួកគាត់ហូបចុកត្រូវតាមកាលលេបថ្នាំនិងដេកសម្រាកតាមការណែនាំរបស់វេជ្ជបណ្ឌិត។ យើងខ្ញុំថែទាំពួកគាត់ដូចជាសាច់ញាតិក្នុងគ្រួសារអ៊ីចឹងដែរ ពេលឃើញមានអ្នកជាសះស្បើយបានត្រឡប់ទៅផ្ទះ គឺយើងខ្ញុំកាន់តែមានភាពរីករាយ និងមានកម្លាំងចលករបម្រើការបានល្អជាងទៀត”។
បច្ចុប្បន្ន ខេត្តសុកត្រាំងមាន ២៨ មូលដ្ឋានទទួលស្នាក់នៅព្យាបាលដល់អ្នកជំងឺF0 ដោយមានគ្រែសរុបចំនួន ២.៣៤៧ និងបង្កើតបន្ថែមមន្ទីរពេទ្យបណ្ដោះអាសន្នចំនួន ៣ ដោយមានគ្រែសរុបចំនួន ១.០០០ បង្កើនគ្រែអ្នកជំងឺ COVID -១៩ សរុបទូទាំងខេត្តឡើងទៅដល់ចំនួន ៣.៣៤៧ គ្រែ។ ពិសេសករណីឆ្លងជំងឺកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ម្ល៉ោះហើយ ខេត្តបានកៀរគរប្រភពធនធានសុខាភិបាលរបស់ខេត្ត និងអង្គភាពជាច្រើននៅខេត្ត ក្រុងតំបន់ភាគខាងត្បូងជំនួយប្រភពធនធានមនុស្ស ផ្នែកសុខាភិបាល ដើម្បីជួយខេត្តឆាប់ទប់ស្កាត់បានជំងឺឆ្លងរាលដាល និងថែទាំសុខភាពជូនប្រជាជនកាន់តែបានល្អប្រសើរ៕
លីធាន-លីសៀ