ក្រសួងសុខាភិបាល ទើបចេញសេចក្ដីណែនាំបណ្ដោះអាសន្នពីការប្រើប្រាស់ឱសថបុរាណសម្រាប់បង្ការ ប្រឆាំងជំងឺ COVID-១៩ អនុវត្តនៅគ្រប់មូលដ្ឋានពិនិត្យ ព្យាបាលជំងឺ និងវិធីប្រើប្រាស់ប្រភេទថ្នាំ ប្រេងដែលមានប្រសិទ្ធភាពសាយភាយក្លិនក្រអូបបន្ទប់ស្នាក់នៅ កន្លែងធ្វើការ។
រូបជាឧទាហរណ៍។
វិធីទី១៖ អ្នកជំងឺអាចប្រើប្រាស់ឈើក្រអូប ស្លឹកគ្រៃ ក្រូចឆ្មារ ជីរអង្កាម ជីរនាងវង ខ្ញី ខ្ទឹមស ស្លឹកក្រូចថ្លុង ជីរ perilla ពណ៌បៃតង និងពណ៌ស្វាយ ស្លឹកស្មាច់។ល។ (អាចប្រើតែ ១ មុខឬផ្សំច្រើនមុខ ក្នុងមួយមុខចាប់ពី ២០០ ក្រាមដល់ ៤០០ ក្រាម ទៅតាមទំហំបន្ទប់)។ ដាក់ឱសថបុរាណក្នុងឆ្នាំង ចាក់ទឹកឱ្យលិចបិទគម្រប ដុតភ្លើងឱ្យពុះតិចៗ រួចបើកគម្របដើម្បីចំហាយទឹកដែលមានសារធាតុប្រេងសាយភាយក្នុងបន្ទប់ បន្តដុតភ្លើងឱ្យពុះតិចៗរវាង ៣០ នាទីទៀត បិទទ្វារបន្ទប់ប្រហែល ២០ នាទី។ ក្នុងមួយថ្ងៃធ្វើ ២ លើក គឺព្រឹកនិងល្ងាច។
វិធីទី ២៖ ប្រើប្រេងឈើក្រអូប ស្លឹកគ្រៃ ក្រូចឆ្មារ ជីរអង្កាម ជីរម្រះព្រៅ ក្រូចថ្លុង ទេព្វិរូជាដើម ដែលស្ថាប័នរដ្ឋអំណាចផ្ដល់អាជ្ញាប័ណ្ណឱ្យប្រើប្រាស់ជាទូទៅ។ យោងតាមទំហំបន្ទប់ (ពី ១០ ម២ដល់ ៤០ ម២) លោកអ្នកគប្បីយកបរិមាណប្រេងឱ្យសមស្រប (ពី ២ ដល់ ៤ មីលីលីត្រ) លាយសារធាតុប្រេងចូលក្នុង ethanol ៧៥% ក្រឡុកឱ្យស្មើ រួចដាក់ចូលកំប៉ុងបាញ់ឱ្យសព្វក្នុងបន្ទប់ រួចបិទទ្វារបន្ទប់ប្រហែល ២០ នាទី ក្នុងមួយថ្ងៃបាញ់ពី ២-៣ ដង។
ក្រសួងសុខាភិបាលបានក្រើនរំលឹកថា មិនត្រូវឆ្ពុងឱ្យជ្រាបចូលខ្លួនប្រាណ; មិនត្រូវឆ្ពុងសារធាតុប្រេងក្នុងបន្ទប់គេងដែលមានកុមារអាយុក្រោម ៣០ ខែ កុមារមានប្រវត្តិកន្រ្តាក់ដោយសារគ្រុនខ្លាំង ស្កន់គ្រប ឬអ្នកប្រតិកម្មនឹងសារធាតុប្រេង។
អំពីថ្នាំ ក្រសួងសុខាភិបាលណែនាំរូបមន្តថ្នាំ ង៉ុកប៊ិញផុងតាង (ngọc bình phong tán) យិនស៊ិនបាយដុកតាង (nhân sâm bại độc tán) សឹមតូអឹម (sâm tô ẩm) ដាកង្វៀងអឹម (đạt nguyên ẩm) ជំនួយការព្យាបាលដល់់អ្នកជំងឺ COVID-១៩ ដែលគ្មានរោគសញ្ញា។
រូបមន្តថ្នាំទាំង ៤ មុខខាងលើ ត្រូវបានក្រសួងសុខាភិបាលផ្ដល់អនុសាសន៍ វេជ្ជបណ្ឌិត ដកស្រង់កត់វេជ្ជបញ្ជានិងបង្កើនបន្ថយបរិមាណ ឱ្យសមស្របនឹងការធ្វើរោគវិនិច្ឆ័យ មិនប្រើប្រាស់សម្រាប់កុមារ។ ចំពោះស្រ្តីមានផ្ទៃពោះ ក្នុងដំណើរការព្យាបាលគប្បីយកចិត្តទុកដាក់ដល់ការផ្លាស់ប្ដូរសរីរសាស្រ្តខណៈពេលមានគភ៌។
រូបមន្តមុខថ្នាំង៉ុកប៊ិញផុងតាង សមាសភាគ រួមមាន ហ្វាងគី (hoàng kỳ) បាច់ទ្រឹក (bạch truật) ក្នុងមួយមុខៗប្រើចាប់ពី ១៦ ដល់ ៣២ ក្រាម គួបផ្សំជាមួយនឹងផុងផុង (phòng phong) ចាប់ពី ៨ ដល់ ១៦ ក្រាម។
រូបមន្តមុខថ្នាំយិនស៊ិនបាយដុកតាង សមាសភាគរួមមាន សៃហូ (sài hồ) បាច់លិញ (bạch linh) យិនស៊ិន (nhân sâm) តៀងហូ (tiền hồ) កាកកាញ (cát cánh) ស្វៀងឃុង (xuyên khung) ជីសាក (chỉ xác) ខឿងហ្វាក (khương hoạt) ដុកហ្វាក (độc hoạt) ឈើអែម ក្នុងមួយមុខប្រើ ១២ ក្រាម។
រូបមន្តមុខថ្នាំសឹមតូអឹម សមាសភាគរួមមាន យិនស៊ិន តូយ៉ីប (tô diệp) កាកកាំង (cát căn) បាច់លិញ ក្នុងមួយមុខប្រើ ១២ ក្រាម គួបផ្សំជាមួយនឹងតៀងហូ (tiền hồ) ត្រឹងប៊ី (trần bì) ឈើអែម កាកកាញ ជីសាក រាល់ប្រភេទ ៨ ក្រាម; ម៉ុកហឿង (mộc hương) ៦ ក្រាម បាងហាចេ (bán hạ chế) ៦ក្រាម។ ប្រសិនបើគ្មាន យិនស៊ិនទេ អាចប្រើដាងសឹម (đảng sâm) ជំនួស។
រូបមន្តមុខថ្នាំដាកង្វៀងអឹម សមាសភាគ រួមមាន ប៊ិញឡាំង (binh lang) ១៦ ក្រាម ថាវក្វា (thảo quả) ៤ ក្រាម ឈើអែម ៤ ក្រាម ហូវផាក (hậu phác) ទ្រីម៉ូវ (tri mẫu) សឹតថឿង (xích thượng) ហ្វាងកឹម (hoàng cầm) ក្នុងមួយមុខៗ ៨ ក្រាម។
លើកលែងតែរូបមន្តមុខថ្នាំដាកង្វៀងអឹម ដែលមិនបានច្នៃជាម្សៅស្ងួតមុខថ្នាំឯទៀត ក្រៅពីនោះត្រូវបានច្នៃជាម្សៅស្ងួត ថ្នាំទឹកខាប់ ឬថ្នាំរំងាស់។
លក្ខណៈថ្នាំរំងាស់ អាចដាំយកទឹក ៣០០ មីលីលីត្រ ចែកផឹក ២ លើកក្រោយពេលបាយព្រឹកនិងល្ងាច។
ចំពោះថ្នាំម្សៅ ផឹកម្ដង ៨ ក្រាម ឆុងជាមួយទឹកក្ដៅ ១៥០ មីលីលីត្រ ដូចជាឆុងតែផឹក នៅពេលក្ដៅឧណ្ហៗមួយថ្ងៃ ២ ដង ព្រឹកនិងល្ងាច។ ដោយឡែកចំពោះមុខថ្នាំយិនស៊ិន បាយដុកតាង បន្ទាប់ពីឆុងត្រូវដាក់ខ្ញីស្រស់ពីរបីចំណិតនិងស្លឹកជីរអង្កាមស្រស់ពីរបីស្លឹក។ ឯថ្នាំទឹកខាប់ប្រើប្រហាក់ប្រហែលដូចថ្នាំរំងាស់ដែរ។
យោងតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱសថទាំងនេះត្រូវបានកត់វេជ្ជបញ្ជា ប្រើប្រាស់ក្នុង ៣ ថ្ងៃ។ ប្រសិនបើមិនឃើញរោគសញ្ញា គឺបន្តប្រើប្រាស់រហូតដល់ធ្វើតេស្ដ RT-PCR អវិជ្ជមាន។ ករណីកើតមានបន្ថែម រោគសញ្ញាគឺត្រូវកត់វេជ្ជបញ្ជាដោយមានការបន្ថែមបន្ថយរូបមន្តថ្នាំ លៃលកឱ្យសមស្រប៕
យោង TTXVN/Vietnam+ ប្រែសម្រួល៖ ថាច់ធី