វិនិយោគធនធានមនុស្សនិងសម្ភារៈសម្រាប់ផ្នែកសុខាភិបាលនិយាយរួម និងសុខាភិបាលមូលដ្ឋាននិយាយដោយឡែក គឺជាគោលនយោបាយមួយក្នុងចំណោមគោលនយោបាយដែលខេត្តហូវយ៉ាងផ្តុំកម្លាំងអនុវត្ត។
ដំណាក់សុខាភិបាលនៅខេត្តហូវយ៉ាង ត្រូវបានវិនិយោគកសាងយ៉ាងសមរម្យ
(រូបថតកាលជំងឺ COVID-១៩ មិនទាន់ផ្ទុះរាលដាល)។
ដោយកំណត់ច្បាស់នូវតួនាទីដ៏សំខាន់របស់ប្រព័ន្ធសុខាភិបាលមូលដ្ឋាន ក្នុងការថែទាំនិងព្យាបាលជំងឺជូនប្រជាជន ហេតុនោះ ខេត្តហូវយ៉ាងបានវិនិយោគបង្កើនកម្រិតហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលមូលដ្ឋាន។ មកទល់ពេលនេះ ដំណាក់សុខាភិបាលស្ទើរតែទាំងអស់លើភូមិសាស្ត្រខេត្ត សម្រេចបទដ្ឋានជាតិ ហើយមានវេជ្ជបណ្ឌិតទទួលបន្ទុក។ ពិសេសខេត្តក៏បានវិនិយោគទឹកប្រាក់រាប់រយពាន់លានដុង ដើម្បីវិនិយោគសម្ភារៈសុខាភិបាលឯកទេសខ្ពស់ ដូច៖ ម៉ាស៊ីនឆ្លុះអេកូ និងម៉ាស៊ីនស្ទង់បេះដូង។ល។ សម្រាប់សុខាភិបាលមូលដ្ឋាន។ តាមការវាយតម្លៃរួម ដំណាក់សុខាភិបាលលើភូមិសាស្ត្រខេត្ត បានសម្រេចភារកិច្ចថែទាំសុខភាពបឋមជូនប្រជាជន។ ថ្វីត្បិតដូច្នោះក្តី ខណៈជំងឺ COVID-១៩ ប្រែប្រួលយ៉ាងស្មុគស្មាញ ឃើញថាប្រព័ន្ធសុខាភិបាលមូលដ្ឋានរងសម្ពាធយ៉ាងធ្ងន់ធ្ងរ។ តាមប្រសាសន៍ វេជ្ជបណ្ឌិតង្វៀងកឹមទូ ប្រធានដំណាក់សុខាភិបាលឃុំវីតឹង ក្រុងវីថាញ ដំណាក់មានកម្មាភិបាលនិងបុគ្គលិក ៦ នាក់ ប៉ុន្តែមានវេជ្ជបណ្ឌិតតែម្នាក់គត់ ម្ល៉ោះហើយជួបការលំបាក ព្រោះពិនិត្យជំងឺផង ជួយយកសំណាក ជួយចាក់វ៉ាក់សាំង និងធ្វើការផ្សព្វផ្សាយផង។ល។
តាមការផ្ដល់ព័ត៌មានពីលោក ឌោផាកហ៊ឹង នាយករងមន្ទីរសុខាភិបាលខេត្តហូវយ៉ាង ឱ្យដឹង៖ ចំពោះមុខស្ថានភាពខាងលើ ភូមិភាគបានជំរុញមាំការអនុវត្តគម្រោងវិនិយោគកសាង និងអភិវឌ្ឍប្រព័ន្ធផ្គត់ផ្គង់សេវាសុខាភិបាលមូលដ្ឋាន - គម្រោងសមាសភាពខេត្តហូវយ៉ាង (PPMU)។ PPMU មានថវិកាអនុវត្តសរុបជាង ៩១ ពាន់លានដុង ក្នុងរយៈពេល ៥ ឆ្នាំ ( ២០២០ -២០២៥ រួមមានសមាសភាពចំនួន ៣ គឺ៖ វិនិយោគមូលដ្ឋានសម្ភារៈប្រព័ន្ធសុខាភិបាលមូលដ្ឋាន; លើកកម្ពស់សមត្ថភាពរបស់ដំណាក់សុខាភិបាលក្នុងការគ្រប់គ្រងរាល់បញ្ហាសុខភាពចម្បង និងបង្កើនគោលនយោបាយ ពិសោធន៍ផ្លាស់ថ្មីក្នុងការផ្គត់ផ្គង់សេវា បង្កើនការត្រួតពិនិត្យនិងវាយតម្លៃ។ គម្រោងនេះ ក្រោយពីសម្រេចជាស្ថាពរអាចនឹងបង្កើនគុណភាពបម្រើដល់ប្រព័ន្ធសុខាភិបាលមូលដ្ឋាន; រួមចំណែកធានាសុខភាពជូនប្រជាជនតំបន់ក្រលំបាក និងតំបន់ជនជាតិភាគតិច។ល។ ទន្ទឹមនឹងនោះ ខេត្តហូវយ៉ាងក៏ទើបអនុវត្តសម្រេចការពិនិត្យជ្រើសរើសភាគកម្រិតបណ្តុះបណ្តាលចំនួន ៤២ តាមតម្រូវការរបស់សង្គម រួមមានប្រព័ន្ធរៀបរយនិងប្រព័ន្ធសិក្សាបន្តផ្នែកវិជ្ជាពេទ្យនៅមហាវិទ្យាល័យឱសថកឹងធើ និងសាកលវិទ្យាល័យត្រាវិញ។ ក្នុងនោះ មាន ២៦ ភាគកម្រិតប្រព័ន្ធរៀបរយខាងមុខវិជ្ជាដូច៖ ពហុវេជ្ជសាស្ត្រ វេជ្ជសាស្ត្របង្ការ វេជ្ជសាស្ត្របុរាណ និងវេជ្ជសាស្ត្របម្រើជំនាញកម្រ។ល។ សំដៅផ្គត់ផ្គង់ធនធានមនុស្សសម្រាប់សុខាភិបាលមូលដ្ឋាន ដើម្បីការងារថែទាំសុខភាពបឋមជូនប្រជាជនកាន់តែល្អជាងពីមួយថ្ងៃទៅមួយថ្ងៃ៕
ហាថាញ-លីសៀ