ឆ្លៀតឱកាសស្ថានភាពជំងឺ COVID-១៩ មានមុខសញ្ញាជាច្រើនដែលប្រើប្រាស់អីុនធឺណិត បណ្តាញសង្គម បានបង្ហោះចែករំលែកនូវអត្ថបទ ឬវីដេអូឃ្លីប អមដោយការបញ្ចេញយោបល់ មិនសមហេតុផល ប្រាស់ចាកការពិត ពុំនោះសោតនៅទាំងញុះញង់ បង្កឱ្យបែកបាក់សាមគ្គីក្នុងប្រជាជន។ ដូច្នេះ ពេលប្រើប្រាស់បណ្តាញសង្គម ប្រជាជនគប្បីបង្កើនការប្រុងប្រយ័ត្ន។
ព័ត៌មានក្លែងក្លាយអំពីគោលការណ៍បង្ការប្រឆាំងជំងឺរបស់ក្រុងកឹងធើបានសុសសាយលើបណ្តាញសង្គមក្នុងរយៈពេលកន្លង។
ជិត ៣ ខែមកនេះ កងកម្លាំងសន្តិសុខបណ្តាញនិងបង្ការប្រឆាំងបទល្មើសប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ នគរបាលក្រុងកឹងធើ បានរកឃើញនិងវិនិច្ឆ័យជាង ១៦០ ករណី ឆ្លៀតយកបណ្តាញសង្គម បង្ហោះចែករំលែកព័ត៌មាន ប្រាស់ចាកការពិត បំផ្លើស មួលបង្កាច់ ប៉ះពាល់ដល់កិត្តិយសរបស់ស្ថាប័ន អង្គការ ទាក់ទិននឹងស្ថានភាព ការប្រែប្រួលនៃជំងឺរាតត្បាត ក៏ដូចជាការបង្ការប្រឆាំងជំងឺរបស់ក្រុង។ មុខសញ្ញាទាំងនេះ បានប្រើពាក្យប្រតិដ្ឋ បន្តុះបង្អាប់ មួលបង្កាច់ រុកគួនជាលក្ខណៈបំពុលព័ត៌មាន បំប្លែងប្រភពព័ត៌មានជាផ្លូវការអំពីជំងឺរាតត្បាតរហូតដល់ប្រតិដ្ឋព័ត៌មានមិនពិតទាំងស្រុង ឬក៏ដកស្រង់ព័ត៌មានអវិជ្ជមានពីគេហទំព័រនៃពួកប្រតិកិរិយានានានៅក្រៅប្រទេស ពិសេសគឺលើប្រព័ន្ធយូធូប។ លទ្ធផលបង្កឱ្យច្របូកច្របល់ព័ត៌មាន ធ្វើឱ្យប្រជាជន ជ្រួលច្របល់ យល់ច្រឡំរវាងព័ត៌មានពិត និងព័ត៌មានមិនពិត អាចបង្កឱ្យមានអសន្តិសុខក្នុងសហគមន៍។
ក្នុងពេលធ្វើការជាមួយស្ថាប័នមានសមត្ថកិច្ច មុខសញ្ញាទាំងនោះតែងដោះសារថា ការបង្ហោះចែករំលែកព័ត៌មានវីដេអូឃ្លីប មានខ្លឹមសារមិនពិតលើបណ្តាញសង្គម ដើម្បីទាក់ទាញអ្នកមើល ទាក់ទាញអ្នកចូលចិត្ត បង្កើនអន្តរកម្មសម្រាប់គណនីលក់ដូរតាមអីុនធឺណិត។ ឬក៏ខឹងដោយត្រូវក្រើនរំលឹក ពិន័យបទល្មើសរដ្ឋបាល ទើបបោះសម្តី ជេរប្រមាថស្ថាប័នមានសមត្ថកិច្ច។ ករណីមួយចំនួនទៀតដោយចំណេះដឹងពីគោលនយោបាយមានកម្រិត ស្មានថាបណ្តាញសង្គមជាកន្លែងអាចបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនដោយសេរី នាំឱ្យមានការប្រើពាក្យ បញ្ចេញយោបល់អវិជ្ជមាន ហើយជាអចេតនាបំពានបទប្បញ្ញាតិច្បាប់។
ស្ថាប័នសមត្ថកិច្ចកោះហៅអ្នកបំពានមកពិន័យតាមច្បាប់។
យោងតាមអនុក្រឹត្យលេខ ១៥/២០២០/NĐ -CP ចុះថ្ងៃទី ០៣/០២/២០២០ របស់រដ្ឋាភិបាល បានកំណត់ករណីណាមានទង្វើឆ្លៀតយកបណ្តាញសង្គម ដើម្បី “បង្ហោះចែករំលែកព័ត៌មានមិនពិត បំផ្លើស មួលបង្កាច់ ប៉ះពាល់ដល់កិត្តិយសរបស់ស្ថាប័ន អង្គការមហាជន កិត្ដិយស ចរិយាសម្បត្តិរបស់បុគ្គល” នឹងត្រូវពិន័យជាទឹកប្រាក់ពី ១០-២០ លានដុង។ ដោយឡែកទង្វើឆ្លៀតយកបណ្តាញសង្គមដើម្បីបំផុសពាក្យចចាមអារា៉មមិនពិត បំពានដល់សិទ្ធិនិងផលប្រយោជន៍របស់អង្គការ បុគ្គល បង្កឱ្យមានការភាន់ច្រឡំនៅកម្រិតធ្ងន់ធ្ងរ អាចត្រូវវិនិច្ឆ័យ តាមក្រមព្រហ្មទណ្ឌផងដែរ៕
ឡឹមអាញ-លេងមី