ខេត្តសុកត្រាំង បានអនុវត្តល្អនូវគោលនយោបាយឧបត្ថម្ភដល់កូនចៅជនរួមជាតិខ្មែរក្រីក្រ តំបន់លំបាកខ្លាំង ដើម្បីប្អូនៗបានទៅកាន់សាលា។
សិស្សានុសិស្សខ្មែរនៅតំបន់លំបាកខ្លាំងទៅកាន់សាលា។
យោងតាមគណៈជនជាតិខេត្តសុកត្រាំង ឱ្យដឹង៖ អនុវត្តអនុក្រឹត្យលេខ ៨៦/២០១៥/NĐ-CP ចុះថ្ងៃ ០២/១០/២០១៥ របស់រដ្ឋាភិបាលកំណត់ពីយន្តការប្រមូល គ្រប់គ្រងកម្រៃសិក្សាចំពោះមូលដ្ឋានអប់រំជាតិនិងគោលនយោបាយកាត់បន្ថយការបង់ថ្លៃសិក្សា ជំនួយថវិការៀនសូត្រ ខេត្តបានផ្ដល់សច្ចាប័ន ថវិកាជាង ៥,២ ពាន់លានដុងសម្រាប់ជំនួយកាត់បន្ថយថ្លៃសិក្សា ថវិការៀនសូត្រដល់សិស្សជនជាតិភាគតិចនៅតំបន់លំបាកខ្លាំង។ យោងតាមនោះ ខេត្តបានឧបត្ថម្ភប្រាក់សិក្សាដល់សិស្ស ១.៤៣៣ នាក់ និងលើកលែងការបង់ថ្លៃសិក្សាដល់សិស្ស ៧.២៥៨ នាក់។ អនុវត្តគោលនយោបាយឧបត្ថម្ភអង្ករដល់សិស្សសាលានៅតំបន់មានលក្ខណសេដ្ឋកិច្ច-សង្គមលំបាកខ្លាំង ខេត្តផ្ដល់ជូនអង្ករ ១.៣៦០.៩០៥ គីឡូក្រាម ដល់ប្អូនៗសិស្សានុសិស្ស ២១.៩៨៩ នាក់ ជំនួយប្រាក់អាហារដល់សិស្ស ២.៥៥៨ នាក់ ថ្លៃកន្លែងស្នាក់នៅដល់សិស្ស ៤១៤ នាក់ សរុបថវិកា ៧,២ ពាន់លានដុង។ ក្រៅពីនោះ ខេត្តសុកត្រាំងនៅទាំងឱ្យបុលប្រាក់ជិត ៨,៨ ពាន់លានដុង ចំពោះសិស្សនិស្សិតដែលមានស្ថានភាពលំបាកចំនួន ១៨៧ លើកនាក់ សម្រាប់ផ្គត់ផ្គង់ការសិក្សា។
រាល់គោលនយោបាយត្រូវបានខេត្តសុកត្រាំងផ្សព្វផ្សាយគ្រប់សព្វ និងទាន់ពេល ជួយកូនចៅជនរួមជាតិខ្មែរមូលអារម្មណ៍ក្នុងការរៀនសូត្រ រួមចំណែកកាត់បន្ថយអត្រាសិស្សបោះបង់ការសិក្សា។ អ្នកមីងថាច់ធីលៀង នៅឃុំថាញ់ភូ ឱ្យដឹង៖ “ខ្ញុំមានចៅ ២ នាក់ ម៉ែឪទៅធ្វើការឈ្នួល ផ្ញើកូនឱ្យខ្ញុំចិញ្ចឹម។ ប៉ុន្មានឆ្នាំមកនេះ អាស្រ័យរដ្ឋមានគោលនយោបាយ កាត់បន្ថយបង់ថ្លៃសិក្សា ផ្ដល់ជូនអង្ករ ឧបត្ថម្ភប្រាក់រៀងរាល់ខែ ម្ល៉ោះហើយទើបខ្ញុំលំនឹងចិត្តឱ្យចៅៗទៅរៀន។ ខ្ញុំត្រេកអរខ្លាំងណាស់ ខណៈពេលបានរដ្ឋយកចិត្តទុកដាក់គិតគូរខាងសម្ភារៈ ស្មារតីគ្រប់សព្វជូនដល់ជនរួមជាតិខ្មែរ។ ខ្ញុំនឹងខិតខំគិតគូរឱ្យចៅ ២ នាក់រៀនសូត្រត្រឹមត្រូវ”។ គ្រូឡឹមខែន នាយកសាលាបឋមសិក្សាថាញ់ភូ ៣ ឱ្យដឹង៖ “រៀងរាល់ឆ្នាំ សាលាមានសិស្សជិត ៣០% បានទទួលផលពីគោលនយោបាយឧបត្ថម្ភរបស់រដ្ឋ។ អាស្រ័យហេតុនោះ មានអាណាព្យាបាលសិស្សក្រីក្រជាច្រើននឹងនរចិត្តឱ្យកូនទៅកាន់សាលា អត្រាកៀរគរសិស្សចូលរៀនតែងសម្រេចលើសភាគកម្រិត និងសិស្សបោះបង់ការរៀនសូត្រពាក់កណ្ដាលការសឹងតែគ្មាន”។
តាមប្រសាសន៍លោកថាច់ថាញតុង អនុប្រធានគណៈជនជាតិខេត្តសុកត្រាំង៖ ជាច្រើនឆ្នាំមកនេះ គោលនយោបាយឧបត្ថម្ភសិស្សខ្មែរតំបន់លំបាកខ្លាំង តែងបានភូមិភាគផ្សព្វផ្សាយអនុវត្តយ៉ាងល្អ។ នោះគឺជាកម្លាំងចលករក្ដីជំនឿ ដើម្បីជំរុញកម្លាំងប្អូនៗជនរួមជាតិខ្មែរទៅកាន់សាលា រួមចំណែកលើកកម្ពស់ប្រជាបញ្ញាតំបន់ជនរួមជាតិភាគតិច៕
យ្វីអាញ - ថាច់ធី