16/08/2021 - 08:00

“សន្សំ​លុយ​រាយ​ ចែក​រំលែក​លំ​បាក​”

ខ្ញុំ​ភ្ញាក់​ព្រើត​តែ​ម្ដង​ ពេល​ឃើញ​ហិប​រៃ​អង្គាស​ប្រាក់​ដាក់​នៅ​ផ្ទះ​មេបញ្ជា​ការ​នៃ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ តាម​យ៉ាង​តី (កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​កាម៉ាវ)។​ ហិប​រៃអង្គាស​ប្រាក់​ដាក់​នៅ​កន្លែង​ស្រឡះ​ងាយ​ឃើញ​បំ​ផុត​ ដោយ​លាយ​លក្ខណ៍​អក្សរ​ថា​ “សន្សំ​លុយ​រាយ​ ចែក​រំលែក​លំ​បាក​”…។​

វរសេនីយ៍​ត្រី​ ង្វៀង​ឌិញ​ថាំង (ខាង​ស្តាំ​) រួម​នឹង​កម្មា​ភិបាល​របស់​អង្គ​ភាព​រាប់​ប្រាក់​ក្នុង​ហិប​រៃ​អង្គាស​ ដើម្បី​យក​ទៅ​ជួយ​គ្រួ​សារ​បង​កៀ។​

ធ្វើ​ដំ​ណើរ​តាម​ដងផ្លូវ​បេតុង​ក្បែរ​មាត់​ប្រ​ឡាយ​ ឆ្លង​ស្ពាន​បេតុង​ពីរ​បី យើង​ខ្ញុំ​ចូល​ភូមិ​ចើទូវ B ឃុំ​តាម​យ៉ាង​តី សំ​ចត​នៅ​មុខ​ផ្ទះ​ទើប​សង់​ថ្មី​។​ នោះ​គឺ​ផ្ទះ​អ្នក​មីង​តូ​ធីបែ។​

ស្ថាន​ភាព​គ្រួ​សារ​អ្នក​មីង​បែ ជួប​ការ​លំ​បាក​ច្រើន​ ពីព្រោះ​ប្តី​ប្រ​ពន្ធ​គាត់​សុទ្ធ​សឹង​មាន​វ័យ​ចាស់​ គ្មាន​កម្លាំង​ពលកម្ម​ ថែម​ទាំង​ចិញ្ចឹម​ចៅ​ ២ ​នាក់​ទៀត​ ម្នាក់​អា​យុ ​១៦ ​ឆ្នាំ​ ម្នាក់​អា​យុ​ ១៤​ ឆ្នាំ​។​ អ្នក​មីង​បែ រៀប​រាប់​៖ “កូន​ស្រី​ខ្ញុំ​ស្លាប់​កាល​ពី ៤ ឆ្នាំ​មុន​ ចំ​ណែក​ប្តី​វាទៅ​ចោល​ ១២ ឆ្នាំ​មុន​…”។​ ពីមុន​ ប្តី​ប្រ​ពន្ធ​អ្នក​មីង​រស់​នៅ​ផ្ទះ​ស្លឹក​ទ្រុឌទ្រោម​ ភ្លៀង​ស្រក់​ទឹក​លិច​ធារ​ផ្ទះ​។​ល។​ បាន​គណៈ​កម្ម​ការ​សប្បុរ​ស​ធម៌​សង្គម​នៃ​សមា​គម​ពុទ្ធ​សាសនា​ខេត្ត​កាម៉ាវ ឧបត្ថម្ភ​ថវិកា​សង់​ផ្ទះ​។​ មិន​ត្រឹម​តែ​ជួយ​គ្រួ​សារ​អ្នក​មីង​លើក​ដី​ទប់​ធារ​សង់​ផ្ទះ​ប៉ុណ្ណោះ​ទេ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ថែម​ទាំង​ឆ្លៀត​ពេល​ទៅ​សួរ​សុខ​ទុក្ខ​ លើក​ទឹក​ចិត្ត​ និង​ជួយ​ឧប​ត្ថម្ភ​ជារឿយ​ៗ​។​ អ្នក​មីង​បែ ឱ្យ​ដឹង​៖ “អា​ស្រ័យ​បាន​ពូៗ​យុទ្ធ​ជន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ជួយ​ឧបត្ថម្ភ​ ទើប​ការ​រស់​នៅ​របស់​គ្រួ​សារ​ខ្ញុំ​បាន​ប្រ​សើរ​ជាង​មុន​ច្រើន​។​ ចំ​នួន​ប្រាក់​ដែល​ពូៗ​ជូន​ប្តី​ប្រ​ពន្ធ​ខ្ញុំ​ទិញ​កូន​ទា​កា​ប៉ា​ចិញ្ចឹម​។​ ក្នុង​មួយ​ខែខ្ញុំ​លក់ ២ ​លើក​ បន្ទាប់​ពីទូទាត់​នៅ​ចំ​ណេញ​ជិត​មួយ​លាន​ដុង​”។​

បង​ស្រី​ណឿង (ប្រ​ពន្ធ​បង​កៀ) រីក​រាយ​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​តាម​យ៉ាង​តី។​

ម្ដង​នោះ​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​តាម​យ៉ាង​តី ជិះ​ទូក​ឆ្លង​ព្រែក​តាម​យ៉ាង​ ទៅ​ផ្ទះ​បង​ត្រឹង​វ៉ាន់​កៀ នៅ​ភូមិ​ម៉ាយ​វិញ​ ឃុំ​តាម​យ៉ាង​ដុង​ ឃើញ​គ្រួ​សារ​គាត់​គ្មាន​ដី​ផលិត​កម្ម​ គ្មាន​មធ្យោ​បាយ​នេសាទ​ ប្តី​ប្រ​ពន្ធ​បង​កៀ ទៅ​ធ្វើ​ការ​ឈ្នួល​ចិញ្ចឹម​ជីវិត​ទាំង​ប្រាំង​វស្សា​។​ ប្តី​ប្រ​ពន្ធ​បង​កៀ មាន​កូន​ប្រុស​ ២ នាក់​ ម្នាក់​រៀន​ថ្នាក់​ទី ១២ ម្នាក់​ រៀន​ថ្នាក់​ទី ៥ ។​ បង​កៀ រៀប​រាប់​៖ “អ្នក​ណា​ជួល​ធ្វើ​អ្វី​ក៏​ខ្ញុំ​ធ្វើ​ហ្នឹង​ តាំង​ពី​លើក​ដី​ទប់ទំ​នប់​ កាប់​ឈើ​ លុប​ទីធ្លា កម្ម​ករ​សំ​ណង់​។​ ប្តី​ប្រ​ពន្ធ​ខ្ញុំ​ខិត​ខំ​ធ្វើ​ការ​ដើម្បី​ចិញ្ចឹម​កូន​”។​ ការ​អញ្ជើញ​មក​សួរ​សុខ​ទុក្ខ​លើក​នេះ​ វរសនីយ៍ត្រី​ ង្វៀង​ឌិញ​ថាំង ស្នង​ការ​នយោ​បាយ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​តាម​យ៉ាង​ បាន​ជូន​ប្រាក់​ដល់​ប្តី​ប្រ​ពន្ធ​បង​កៀ។​ បង​កៀ ឱ្យ​ដឹង​៖ “ចំ​ពោះ​មុខ​ ប្តី​ប្រ​ពន្ធ​ខ្ញុំ​នឹង​ប្រើ​ប្រាស់​ប្រាក់​នេះ​ទិញ​កូន​មាន់​ កូន​ទា​ប​ន្ថែម​មក​ចិញ្ចឹម​”។​

 ពេល​វិល​មក​កាន់​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ វរសេនីយ៍​ត្រី​ ង្វៀង​ឌិញ​ថាំង ទើប​រៀប​រាប់​ពី​ប្រ​ភព​ហិប​រៃអង្គាស​ប្រាក់​ “សន្សំ​លុយ​រាយ​ ចែក​រំលែក​លំ​បាក​” របស់​អង្គ​ភាព​។​ វរសេនីយ៍​ត្រី​ ង្វៀង​ឌិញ​ថាំង ចែក​រំលែក​៖ “ពេល​ចុះ​ទៅ​ភូមិ​សាស្រ្ត​ម្តង​ៗ​ យើង​ខ្ញុំ​បាន​ប្រ​ទះ​ឃើញ​ស្ថាន​ភាព​គ្រួ​សារ​លំ​បាក​។​ ប្រ​ការ​នោះ​បាន​ធ្វើ​ឱ្យ​យើង​ខ្ញុំ​មាន​ការ​ខ្វល់​ខ្វាយ​។​ បង​ប្អូន​ក្នុង​អង្គ​ភាព​បាន​ពិភាក្សា​និង​សម្រេច​ចិត្ត​ធ្វើ​ហិប​ប្រាក់​នេះ​ឡើង​ ហើយ​ចាក់​សោរ​មក​។​ បង​ប្អូន​មាន​លុយ​រាយ​ដាក់​ចូល​ហិប​នោះ​។​ ពីរ​បី​ខែ យើង​ខ្ញុំ​បើក​រាប់​ម្តង​ រួច​យក​ប្រាក់​នោះ​ទៅ​ជួយ​គ្រួ​សារ​លំ​បាក​ មាន​ឆន្ទៈ​ឈាន​ឡើង​”។​

ទម្រង់​ “សន្សំ​លុយ​រាយ​ ចែក​រំលែក​លំ​បាក​” អា​ស្រ័យ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​តាម​យ៉ាង​តី ផ្សព្វ​ផ្សាយ​បាន​ជាង ១ ឆ្នាំ​។​ នោះ​ក៏​ជា​វិធី​ដែល​យុទ្ធ​ជន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​តាម​យ៉ាង​តី ថ្លែង​អំ​ណរ​គុណ​ចំ​ពោះ​ប្រ​ជា​ជន​ដែល​បាន​រួម​ដំណើរ​ប្រ​កៀក​ស្មា ការ​ពារ​អធិប​តេយ្យ​សន្តិ​សុខ​ព្រំ​ដែន​មាតុ​ភូមិ​៕​

                                          អាញ​វី-មុនី​

ចែករំលែកអត្ថបទ