បងស្រី ហ្វិញធីគឹមលៀង នៅមណ្ឌលប៊ិញឡើយ សង្កាត់ទ្រឿងឡាក ខណ្ឌអូរម៉ូង ក្រុងកឹងធើ ត្រូវបានបងប្អូនក្នុងសាខាសមាគមនារីក្នុងមណ្ឌល ហៅដោយភាពស្និទ្ធស្នាលថា បងស្រីហាយលៀង។
បងស្រីហាយលៀង។
ទើបតែល្ហែពីភ្ញៀវពេលព្រឹកភ្លាម បងស្រីលៀងក៏ហៅបងស្រីសៅ ដែលនៅលក់តៀមតែម្នាក់ឯង ដើម្បីចុះទៅផ្ទះបងស្រីផា ពិភាក្សាការងារ។ ឮបងស្រីហាយលៀង និយាយដូច្នេះ បងស្រីសៅក៏តបទៅវិញថា៖ "ហាយហូបសិនសឹមទៅ"។ ពីព្រោះបងស្រី សៅគាត់ដឹងថា បងស្រីហាយ គាត់គិតគូរដល់អ្នករាល់គ្នា រហូតដល់ភ្លេចហូបចុក។ ឃើញនាងខ្ញុំនៅស្ងៀម ស្រាប់តែបងស្រីលីធីទូត្រិញ ប្រធានសមាគមនារីសង្កាត់ទ្រឿងឡាក រៀបរាប់៖ "អ្នកមីងលៀងជាប្រធានក្រុមបុលទុន និងប្រធានក្នុងក្រុមធ្វើនំប្រពៃណី និងជាអ្នកមានប្រជាប្រិយផង។ ក្រោយពីលក់ចាប់ហួយ និងអាហារពេលព្រឹក គឺអ្នកមីងទៅបំពេញការងារសង្គមជារហូត។ ដោយសារអ្នកមីងលៀងអស់ពីចិត្ត បានជាទម្រង់ឧបត្ថម្ភរបររកស៊ីដល់នារីខ្មែរដូច៖ លក់ដូរជាលក្ខណៈគ្រួសារតម្បាញ ឬធ្វើនំប្រពៃណី។ល។ នៅក្នុងមណ្ឌលតែងពង្រីកបានប្រសិទ្ធភាព"។
បងស្រីលៀង ឱ្យដឹង៖ "ខ្ញុំធ្វើការងារសង្គមរាប់ឆ្នាំមកហើយ ម្ល៉ោះហើយខ្ញុំដឹងពីជីវភាព លក្ខណៈគ្រួសារនីមួយៗក្នុងតំបន់។ អាស្រ័យហេតុនោះ នៅពេលរដ្ឋមានគោលនយោបាយឧបត្ថម្ភ គឺខ្ញុំរួមជាមួយកម្មាភិបាលពិគ្រោះដើម្បីបងប្អូនប្រើប្រាស់ដើមទុនប្រកបដោយប្រសិទ្ធភាព។ ដោយឃើញខ្ញុំមានវ័យចំណាស់ ប្អូនៗខ្ញុំហៅឱ្យឈប់ធ្វើ។ សម្រាប់ខ្ញុំ បានជួយដល់អ្នករាល់គ្នាគឺជាក្តីរីករាយជាងអ្វីទាំងអស់ ខ្ញុំយល់ឃើញថា យើងធ្វើកិច្ចការនេះគឺជាការសងគុណដល់រដ្ឋ ព្រោះកាលពីមុនអាស្រ័យដើមទុនឧបត្ថម្ភនេះដែរ ទើបគ្រួសារខ្ញុំបានចាកភាពក្រីក្រ"។ បងស្រីលៀង ឱ្យដឹងបន្ថែម៖ គ្រួសារគាត់គ្មានដីស្រែ សុំសង់ផ្ទះនៅបណ្តោះអាសន្ន ក្បែរលូតាកែវ។ ម្យ៉ាងទៀត ឪពុកម្តាយស្លាប់ចោល ម្ល៉ោះហើយបងប្អូនគាត់រស់នៅដោយប្រកបរបរស៊ីឈ្មួល ។ នៅពេលរដ្ឋបានឱ្យបុលទុន បងស្រីក៏បើកតៀមលក់ចាប់ហួយ សន្សែសន្សំបន្តិចម្តងៗ។ មកទល់ពេលនេះ បងស្រីទិញបានដីស្រែជាង ១០ កុង។ តាំងពីកន្លែងរស់នៅដំបូង បងស្រីបានរើមកនៅផ្ទាល់មុខផ្ទះចាស់ នៅក្បែរលូតាកែវដែលគាត់បានទិញដី រួចសង់ផ្ទះនិងបើកតៀមលក់ចាប់ហួយយ៉ាងធំដុំទៀតផង។ ក្រៅពីលក់ចាប់ហួយ គាត់និងបងស្រីសៅ នៅទាំងលក់ភេសជ្ជៈនិងអាហារពេលព្រឹកបន្ថែមទៀតផង។
បងស្រី ង្វៀងធីថា លេខាសាខាបក្សមណ្ឌលប៊ិញឡើយ ឱ្យដឹង៖ "បងស្រីហាយលៀង បានមាមីងក្នុងភូមិទំនុកចិត្ត មិនត្រឹមតែគំរូឆ្លងកាត់ការលំបាកចាកភាពក្រីក្រប៉ុណ្ណោះទេ បងស្រីហាយថែមទាំងមានទឹកចិត្តចំពោះមាមីងក្រីក្រទៀតផង។ ជាពិសេស តៀមបងស្រី តែងលក់ "ជឿ" អាហារពេលព្រឹកឱ្យសិស្សានុសិស្សក្នុងមណ្ឌល។ មាមីងក្នុងភូមិស្រុកមានការលំបាក គឺបងស្រីលៀងមានមុខដើម្បីជួយជានិច្ច"៕
ហាថាញ-លីសៀ