ឆ្នាំសិក្សា ២០២១-២០២២ ក្រសួងអប់រំនិងបណ្ដុះបណ្ដាល ផ្សព្វផ្សាយអនុវត្តកម្មវិធីអប់រំចំណេះទូទៅថ្មី កម្រិតអនុវិទ្យាល័យ ចាប់ផ្តើមពីថ្នាក់ទី ៦។ តាមល្បឿនដំណើរការដល់ឆ្នាំសិក្សា ២០២៤- ២០២៥ នឹងអនុវត្តកម្មវិធីថ្មីដល់ថ្នាក់ទី ៩។
អនុវិទ្យាល័យតឹងមី ជាសាលាសម្រេចបទដ្ឋានជាតិ ម្ល៉ោះហើយមានភាពងាយស្រួលខាងមូលដ្ឋានសម្ភារៈ និងកងជួរគ្រូបង្រៀន ពេលអនុវត្តកម្មវិធីអប់រំចំណេះទូទៅថ្មី។
កម្មវិធីអប់រំចំណេះទូទៅថ្មីនៅកម្រិតអនុវិទ្យាល័យ រួមមាន ១២ វិញ្ញាសាចំពោះដំណើរការអប់រំចាប់បង្ខំ គឺ៖ អក្សរសាស្រ្ត គណិតវិទ្យា ភាសាបរទេស ១ សីលធម៌ពលរដ្ឋ ប្រវត្តិវិទ្យា ភូមិវិទ្យា វិទ្យាសាស្រ្តធម្មជាតិ បច្ចេកវិទ្យា ព័ត៌មានវិទ្យា អប់រំកាយសម្បទា សិល្បៈ (តន្ត្រី វិចិត្រសិល្បៈ) សកម្មភាពឆ្លងកាត់ពិសោធន៍ តម្រង់ទិសវិជ្ជាជីវៈ ខ្លឹមសារអប់រំរបស់ភូមិភាគ និងវិញ្ញាសាចំនួន ២ដែលជ្រើសដោយខ្លួនឯង គឺភាសាជនជាតិភាគតិច និងភាសាបរទេស ២។ ក្នុងកម្មវិធីថ្មី មានវិញ្ញាសាវិទ្យាសាស្រ្តធម្មជាតិ គឺជាវិញ្ញាសាថ្មី។ តាមប្រសាសន៍លោកគ្រូហ្វិញវ៉ាន់ហ្វាច់ ប្រធានការិយាល័យអប់រំនិងបណ្ដុះបណ្តាលស្រុកកើ-ដ ក្រុងកឹងធើ វិញ្ញាសាថ្មីនេះ គឺជាវិញ្ញាសាសមាយោគ រួមមាន ៣ វិញ្ញាសា៖ រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា សមស្របនឹងការផ្លាស់ថ្មីក្នុងវិញ្ញាសាប្រឡងវិទ្យាល័យដែលក្រសួងអប់រំនិងបណ្ដុះបណ្ដាលអនុវត្ត ប៉ុន្មានឆ្នាំជិតៗនេះ។
ទន្ទឹមនឹងនោះ ក៏មានការផ្លាស់ប្តូរស្រដៀងគ្នាដែរ ខណៈពេលក្រសួងអប់រំនិងបណ្ដុះបណ្តាលសមាយោគ ២ វិញ្ញាសា គឺប្រវត្តិវិទ្យានិងភូមិវិទ្យាទៅជាមួយវិញ្ញាសាថ្មី។ លោកគ្រូ ង្វៀងហ្វាងថាញ គ្រូបង្រៀនវិញ្ញាសាភូមិវិទ្យា នៅអនុវិទ្យាល័យត្រឿងឡុង ស្រុកផុងដៀង ក្រុងកឹងធើ បានឱ្យដឹង វិញ្ញាសានេះមានខ្លឹមសារប្រវត្តិវិទ្យាសមាយោគនឹងខ្លឹមសារភូមិវិទ្យា ហើយខ្លឹមសារភូមិវិទ្យាសមាយោគក្នុងចំណែកសមស្របរបស់ខ្លឹមសារប្រវត្តិវិទ្យា ម្ល៉ោះហើយ វិញ្ញាសានេះកាន់តែមានភាពសម្បូរបែប។ ថ្វីដ្បិតដូច្នោះក្តី ដើម្បីបង្រៀនវិញ្ញាសាថ្មីនេះ ទាមទារគ្រូបង្រៀនត្រូវមានការវិនិយោគបន្ថែមផ្នែកជំនាញ ពីព្រោះបច្ចុប្បន្ន គ្រូបង្រៀនម្នាក់ៗ បានបណ្តុះបណ្ដាលជំនាញតែវិញ្ញាសាមួយក្នុងចំណោមពីរវិញ្ញាសា ទោះបីដូច្នេះក្តី ការបំពាក់បំប៉នកងជួរគ្រូបង្រៀន ដើម្បីបង្រៀនសមាយោគវិញ្ញាសាប្រវត្តិវិទ្យា-ភូមិវិទ្យា គឺមិនលំបាកពេកទេ ពីព្រោះគ្រូបង្រៀនជ្រើសរៀនប្លុក C ទាំងអស់ សុទ្ធសឹងមានចំណេះដឹងជាមូលដ្ឋាន ផ្នែកអក្សរសាស្រ្ត-ប្រវត្តិវិទ្យា-ភូមិវិទ្យា។
តាមប្រសាសន៍លោកង្វៀងង៉ុកខ្វាង ប្រធានការិយាល័យអប់រំនិងបណ្ដុះបណ្តាលស្រុកត្រាអូង ខេត្តវិញឡុង ចំពោះវិញ្ញាសាជ្រើសរើសឯង គឺភាសាជនជាតិភាគតិច ការិយាល័យកំពុងកសាងផែនការបំពាក់បំប៉នកងជួរគ្រូបង្រៀនមានកម្រិតវិជ្ជាផ្នែកភាសាជនជាតិភាគតិច ដើម្បីទទួលបន្ទុកបង្រៀនវិញ្ញាសានេះ។ ដោយឡែកនៅអនុវិទ្យាល័យតឹងមី ឃុំតឹងមី ដោយសារជាច្រើនឆ្នាំមកនេះ សាលាបានចាត់តាំងបង្រៀនភាសាខ្មែរ ម្ល៉ោះហើយមានភាពងាយស្រួលក្នុងការផ្សព្វផ្សាយអនុវត្តវិញ្ញាសាភាសាជនជាតិភាគតិច៕
ហាថាញ-វិមាន